
លោក ជិន ម៉ាលីន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីឆ្នាំ ២០១៩។ ហេង ជីវ័ន
ភ្នំពេញៈ តំណាងសិទ្ធិមនុស្សកម្ពុជាបានចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទី ៤ ជាមួយអាយឆាឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុបនៅប្រទេសឥណ្ឌូនេស៊ីរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ តុលា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបលើវិស័យសិទ្ធិមនុស្ស។ នេះបើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក)។
កិច្ចប្រជុំនេះ លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានធ្វើជាតំណាងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR) ដោយបានចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទី ៤ ជាមួយអាយឆា-ឥណ្ឌូនេស៊ី និងសហភាពអឺរ៉ុបដែលជាសហប្រធាន។
លោក ជិន ម៉ាលីន បានឱ្យដឹងថា៖ «កិច្ចពិគ្រោះយោបល់នេះធ្វើឡើងរយៈពេល ៣ ថ្ងៃគិតចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ ដោយមានការចូលរួមពីប្រតិភូអាស៊ាន ប្រតិភូសហភាពអឺរ៉ុប សង្គមស៊ីវិល និងស្ថាប័នសិទ្ធិមនុស្សជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបលើវិស័យសិទ្ធិមនុស្សនៅក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី»។
គ.ស.ម.ក បានឱ្យដឹងថា ក្នុងកិច្ចសន្ទនានេះ លោក ជិន ម៉ាលីន បានថ្លែងសុន្ទរកថាបើកធ្វើជាវាគ្មិនដឹកនាំ និងសម្របសម្រួលកិច្ចពិភាក្សាពិគ្រោះយោបល់លើប្រធានបទនានាពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងអឺរ៉ុប រួមទាំងលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុបក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់ទាំង ២ ។
ក្រៅពីនោះ លោក ជិន ម៉ាលីន ក៏មានជំនួបទ្វេភាគីជាមួយលោក Eamon Gilmore តំណាងពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្សផងដែរ ដោយបានពិភាក្សាអំពីទិដ្ឋភាពទូទៅ ស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តច្បាប់នៅកម្ពុជា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងកម្ពុជា និងសហភាពអឺរ៉ុប។ នេះបើតាម គ.ស.ម.ក។
លោក ម៉ាលីន បានបញ្ជាក់ថា៖ «សូមយកខ្លឹមសារនេះជាបឋមសិន សម្រាប់ខ្លឹមសារលម្អិតនៃកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបយើងនឹងប្រកាសនៅពេលបញ្ចប់កិច្ចសន្ទនានេះ»៕