ភ្នំពេញៈ របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា កម្ពុជាបាននាំចូលបន្លែប្រមាណជិត ២ ៥០០ តោន ក្នុង ១ ថ្ងៃ ដោយសារតែផលិតកម្មដំណាំបន្លែក្នុងស្រុកមានបញ្ហាប្រឈមនានា ដែលជាហេតុមិនអាចផ្គត់ផ្គង់តម្រូវការក្នុងប្រទេសបាន។
សមាជិកាខុទ្ទកាល័យរដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកផ្នែកព័ត៌មាន កញ្ញា អុឹម រចនា លើកឡើងថា ការនាំបន្លែពីក្រៅប្រទេស គឺដោយសារប្រទេសកម្ពុជា មានបញ្ហានឹងបច្ចេកទេសដាំដុះ សម្ភារកសិកម្មមានតម្លៃថ្លៃ និងបញ្ហាគ្រោះធម្មជាតិ ដែលជាហេតុផលិតកម្មដំណាំបន្លែក្នុងស្រុក មិនគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការខ្លួនឯងបានឡើយ ទើបវិស័យឯកជនបាននាំចូលបន្លែពីក្រៅស្រុកបន្ថែម ដើម្បីមកបំពេញតម្រូវការ។
កញ្ញា អុឹម រចនាថា៖ «ដើម្បីបំពេញតម្រូវការបន្លែក្នុងស្រុក ក្រសួងកសិកម្ម ត្រូវពង្រឹង និងជំរុញការដាំដុះបន្លែបន្ថែមទៀត ដោយត្រូវរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលមធ្យមនិងវែង ដើម្បីគាំទ្រនិងលើកទឹកចិត្តកសិករ ឬអ្នកផលិតបន្លែក្នុងស្រុក។
ក្រៅពីនេះទៀត កញ្ញាបន្តថា រាជរដ្ឋាភិបាលកម្ពុជានិងគម្រោងដៃគូនានា គួរតែផ្តោតទៅលើការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ មានប្រព័ន្ធស្រោចស្រព ផ្ទះសំណាញ់ ឧបករណ៍ និងសម្ភារកសិកម្ម ហើយនិងការបញ្ចុះតម្លៃធាតុចូលនៃកសិកម្ម (ពូជ ជី ថ្នាំកសិកម្ម)។ លើសពីនេះ គឺផ្ដល់ការគាំទ្រផ្នែកបច្ចេកទេសដាំដុះ បច្ចេកទេសក្រោយពេលប្រមូលផល ត្រូវពង្រឹងការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជ ផលិតកម្មពូជបន្លែ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទីផ្សារ។
កញ្ញារចនាបន្ថែមថា៖ «ដូច្នេះហើយ ជំរុញឲ្យក្រុមកសិករផលិតបន្លែចងក្រងជាសហគមន៍ផលិត ដើម្បីអាចរៀបចំផែនការផលិតស្របតាមតម្រូវការទីផ្សារ និងត្រូវលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យដំណាំបន្លែ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) បានប្រាប់ថា កត្ដាដែលបណ្ដាលឲ្យមិនមានបន្លែគ្រប់គ្រាន់ អាចផ្គត់ផ្គង់តម្រូវការលើទីផ្សារបាន គឺទី១៖ កត្តាផលិត និងការវេចខ្ចប់របស់ប្រជាពលរដ្ឋ ពីព្រោះស្ថានភាពបច្ចុប្បន្ននេះ ការដាំដុះ និងការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋមានការធ្លាក់ចុះ ដោយសារក្នុងទីផ្សារបន្លែកម្ពុជា ស្ថិតក្នុងកម្រិតមួយដែលទាប មិនអាចធ្វើឲ្យកសិករមានចំណូលរួចនឹងតម្លៃដើម។ កត្តាទី២ គឺយុទ្ធសាស្ត្រនៃការផលិត ដែលការចែកចាយបន្លែនឹង វាមានលក្ខណៈមិនសមភាព ឬមិនមានយុទ្ធសាស្ត្រល្អ សម្រាប់កសិករ ដែលពេលខ្លះពួកគាត់មានបន្លែច្រើនមិនអាចរកទីផ្សារលក់បន្លែចេញបាន។
លោក ថេង សាវឿន បន្តថា៖ «ដូច្នេះការដោះស្រាយរបស់អាជ្ញាធរ ឬក៏ការគាំពារហ្នឹង គឺនៅមានកម្រិតនៅឡើយទេ គិតទៅលើយុទ្ធសាស្ត្រនៃការចែកចាយទៅតាមទីផ្សារ ហើយក៏គិតទៅលើបច្ចេកទេសនៃការដាំដុះ ពីព្រោះទាំងពូជបន្លែ គឺសុទ្ធតែទិញពីក្រៅស្រុកទាំងអស់»។
លោកថ្លែងថា៖ «យើងមើលអំពីវិធី និងយន្តការ យុទ្ធសាស្ត្រនៃការផលិត និងដាំបន្លែរបស់បងប្អូនប្រជាពលរដ្ឋយើង គឺគាត់ធ្វើតាមអ្វីដែលគាត់ចេះ គាត់ដឹង មិនមានលក្ខណៈបច្ចេកទេស និងការគាំពារពីរដ្ឋ ហើយនិងអ្នកជំនាញកសិកម្មឡើយ»។
លោក សាវឿន បន្ថែមថា រឿងទាំងអស់នេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋបោះបង់ការផលិតដំណាំបន្លែ ទើបមិនអាចផ្គត់ផ្គង់តម្រូវការបាន ដូច្នេះត្រូវពឹងទៅលើបន្លែ ផ្លែឈើ និងទំនិញផ្សេងៗទៀតពីប្រទេសជិតខាង ហើយវាជាការធ្វើឲ្យខាតចំណូលសេដ្ឋកិច្ច និងខាតឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។
បច្ចុប្បន្ននេះប្រទេសកម្ពុជា បានផលិតដំណាំបន្លែមានចំនួន ២ ៤៨៩ តោន ក្នុង ១ ថ្ងៃ ស្មើនឹង ៧៣% ចំណែកតម្រូវការបន្លែសរុបក្នុងស្រុកមានចំនួន ៣ ៣៨៩ តោន ក្នុង ១ ថ្ងៃ ដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវនាំចូលបន្លែពីក្រៅប្រទេសចំនួន ៩០០ តោន ក្នុង ១ ថ្ងៃ ស្មើនឹង ២៧% ហើយ ភាគច្រើនបន្លែដែលប្រទេសកម្ពុជានាំចូល គឺបន្លែដែលដាំដុះខែត្រជាក់ដូចជា ការ៉ុត ដំឡូងបារាំង ស្ពៃបូកគោ និងខ្ទឹមបារាំង និងបន្លែគ្រប់មុខជាច្រើនទៀត៕