
កិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប កាលពីថ្ងៃទី ២៦ តុលា ។ រូបថត សហការី
ភ្នំពេញៈ ដើម្បីពហុភាពនិយម អាស៊ាននិងសហភាពអឺរ៉ុបបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពហុភាគី និងតំបន់ដែលគាំទ្រដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ភ្នំពេញស្ដីពីការអនុម័ត AHRD សន្ធិសញ្ញាអឺរ៉ុប និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ គឺជាមធ្យោបាយចាំបាច់ក្នុងការជម្នះបញ្ហាប្រឈមជាសកលថ្មីៗ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក ជិន ម៉ាលីន តំណាងលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) បានចូលរួមធ្វើជាសហប្រធានជាមួយអាយឆា-ឥណ្ឌូនេស៊ី និងតំណាងពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្សក្នុងការរៀបចំ និងដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទៅទី៤ ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចសន្ទនាអាស៊ាន-សហភាពអឺរ៉ុបនេះ បានឱ្យដឹងថា កិច្ចសន្ទនានេះបានផ្ដោតលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិមនុស្សរួមមាន ការធ្វើឱ្យប្រសើរឡើងនូវការធានាក្នុងការការពារសិទ្ធិកុមារ សិទ្ធិពលករទេសន្តប្រវេសន៍ និងការជួញដូរមនុស្ស សេរីភាពបញ្ចេញមតិ និងគំនិត សេរីភាពសាសនា និងជំនឿ សិទ្ធិជនមានពិការភាព បរិស្ថាន និងការប្រែប្រួលអាកាសធាតុ សិទ្ធិស្ត្រី និងសមភាពយេនឌ័រ បរិយាប័ន្នសង្គម រួមទាំងការការពារសិទ្ធិមនុស្សអំឡុងពេលប្រឆាំងនឹងអំពើហិង្សាជ្រុលនិយម។
សេចក្ដីប្រកាសបានឱ្យដឹងថា ទន្ទឹមនឹងការទទួលស្គាល់ថា បញ្ហាប្រឈមជាច្រើននៅតែបន្តកើតមាន កិច្ចសន្ទនានេះក៏បានផ្ដល់ឱកាសមួយដើម្បីពិនិត្យមើលពីវឌ្ឍនភាពសំខាន់ៗក្នុងតំបន់អាស៊ាន ដូចជា ធុរកិច្ចនិងសិទ្ធិមនុស្សសិទ្ធិស្ត្រីនិងសិទ្ធិកុមារជាដើម។ជាងនេះទៀតនេះក៏ជាឱកាសក្នុងការពិភាក្សាអំពីស្ថានភាពនៃវិបត្តិនៅក្នុងប្រទេសមួយចំនួននៅលើពិភពលោកដែលនាំឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើវិស័យសិទ្ធិមនុស្ស។
សេចក្ដីប្រកាសបញ្ជាក់ថា តាមរយៈកិច្ចសន្ទនានេះ អាស៊ាន និងសហភាពអឺរ៉ុបក៏បានកំណត់ពីវិធានការជាក់ស្ដែងនានាដើម្បីធ្វើឱ្យការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សកាន់តែប្រសើរឡើងស្របតាមភាពជាដៃគូយុទ្ធសាស្ត្រជាធរមាន។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ភាគីទាំង ២ គ្រោងនឹងបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការនៅដើមឆ្នាំ ២០២៣ ដើម្បីពង្រឹងតួនាទីរបស់អាយឆាបន្ថែមទៀត និងស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។ក្នុងនោះ
រួមមាន កិច្ចសហប្រតិបត្ដិការលើសិទ្ធិកុមារ ការទទួលបានយុត្តិធម៌របស់កុមារ ការបង្កើនការចូលរួមរបស់យុវជន សន្តិសុខសង្គមសម្រាប់ពលករទេសន្តប្រវេសន៍ ធុរកិច្ច និងសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ការបញ្ជ្រាបយេនឌ័រស្ត្រី សន្តិភាពនិងសន្តិសុខ ព្រមទាំងការប្រឆាំងនឹងអំពើហិង្សាជ្រុលនិយមដែលជាវិស័យអាទិភាពនៅក្នុងតំបន់អាស៊ាន។
បើតាមលោក ជិន ម៉ាលីន នៅក្នុងកិច្ចសន្ទនាលើកទី៤ នេះ ក៏មានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិល និងតំណាងស្ថានប័នសិទ្ធិមនុស្សជាតិ (NIIRI) ក្នុងតំបន់អាស៊ាន និងមកពីសហភាពអឺរ៉ុបដោយបានធ្វើការចែករំលែកនូវឧត្តមានុវត្តពាក់ព័ន្ធនឹងការធានាការទទួលបានយុត្តិធម៌និងការរំពឹងទុកសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសិទ្ធិមនុស្សរវាងយន្តការសិទ្ធិមនុស្សតំបន់និងជាតិ។
លោកបានឱ្យដឹងថា បន្ថែមលើកិច្ចពិគ្រោះយោបល់ខាងលើក៏មានកិច្ចជំនួបទ្វេភាគីដោយឡែកៗពីគ្នារវាងគណៈ ប្រតិភូសហភាពអឺរ៉ុបជាមួយតំណាងអាយឆានៃប្រទេសមួយចំនួន តំណាងគណៈកម្មការអាស៊ានទទួលបន្ទុកការលើកកម្ពស់និងការការពារសិទ្ធិស្ត្រី និងកុមារ (ACWC) តំណាងគណៈកម្មាធិការអាស៊ានទទួលបន្ទុកការអនុវត្តសេចក្តីប្រកាសអាស៊ានស្តីពីការការពារនិងការលើកកម្ពស់សិទ្ធិពលករទេសន្តប្រវេសន៍ (ACMW) និងតំណាងគណៈកម្មាធិការអាស៊ានស្តីពីស្ត្រី (ACW)។
សេចក្ដីប្រកាសបញ្ជាក់ថា នៅក្នុងកិច្ចជំនួបទ្វេភាគីរវាងលោក ជិន ម៉ាលីន និងលោក Eamon Gilmore តំណាងពិសេសសហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្សបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធនឹងគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ និងការវិវឌ្ឍនៃស្ថានភាពសិទ្ធិមនុស្ស ព្រមទាំងការដាក់ចេញនូវវិធានការផ្សេងៗដែលជាលក្ខខណ្ឌតម្រូវក្នុងបរិបទនៃប្រទេសកម្ពុជារួមមានទាំងការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ៕