បាត់ដំបងៈ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ តុលាថា ការងារបង្ក្រាបបទល្មើសនានានៅក្នុងខេត្ត រួមមានការបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ ដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើ គឺមានការថយចុះជាបន្តបន្ទាប់។ ចំពោះបញ្ហាទំនាស់ដីធ្លី ដែលមានលក្ខណៈទ្រង់ទ្រាយធំ ក៏រដ្ឋបាលខេត្តបានខិតខំទប់ស្កាត់មិនឱ្យមានការកើតឡើងថ្មី និងបានខិតខំបន្តដោះស្រាយទំនាស់នានាដែលនៅសេសសល់ជាបន្តទៀត។
ការលើកឡើងរបស់លោកអភិបាលខេត្ដដូច្នេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល រវាងលោក ហ៊ុន សែន ជាមួយ ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ជាង ២ ពាន់នាក់ នៅក្នុងខេត្តបាត់ដំបង។
ក្រៅពីការបង្ក្រាបបទល្មើសនានា លោក សុខ លូ បញ្ជាក់បន្ថែមថា រដ្ឋបាលខេត្តបាត់ដំបង បានខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នារក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ដ្រី បានវាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់នៃខេត្តបាត់ដំបង ដែលបានខិតខំបម្រើការងារអភិវឌ្ឍន៍ខេត្ត និងទាក់ទាញការវិនិយោគថ្មីៗជាបន្តបន្ទាប់។ លោក ហ៊ុន សែន ក៏បានថ្លែងដោយមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវីដ ១៩ របស់ប្រទេសកម្ពុជា តាមរយ:ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញតាមគន្លងប្រក្រតីភាពថ្មី។
ទន្ទឹមគ្នានេះ លោកនាយករដ្ឋមន្ត្រី បានផ្ដាំផ្ញើទៅដល់មន្ត្រីរាជការទាំងអស់អំពីការទទួលខុសត្រូវរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំនេះ ដែលកិច្ចប្រជុំនេះនឹងមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំពិភពលោកសំខាន់ៗផងដែរ។
បន្ថែមពីនេះ លោក ហ៊ុន សែន បានថ្លែងរំឭកដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរកម្ម ប្លន់ ការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ និងការប្រកបរបរការងារផ្សេងៗរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់ការផ្តល់នូវសេវាសាធារណៈ រួមមានសេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានាជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព៕