ព្រះវិហារ: អង្គការសន្សំម្លប់ព្រៃ (SMP) បានបើកសិក្ខាសាលាស្តីពីការផ្សព្វផ្សាយបង្ហាញលទ្ធផលគម្រោងសាកល្បងស្រះទឹកសហគមន៍មិត្ដភាពសង្គ្រោះសត្វព្រៃដែនសហគមន៍តំបន់ការពារធម្មជាតិគូលែនព្រហ្មទេព ដែលមានប្រជាកសិកររស់នៅភាគច្រើនប្រកបរបរពឹងអាស្រ័យលើកសិកម្ម និងតែងជួបប្រទះការខ្វះខាតទឹកដែលធ្វើប៉ះពាល់ដល់ផលិតកម្មស្រូវរបស់ពួកគេ។
ដោយមានបញ្ហាកង្វះខាតទឹក ព្រោះតែការប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើនដល់កសិករនិងជីវចម្រុះផ្សេងៗទៀតក្នុងតំបន់។ គម្រោងស្រះទឹកសហគមន៍មិត្តភាពសង្គ្រោះសត្វព្រៃត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ដំណោះស្រាយចំពោះបញ្ហាទាំងនេះ ដែលនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងសត្វព្រមទាំងជាទីតាំងដ៏មានប្រយោជន៍សម្រាប់បម្រើសេវាកម្មផ្នែកប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍ក្នុងតំបន់ផងដែរ។
ការផ្សព្វផ្សាយបង្ហាញលទ្ធផលគម្រោងសាកល្បងស្រះទឹកសហគមន៍មិត្ដភាពសង្គ្រោះសត្វព្រៃនេះត្រូវបានរៀបចំឡើងនៅ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅនេះ ដោយមានការចូលរួមពីអង្គការពាក់ព័ន្ធតំណាងក្រសួងបរិស្ថានក៏ដូចជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។
ជាលទ្ធផលគម្រោងសាកល្បងស្រះទឹកនេះដែលរៀបចំឡើងកាលពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២០ មិនត្រឹមតែជាប្រភពទឹកសម្រាប់ពលរដ្ឋក្នុងសហគមន៍ប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងជួយជីវិតសត្វព្រៃដែលជាការរួមចំណែកដល់កិច្ចការពារអភិរក្សផងដែរ។ក្នុងបរិបទនេះបានបញ្ជាក់ឱ្យឃើញថាមនុស្សនិងសត្វព្រៃគឺរស់នៅជាមួយគ្នា។
ប្រធានមន្ទីរបរិស្ថានខេត្ដព្រះវិហារលោក សុង ច័ន្ទសុជាតិ បានឱ្យដឹងថា មន្ទីរបរិស្ថានទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន ១០ កន្លែង លើផ្ទៃដីសរុបចំនួនជាង ៩៦ ម៉ឺនហិកតា ដោយក្នុងនោះមានតំបន់ការពារធម្មជាតិចំនួន ៩ កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧៧ ម៉ឺនហិកតា និងតំបន់របៀងអភិរក្សជីវចម្រុះ «ឧត្តរ» ចំនួន ១ កន្លែង គ្របដណ្តប់លើផ្ទៃដីទំហំជាង ១៩ ម៉ឺនហិកតា។
លោកបានថ្លែងថា៖ «នៅក្នុងតំបន់ការពារធម្មជាតិទាំង ១០ កន្លែងនេះ ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពមាន ១៤ សហគមន៍ស្ថិតលើផ្ទៃដី ២០ ៣០៤,២២ ហិកតា និងមានសមាជិកសរុប ២ ០៤៣ គ្រួសារ»។
មន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការងារក្នុងភាពជាដៃគូជាមួយអង្គការ SMP ចាប់តាំងពីឆ្នាំ ២០០៩ ក្នុងការចូលរួមបង្កើតគម្រោងនិងការតាមដានលក្ខន្តិកៈគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃ ដើម្បីអនុវត្តសកម្មភាព និងការផ្សារភ្ជាប់ជាមួយការលើកកម្ពស់ជីវភាពសហគមន៍។
ភូមិចំនួន ២ នៅក្នុងតំបន់អភិរក្សត្រូវបានជ្រើសរើសដោយសារតែសារៈសំខាន់នៃជីវចម្រុះ ព្រមទាំងបទពិសោធក្នុងការចូលរួមក្នុងគម្រោងស្រូវអាយបីស និងទេសចរណ៍ធម្មជាតិតាមរយៈក្រុមហ៊ុនទេសចរណ៍ Sam Veasna Conservation Tours Co., Ltd។
គម្រោងសាកល្បងនេះបានជីកស្រះទឹកសរុបចំនួន ៣ គឺស្រះទឹកចំនួន ២ ស្ថិតក្នុងភូមិត្មាតប៉ើយ និងស្រះទឹកចំនួន ១ ទៀតស្ថិតក្នុងភូមិព្រៃវែង។
បញ្ហាប្រឈមកន្លងមករបស់ប្រជាកសិករគឺកង្វះប្រព័ន្ធធារាសាស្ត្រសម្រាប់ផលិតកម្មដែលការធ្វើស្រែត្រូវពឹងអាស្រ័យខ្លាំងលើទឹកភ្លៀង ជាពិសេសគម្រោងស្រូវមិត្តភាពសង្គ្រោះសត្វព្រៃពេលគ្រោះរាំងស្ងួតរយៈពេលខ្លីក្នុងរដូវវស្សា។
បើគ្មានទឹកក្នុងអំឡុងពេលសំខាន់នេះប្រជាកសិករអាចបាត់បង់ផលដំណាំរបស់ខ្លួនដែលមានន័យថាពួកគេមិនអាចរកប្រាក់ចំណូលបានច្រើនពីការដាំដុះនេះទេ។
គម្រោងសាកល្បងស្រះទឹកសហគមន៍សង្គ្រោះសត្វព្រៃ ត្រូវបានលោក ម៉ីន មករា អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថានចាត់ទុកថាបានជួយពង្រឹងសមត្ថភាពការងារកសិកម្មសហគមន៍ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនោះក្នុងគោលបំណងការពារបរិស្ថាន អភិរក្សសត្វព្រៃ ទន្ទឹមនឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ជាមួយច្រវាក់ផលិតកម្មស្រូវសរីរាង្គប្រកបដោយចីរភាព។
លោកបានឱ្យដឹងថា៖ «សិក្ខាសាលានេះនឹងផ្តល់នូវការយល់ដឹងអំពីការអនុវត្តគម្រោង និងសមិទ្ធផលស្រាវជ្រាវអំពីសក្តានុពលនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងលទ្ធផលនៃគម្រោងសាកល្បងស្រះទឹកសហគមន៍មិត្តភាពសង្គ្រោះសត្វព្រៃ និងភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូក្នុងការបន្តចូលរួមអនុវត្តសកម្មភាពការពារអភិរក្សធនធានធម្មជាតិ និងជីវភាពសហគមន៍»។
លោក ច័ន្ទសុជាតិ ក៏បានលើកឡើងដែរថា គម្រោងស្រះទឹកក៏បានជួយគាំទ្រដល់សហគមន៍ក្នុងការផ្តល់បច្ចេកទេសដំណាំស្រូវសរីរាង្គជាមួយនឹងបណ្តាញទីផ្សារសហគមន៍ និងការគ្រប់គ្រងស្រះទឹកសហគមន៍ក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
លោកបន្ថែមថា៖ «គម្រោងនេះក៏បានជួយពង្រឹងសមត្ថភាពការងារកសិកម្មក្នុងកិច្ចខិតខំប្រឹងប្រែងបំណងការពារបរិស្ថានអភិរក្សសត្វព្រៃ ក៏ដូចជាជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍»។
ស្រះទឹកទាំងនេះបានផ្តល់ប្រយោជន៍ដល់ប្រជាកសិករដែលមានដីស្រែជាប់គ្នាដោយការទាញយកមកទឹកប្រើប្រាស់ហើយកសិករដែលស្ថិតក្នុងចង្កោមអ្នកប្រើប្រាស់ស្រះទឹកនេះ នឹងត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានទឹកទៅតាមការយល់ព្រមក្នុងកិច្ចសន្យានៃផែនការអភិរក្ស។
គម្រោងរបស់អង្គការ SMP ដែលមានការសហការគាំទ្រផ្នែកជំនួយបច្ចេកទេសពីអង្គការសង្គមអភិរក្សសត្វព្រៃ (WCS) និងគាំទ្រដោយមូលនិធិអង្គការមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីដែលរងការគំរាមកំហែង
CEPF បានពង្រឹងសិទ្ធិអំណាចសហគមន៍ជាមួយច្រវាក់ផលិតកម្មស្រូវនិងការគ្រប់គ្រងស្រះទឹកសហគមន៍ក្នុងតំបន់ការពារធម្មជាតិដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារដែលជាអធិបតីក្នុងសិក្ខាសាលានេះបានឱ្យដឹងថា៖ «វត្តមានរបស់អង្គការ (SMP) និងអង្គការ (WCS) បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ និងការការពារធនធានធម្មជាតិក៏ដូចជាការអភិរក្សប្រកបដោយចីរភាព ហើយបានរួមចំណែកយ៉ាងខ្លាំងក្លាក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាសហគមន៍»។
អង្គការ SMP Cambodia បានសហការជាមួយក្រុមហ៊ុន IBIS Rice Conservation Co.,Ltd សម្រាប់ការស្វែងរកឱកាសទីផ្សារសម្រាប់ប្រជាកសិករ ហើយគម្រោងស្រះទឹកទាំងនេះ ត្រូវបានឧបត្ថម្ភដោយអង្គការ CEPF ខណៈដំណើរការដាំដុះដំណាំស្រូវត្រូវបានផ្ដល់មូលនិធិដោយ USAID Greening Prey Lang៕