ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រកាសដាក់ឱ្យប្រើគេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» ជាផ្នែកមួយនៃគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាទៅថ្ងៃអនាគត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងប្រៃសណីយ៍ដែលចេញផ្សាយនៅថ្ងៃ ២៥ ខែតុលា និងផ្សាយជាសាធារណៈនៅថ្ងៃទី ២៦ ខែតុលា។
ក្រសួងប្រៃសណីយ៍លើកឡើងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាព ខ្លួនបានរៀបចំកម្មវិធី កម្ពុជាឆ្ពោះទៅឌីជីថល (Go Digital Cambodia) ស្របតាមទិសដៅកំណត់ ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥»។
តាមរយៈកម្មវិធីនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបង្កើតគេហទំព័រ godigital.gov.kh ដែលជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន ទិន្នន័យ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍ សុវត្ថិភាពតាមប្រព័ន្ធអនឡាញ មុខងារឧបករណ៍ឌីជីថល ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ការទិញទំនិញអនឡាញ និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ។
ក្រសួងបញ្ជាក់ថា៖ «សាធារណជនអាចស្វែងរកព័ត៌មានថ្មីៗ ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា និងអាចចូលរួមនៅក្នុងគំនិតផ្តួចផ្តើមនានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ប្រកបដោយបរិយាប័ន្ន»។
ក្រៅពីប្រកាសពីគេហទំព័រ «កម្ពុជាឆ្ពោះទៅឌីជីថល» ក្រសួងបាន ជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា។ ក្រសួងនេះបន្ថែមថា ជាការលើកស្ទួយ ដល់អ្នកផលិតមាតិកាវីដេអូ ប្រកបដោយគំនិតច្នៃប្រឌិត ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំ លើប្រធានបទចំនួន ២ ទី១ ១ ថ្ងៃ ក្នុងពិភពឌីជីថល និងទី២ វិធីរក្សាគណនីហ្វេសប៊ុកឱ្យមានសុវត្ថិភាព។
សម្រាប់ប្រធានបទទី១ បេក្ខជនតម្រូវឱ្យរៀបចំមាតិកាវីដេអូចែករំលែកបទពិសោធពីការប្រើប្រាស់ឧបករណ៍/កម្មវិធីឌីជីថលនានា (Digital Tools) ដែលមានប្រយោជន៍បម្រើឱ្យការសិក្សាឬការងារប្រចាំថ្ងៃរបស់ខ្លួន។ សម្រាប់ប្រធានបទទី២ បេក្ខជនតម្រូវឱ្យរៀបចំជាមាតិកា វីដេអូស្តីពីវិធីសាស្ត្រនានាក្នុងការរក្សាសុវត្ថិភាពគណនីហ្វេសប៊ុករបស់ខ្លួន។
ក្រសួងប្រៃសណីយ៍បញ្ជាក់ចុងក្រោយថា៖ «មាតិកាវីដេអូចំនួន៣ដែលទទួលបានពិន្ទុខ្ពស់ជាងគេសម្រាប់ប្រធានបទនីមួយៗនឹងទទួលបានរង្វាន់ពីកម្មវិធីពី ១ លាន ដល់ ៤ លានរៀល។ ជយលាភីទាំងអស់នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាអប់រំសម្រាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងត្រូវអញ្ជើញចូលរួមកម្មវិធីជជែកសំណេះសំណាល ជាមួយតំណាងក្រុមហ៊ុនហ្វេសប៊ុកនៅកម្ពុជាទៀតផង»៕