ភ្នំពេញៈ តំណាង UNESCO ប្រចាំនៅកម្ពុជា បានស្នើសុំការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង លើគម្រោងផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលកម្ពុជា ពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល និងបណ្ដាញសង្គម។
ការស្នើនេះធ្វើឡើងក្នុងជំនួបរវាង លោក Sardar Umar Alam តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជានិងលោក ស ខេង កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២។
នៅក្នុងជំនួបនោះ លោក Sardar Umar Alam បានសរសើររាជរដ្ឋាភិបាលកម្ពុជា លើការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ រួមទាំងការចាក់វ៉ាក់សាំងជូនប្រជាជន ខណៈដែលលោកសង្កេតឃើញយុទ្ធនាការ សុខាភិបាលមួយនេះ ប្រព្រឹត្តទៅដោយស្មើភាព និងគ្មានការរើសអើង។ លោកប្រាប់លោក ស ខេង ថា រូបលោកផ្ទាល់ក៏ទទួលបានចាក់វ៉ាក់សាំង ដូសទី៥ រួចហើយផងដែរ។
លោកបន្តថា ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ យូណេស្កូ បានផ្ដោតលើការអប់រំអក្ខរកម្មតាមរោងចក្រ និងអនុវត្តកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណែត និងបានពង្រីកវិសាលភាពការងារពាក់ព័ន្ធការបញ្ចេញមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ បណ្ដាញសង្គមបច្ចុប្បន្ន បានផ្លាស់ប្ដូររបៀបទទួលព័ត៌មានរបស់សាធារណជន ហើយក៏បង្កើតជាបញ្ហាស្មុគស្មាញដល់អ្នកប្រើប្រាស់ និងរាជរដ្ឋាភិបាលដែរ។
លោក Sardar Umar Alam បន្តថា៖«ក្នុងនោះបណ្ដាញសង្គម ក៏បង្កើតជាផលប៉ះពាល់ផ្សេងទៀត ដូចជាបទល្មើសបច្ចេកវិទ្យាជាដើម។ យូណេស្កូ បានផ្ដល់ការបណ្ដុះបណ្ដាលដល់កងកម្លាំងនគរបាលកម្ពុជាពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថល និងបណ្ដាញសង្គមដើម្បីប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានប្រកបដោយការរើសអើង»។
អង្គការ យូណេស្កូ មានធនធាន និងចង់ស្នើសុំពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងមហាផ្ទៃ លើការងារបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា និងរៀបចំផ្ដល់ជំនួយចាំបាច់ផ្សេងទៀត ដើម្បីគាំទ្រដល់ការងារអប់រំឌីជីថល។
លោក Sardar Umar Alam បានប្រាប់លោកស ខេងលម្អិត អំពីកម្មវិធីអប់រំតាមប្រព័ន្ធអ៊ីនធើណិតដោយឥតគិតថ្លៃជូនប្រជាជនចាប់ពីអាយុ ១៤ ឆ្នាំឡើង។
លោកបន្តថា៖ «យូណេស្កូមានគម្រោងពង្រីកកម្មវិធីនេះ (អប់រំឌីជីថល) ទៅដល់រោងចក្រ និងពន្ធនាគារ។ យើងស្នើសុំសម្ដេចឱ្យមានការជួបគ្នារវាងមន្រ្តីជំនាញដើម្បីអនុវត្តគម្រោងនេះ»។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានអរគុណដល់អង្គការ យូណេស្កូ ដែលបានជួយគាំទ្រដល់ប្រទេសកម្ពុជាជាច្រើនឆ្នាំ និងច្រើនវិស័យ។ ប្រទេសកម្ពុជា និងបណ្ដាប្រទេសនានាសុទ្ធតែជួបប្រទះនឹងបញ្ហា ក្នុងវិស័យឌីជីថល។
លោកបន្តថា៖ «ជាគោលការណ៍ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យពលរដ្ឋបញ្ចេញមតិ ប៉ុន្តែទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវទប់ស្កាត់រាល់មតិទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់ ផលប្រយោជន៍សង្គមដែរ។ បញ្ហានេះទាមទារឱ្យមានការចែងច្បាស់រវាងព័ត៌មានក្លែងក្លាយ និងព័ត៌មានពិត»។
លោកបន្តថា បណ្ដាញសង្គមក៏បានបង្កើតឱកាសឱ្យជនខិលខូចបង្កើតជាបទល្មើសផ្សេងៗ ដូចជាការឆបោក និងការលួចលុយតាមប្រព័ន្ធអនឡាញ។
ពាក់ព័ន្ធនឹងឌីជីថលនេះ លោកក៏មានផេកហ្វេសប៊ុកផ្ទាល់ខ្លួន ហើយបើកចំហឱ្យពលរដ្ឋដាក់ពាក្យបណ្ដឹង ដែលក្នុងនោះក៏មានបណ្ដឹងលើបទល្មើស ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ដូចជាការបោកប្រាស់តាមបណ្ដាញអនឡាញដែរ។ ប៉ុន្តែលោកទទួលស្គាល់ថា សមត្ថភាពមន្រ្តីក្នុងការដោះស្រាយបញ្ហានេះនៅមានកម្រិតនៅឡើយ។
លោក ស ខេង បានបង្ហាញការចាប់អារម្មណ៍ ចំពោះគំនិតផ្ដូចផ្ដើមរបស់តំណាងអង្គការយូណេស្កូ និងបានសន្យាចាត់មន្រ្តីជំនាញឱ្យធ្វើកិច្ចសហប្រតិការលើការងារនេះជាមួយអង្គការ យូណេស្កូ។
កម្ពុជាបានចូលជាសមាជិកអង្គការ យូណេស្កូ កាលពីឆ្នាំ ១៩៥១ ដែលជាឆ្នាំបង្កើតអង្គការអន្តរជាតិ ១ នេះ ប៉ុន្តែកិច្ចសហការជាមួយគ្នាក៏ធ្លាប់បានអាក់ខានមួយរយៈធំ ដោយសារស្ថានភាពសង្គ្រាមផ្ទៃក្នុងរបស់កម្ពុជា។
ចាប់តាំងពីបើកការិយាល័យឡើងវិញនៅកម្ពុជាឆ្នាំ ១៩៩១ យូណេស្កូ បានជួយកម្ពុជាលើវិស័យវប្បធម៌ អប់រំ ព័ត៌មាន និងសារគមនាគមន៍ វិទ្យាសាស្រ្តធម្មជាតិ សង្គមសាស្រ្ត និងមនុស្សសាស្រ្ត៕