
ក្រុមការងារជំនាញក្រសួងពាក់ព័ន្ធចុះសិក្សានៅតាមការដ្ឋាន ដើម្បីរៀបចំដំឡើងបង្គោលសេវាទូរស័ព្ទ និងអ៊ីនធើណិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ។ រូបថត សហការី
ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត ថ្លែងថា ក្រុមការងារជំនាញក្រសួងពាក់ព័ន្ធកំពុងសិក្សានៅតាមការដ្ឋាន ដើម្បីរៀបចំដំឡើងបង្គោលសេវាទូរស័ព្ទ និងអ៊ីនធើណិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ បន្ទាប់ពីក្រសួងប្រកាសសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ តាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។
លោក ជា វ៉ាន់ដេត ថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ នៅថ្ងៃទី ២៦ ខែតុលាថា៖ «ការរៀបចំដំឡើងបង្គោលសេវាទូរស័ព្ទ និងអ៊ីនធើណិត នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួង ក្នុងការផ្ដល់សេវាទូរគមនាគមន៍នៅតាមតំបន់ដាច់ស្រយាល ដល់ប្រជាពលរដ្ឋ និងទេសចរគឺកំពុងសិក្សានៅតាមការដ្ឋានដោយក្រសួងពាក់ព័ន្ធ»។
យោងតាមប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្រ្ដី ដើម្បីពង្រឹងគុណភាព និងវិសាលភាព សេវាទូរគមនាគមន៍ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ១៤ ខែកក្កដា បានចេញសេចក្ដីប្រកាសព័ត៌មាន ប្រកាសសាងសង់ស្ថានីយអង់តែនចំនួន ១០០ បន្ថែមទៀត ដើម្បីលើកកម្ពស់គុណភាពសេវា នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល ដែលកំពុងប្រឈមបញ្ហាសេវា និងអ៊ីនធឺណិតប្រើប្រាស់នេះ។
ក្រសួងបញ្ជាក់ថា៖ «គម្រោងសាងសង់ស្ថានីយអង់តែន ចំនួន ១០០ នេះ ដោយប្រើប្រាស់ថវិការបស់មូលនិធិកាតព្វកិច្ចសេវាសកល ព្រមទាំងសហការជាមួយក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រតិបត្តិករទូរស័ព្ទចល័ត ដើម្បីពង្រឹងគុណភាពសេវាដល់គោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាល»។
បើតាមសេចក្ដីប្រកាសព័ត៌មាន ការសាងសង់ស្ថានីយអង់តែនបន្ថែមនេះ គឺស្របនឹងយន្តការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានក្រុមការងារពង្រឹងគុណភាពសេវានៅតាមតំបន់ចំនួន ៥ នៅទូទាំងប្រទេស និងក្រុមការងារចំនួន ៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ កំពុងអនុវត្តការងារយ៉ាងសកម្ម ក្នុងការវាស់ស្ទង់គុណភាពសេវានៅតាមភូមិសាស្ត្រទូទាំងប្រទេស។
ក្រសួងបញ្ជាក់ថា ការអនុវត្តការងារនេះក៏ដើម្បីជំរុញកាតព្វកិច្ចរបស់ប្រតិបត្តិករក្នុងការសាងសង់ស្ថានីយអង់តែនបន្ថែម សំដៅធ្វើឱ្យសេវាទូរគមនាគមន៍មានគុណភាពនិងគ្របដណ្ដប់ឱ្យកាន់តែប្រសើរឡើង។
«ការសាងសង់អង់តែននេះធ្វើឡើង យោងតាមប្រសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ផែនការ ស្ដារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ ១៩ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២»។ នេះបើតាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីនោះថា រាល់កម្មវិធីនានាលោកតែងតែប្រើទូរស័ព្ទដៃ ភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ជំនួសឱ្យការប្រើប្រាស់ Wifi ដោយសារតែសេវាអ៊ីនធឺណិត Wifi យឺតពេក មិនអាចប្រើប្រាស់បាន ដោយលោកស្នើឱ្យក្រុមហ៊ុននានាពង្រឹងសេវាអ៊ីនធឺណិតឡើងវិញ។
លោកថ្លែងថា៖ «សូមក្រុមហ៊ុននានា និងវិស័យពាក់ព័ន្ធ ត្រូវពង្រឹងសេវាទូរស័ព្ទអ៊ិនធឺណិត សេវាត្រូវតែពង្រឹង តាមតំបន់ទេសចរណ៍ ក្នុងក្រុង និងតាមជនបទ ព្រោះគេត្រូវទាក់ទងធ្វើការងារ គេដើរលេងផងធ្វើការផង»។
បើតាមក្រសួងប្រៃសណីយ៍ កាលពីពេលថ្មីៗនេះ ក្រុមការងារក្រសួងពាក់ព័ន្ធបាននិងកំពុងរៀបចំដំឡើងបង្គោលសេវាទូរស័ព្ទ និងអ៊ីនធើណិត នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ បឹងភ្លោះ យ៉ាកអោម យ៉ាកការ៉ា ស្ថិតនៅស្រុកលំផាត់ ខេត្តរតនគិរី។
ក្រសួងបញ្ជាក់ថា នេះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងប្រៃសណីយ៍ ក្នុងការផ្ដល់សេវាទូរគមនាគមន៍នៅតាមតំបន់ដាច់ស្រយាល និងស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថានដែលផ្ដល់សេវានៅតាមតំបន់ការពារ។
លោក សូ វិសុទ្ធី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងប្រៃសណីយ៍ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសឥណ្ឌ បានបញ្ជាក់នៅថ្ងៃទី ២៦ តុលាដែរថា លោកនឹងឆ្លើយតបលម្អិតលើដំណើការ រៀបចំដំឡើងបង្គោលសេវាទូរស័ព្ទ និងអ៊ីនធើណិតក្នុងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀតឆាប់ៗនេះ៕