ភ្នំពេញៈ ប្រទេសកម្ពុជាប្រឈមនឹងបញ្ហាជាច្រើនដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផល នៃសង្គ្រាមរ៉ាំរ៉ៃអូសបន្លាយចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៦០ រហូតដល់ចុង ឆ្នាំ ១៩៩៨។ ចូលរួមចំណែកដោះស្រាយបញ្ហានេះ នៅអំឡុងឆ្នាំ ២០០០ កាកបាទក្រហមកម្ពុជាបានចាប់ផ្តើមធ្វើការអប់រំផ្សព្វផ្សាយឱ្យប្រជាជនបានយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន។
តាមរយៈការអប់រំផ្សព្វផ្សាយនោះពលរដ្ឋបានយល់ដឹងច្រើន ប៉ុន្តែនៅតែមានពលរដ្ឋចូលទៅក្នុងព្រៃរកអនុផលព្រៃឈើផ្សេងៗសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃដែលមានអ្នករបួស និងស្លាប់ដោយគ្រាប់មីនបន្តបន្ទាប់។ ដើម្បីដោះស្រាយបញ្ហានេះកាកបាទក្រហមកម្ពុជាបានចាប់ផ្តើមផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់ដល់ពលរដ្ឋអាចយកទៅប្រកបរបរចិញ្ចឹមជីវិត ឈប់ចូលព្រៃប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនបន្តទៀត។
ការផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់នេះបានចាប់ផ្តើមនៅឆ្នាំ២០០៥ ដែលគិតមកដល់ខែតុលា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជាបានផ្តល់កម្ចីជូនពលរដ្ឋចំនួន ៨ ១១៥ គ្រួសារហើយ។ អ្នកដែលបានទទួលកម្ចីគ្មានការប្រាក់ទាំងនោះមានជីវភាពធូរធារជាងមុន ហើយបាននិងកំពុងបន្តការរីកចម្រើនបន្ថែមទៀតពី១ថ្ងៃទៅ១ថ្ងៃ។ នេះបើតាមលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា។
លោកស្រីអគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បានឱ្យដឹងទៀតថា កម្ចីគ្មានការប្រាក់នេះដើមឡើយផ្តល់ជូនតែជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះ ប៉ុន្តែក្រោយមកកាកបាទក្រហមកម្ពុជាបានផ្តល់ជូនបន្ថែមដល់ ជនងាយរងគ្រោះដោយសារមីន គ្រួសារក្រីក្រ ដែលមានស្ត្រីមេម៉ាយ ចាស់ជរា ក្មេងកំព្រា និងគ្រួសារយុទ្ធជន និងអតីតយុទ្ធជនផងដែរ។ ចំណែកចំនួនទឹកប្រាក់សម្រាប់កម្ចីដើមឡើយ ៨០ ម៉ឺនរៀល ប៉ុន្តែបច្ចុប្បន្ននេះគឺផ្តល់ជូនចំនួន ១ លានរៀល ហើយអ្នកខ្ចីត្រូវសងត្រឡប់ទៅវិញក្នុងរយៈពេល ១ ឆ្នាំ និងអាចខ្ចីជាលើកទី២បានផងដែរ។
បើតាម លោកស្រី ម៉ែន នារីសោភ័គ ប្រជាពលរដ្ឋដែលបានស្នើសុំកម្ចីខ្នាតតូចគ្មានការប្រាក់ពីកាកបាទក្រហមកម្ពុជា គឺពួកគាត់បានយកទៅប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ កាត់សក់ ជួសជុល កង់ និង ម៉ូតូជាដើម។លោកស្រីថ្លែងថា៖«យើងបានឃើញជីវភាពគាត់មានការផ្លាស់ប្តូរច្រើន ដោយសារតែគាត់មានលទ្ធភាពរកចំណូលបានជាអចិន្ត្រៃយ៍ហើយ មិនបាច់ធ្វើចំណាកស្រុកទៅទីណាទេ គឺអាចនៅជាមួយក្រុមគ្រួសារ មើលថែទាំគ្រួសាហើយ គាត់អាចធ្វើការអ្វីផ្សេៗទៀតបាន»។
លោកស្រីអគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា ប្រាប់ថា ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់នេះបានក្លាយជាបទពិសោធថ្មីមួយសម្រាប់បណ្តាប្រទេសដែលកំពុងប្រឈមទៅនឹងគ្រោះថ្នាក់ដោយសារមីន ជាង៦០ ប្រទេស បានមកធ្វើសិក្ខាសាលានៅខេត្តសៀមរាបដើម្បីដកពិសោធន៍ពីការជួយទៅដល់អ្នកដែលរងគ្រោះថ្នាក់ដោយសារមីនតាមរយៈការផ្តល់កម្ចីខ្នាតតូចគ្មានការប្រាក់នេះ។
លោកស្រីម៉ែន នារីសោភ័គ បានមានប្រសាសន៍ថា ដើម្បីឱ្យជីវភាពប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមនឹងមីន និងសំណល់អាវុធជាតិផ្ទុះពីសង្គ្រាម មានជីវភាពធូរធារល្អប្រសើរឡើង និងចៀសវាងការអាស្រ័យផល ក្នុងព្រៃ ដែលប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ក្នុងពេលថ្មីៗនេះ តបតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាកបាទក្រហមកម្ពុជា បានចុះអនុស្សរណៈប្រគល់ថវិកា ចំនួន ២លានដុល្លារអាមេរិកជូនដល់អាជ្ញាធរមីនកម្ពុជា ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីនឆ្នាំ២០២៥ តាមរយៈ៖«គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ។
លោក យុង គឹមហ៊ាន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឱ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង ៥០០ គ្រួសារ បានទទួលកម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា។ តាមលទ្ធផលជាក់ស្តែង មានប្រជាពលរដ្ឋ ចន្លោះ ៦៥ ទៅ ៧០ ភាគរយមានជីវភាពល្អប្រសើរឡើងជាបន្តបន្ទាប់។ លោកបញ្ជាក់ថា៖«គ្រួសារមួយចំនួនគាត់បានផ្លាស់ប្តូរជីវភាពរបស់គាត់ ហើយគាត់មានការផ្លាស់ប្តូរមុខរបរ និងបានពង្រីកមុខរបរ របស់គាត់បន្ថែម ចំណែកគ្រួសារប៉ុន្មានភាគរយដែលមិនទាន់មានការផ្លាស់ប្តូរបន្ថែមនោះគឺយើងផ្តល់ជូនគាត់លើកទី២ ដើម្បីគាត់យកទៅបន្ថែមដើម្បីពង្រីកមុខរបរគាត់»។
អ្នកស្រី កា ស្រឿង ប្រជាពលរដ្ឋនៅស្រុករវៀង ខេត្តព្រះវិហារ បានឱ្យដឹងថា ពី១ឆ្នាំទៅ១ឆ្នាំជីវភាពគ្រួសាររបស់គាត់ កាន់តែមានភាពល្អប្រសើរឡើង ផ្លាស់ប្តូរ រីកចម្រើនជាបន្តបន្ទាប់ ដោយសារបានប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ធ្វើជាទុនបង្វិល រហូតអាចទិញរបស់លក់នំបញ្ចុកផាក់ឡូវ និងទិញសត្វចិញ្ចឹមបានកាន់តែច្រើនឡើងៗ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំលក់នំបញ្ចុកផាក់ឡូវតែងតែសល់ ដល់សល់អ៊ីចឹងទៅខ្ញុំអត់មានសត្វចិញ្ចឹម ក៏ចាក់ចោលនាំឱ្យមានក្លិនមិនល្អប៉ះពាល់អ្នកជិតខាង គេខឹង ក្រោយមកខ្ញុំបានដំណឹងពីកម្ចីហ្នឹងក៏ទៅរកខ្ចី ដល់ពេលខ្ចីអ៊ីចឹងទៅគេក៏ឱ្យ អ៊ីចឹងខ្ញុំយកមកទិញសត្វជ្រូកមេ១ ជ្រូកសាច់១ក្បាល ដល់វាធំខ្ញុំលក់ ក្រោយមកខ្ញុំបន្តខ្ចីលើកទី២ទិញទាកាប៉ាថែមទៀត ក៏រីកចម្រើនពីហ្នឹងមកបន្តបន្ទាប់អ៊ីចឹងទៅ»។
ស្រដៀងគ្នានេះ អ្នកស្រីខៀវ ស៊ិន រស់នៅភូមិកំពត ឃុំរហ័ស ស្រុករវៀង បានឱ្យដឹងដែរថា អ្នកស្រីបានខ្ចីប្រាក់ពីកាកបាទក្រហមកម្ពុជាចំនួន២ដង ហើយ ដែលលើកទី១ នៅឆ្នាំ ២០០៨ និងលើកទី ២ នៅឆ្នាំ ២០២២ នេះ។ ការខ្ចីប្រាក់នេះអ្នកស្រីបញ្ជាក់ថា យកមកជាទុនក្នុងការដាំដុះបន្លែ មានដូចជាត្រសក់ សណ្តែកកួរ ត្រប់ ត្រកួន និងម្ទេស។ អ្នកស្រីប្រាប់ថា រយៈពេល ៣-៤ ឆ្នាំមកនេះ ជីវភាពគាត់មានការផ្លាស់ប្តូរច្រើន រហូតមានលទ្ធភាពអាចពង្រីកមុខរបរ មួយបន្ថែមទៀត នៅផ្ទះ គឺលក់បុកល្ហុង និងគ្រឿងក្លែម អាចចិញ្ចឹមសមាជិកគ្រួសារ៧នាក់ក្នុងបន្ទុកបានដោយស្រួល។
អ្នកស្រីថ្លែងថា៖ «នៅពេលបានទុនមកហើយខ្ញុំពង្រីកមុខរបរបន្ថែមទៀត ដោយសារប្រាក់ចំណូលចេះតែចូល កើនម្តងបន្តិចៗទៅ ខ្ញុំពង្រីកបន្ថែមដោយធ្វើក្យូសលក់បុកល្ហុង បុកសាច់គោ កំពឹស ខ្យងស្ងោរ ហើយខ្ញុំបានខ្ចីលើកទី២ទៀត យកមកពង្រីកបន្ថែមឱ្យបានកាន់តែច្រើន»។
លោក មេត មៀន ប្រជាពលរដ្ឋរស់នៅឃុំអូរអំបិល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា លោកបានខ្ចីប្រាក់កាកបាទក្រហហមយកមកធ្វើការដាំដំឡូងលក់បានប្រាក់ធ្វើដើមទុនក្នុងការពង្រីកបន្ថែម តាំងពីដាំដំឡូង រហូតដល់ ចិញ្ចឹមសត្វបែបលក្ខណៈគ្រួសារ មានមាន់ទាជាដើម កើតកើនកាន់តែច្រើន ដែលអាចរកចំណូលសម្រាប់កូនៗ ទៅសិក្សារៀនសូត្រ បានយ៉ាងស្រួល។
លោកបញ្ជាក់ថា ការធ្វើកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ លក្ខណៈគ្រួសារទាមទារការតស៊ូ ព្យាយាម និងយកចិត្តទុកដាក់ ពោលគឺស្រឡាញ់ការងារដែលខ្លួនកំពុងធ្វើនោះទើប អាចជោគជ័យបាន។
លោកថ្លែងថា៖ «ពេលបានលុយមកធ្វើដើមទុន ខ្ញុំបានធូរច្រើន ដូចថា ខ្ញុំបានហូបផង ខ្ញុំបានលក់ផង ហើយបានបន្តធ្វើទៅមុខទៀតចេះតែកើនឡើងបន្តិចម្តងៗ អត់ដូចពីមុនទេ។ ពីមុនខ្ញុំអត់ អត់មែនទែន រកតែកង់១ជិះមិនបានផង តែពេលនេះខ្ញុំមានកង់មានទាំងម៉ូតូ កូនៗខ្ញុំបានទៅរៀន ថ្នាកទី៤ ទី៥ ហើយ»។
លោក ឃិន ញ៉ាណ អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជាពិតជាបានជួយឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរជាងមុនប្រកដមែន ប៉ុន្តែសម្រាប់ការផ្តល់កម្ចីនេះ មិនមែនចេះតែផ្តល់ជូននោះទេ កាកបាទក្រហមកម្ពុជា ក៏ត្រូវការពិនិត្យសិក្សាលទ្ធភាព អ្នកដែលស្នើសុំកម្ចីផងដែរ។
លោកបញ្ជាក់ថា៖ «ការផ្តល់ជូនកម្ចីនេះយើងមើលដែរ បើពលរដ្ឋគាត់អាចរកប្រាក់បានមកវិញ គាត់យកទៅចិញ្ចឹមត្រី ដាំដុះលក់ដូរអី និយាយរួមឱ្យតែមានផលប្រយោជន៍គាត់អាចរកបានដើមមកវិញ ហើយនិងមានលក្ខណៈចំណេញទើបយើងឱ្យគាត់ខ្ចីបាន បើគាត់យកទៅរកស៊ីឡុងចុងអាហ្នឹងដូចធ្វើឱ្យគាត់ខាតអ៊ីចឹង លុយយើងមិនសូវគិតទេ សំខាន់ធានាផលឱ្យគាត់»។
លោកអភិបាលរងខេត្តឧត្តរមានជ័យ បានគូសបញ្ជាក់ថា បើសិក្សាឃើញថា ពលរដ្ឋមិនអាចរកចំណូលបានតាមរយៈមុខរបរដែលគាត់ស្នើសុំនោះទេ កាកបាទក្រហមនឹងមិនផ្តល់ជូនកម្ចីខ្នាតតូចគ្មានការប្រាក់នេះទេ ប៉ុន្តែផ្ទុយទៅវិញអាចជួយជាអំណោយកាកបាទក្រហមកម្ពុជាបាន៕