ភ្នំពេញៈ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា នាថ្ងៃទី ២៦ ខែតុលា បានចេញដំណើរទៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិសេសបន្ទាន់របស់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅថ្ងៃទី ២៧ តុលា ពាក់ព័ន្ធវិបត្តិនៅមីយ៉ាន់ម៉ា។
កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច របស់អាស៊ានស្តីពីប្រទេសមីយ៉ាន់ម៉ា។
កិច្ចប្រជុំពិសេសបន្ទាន់នេះ ជាការបើកផ្លូវរកដំណោះស្រាយរួមក្នុងជំហរអាស៊ានសម្រាប់លើកយកដាក់លើតុកិច្ចប្រជុំកំពូលអាស៊ាននៅខែវិច្ឆិកាខាងមុខនេះនៅកម្ពុជា។ កិច្ចប្រជុំពិសេសនេះ នឹងធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ានប្រចាំទីក្រុងហ្សាការតា ដែលនឹងលើកយក «កិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច» ឬ «កុងសង់ស៊ីស ៥ ចំណុច» ដែលជាការព្រមព្រៀងគ្នារវាងបណ្តារដ្ឋជាសមាជិកអាស៊ានទាំង ១០ ក្នុងនោះមានមីយ៉ាម៉ាជាសាមីខ្លួនផងដែលមានមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង កាលពីឆ្នាំ ២០២១ ដើម្បីមានលទ្ធភាពអាចរកច្រកចេញសម្រាប់ជម្លោះមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់ពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងកាលពីល្ងាចថ្ងៃទី ២៥ តុលា។
លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រេសិតពិសេសរបស់អាស៊ាននាឆ្នាំ ២០២២ នេះនឹងបើកកិច្ចប្រជុំពិសេសនេះនៅថ្ងៃទី ២៧ ខែតុលា ដើម្បីផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នាក្នុងចំណោមរដ្ឋជាសមាជិកអាស៊ានផ្សេងៗទៀតលើវិបត្តិនៅភូមា។ លោក ជុំ សុន្ទរី ថ្លែងថា៖ «កិច្ចប្រជុំនៅហ្សាការតានេះគឺជាការផ្លាស់ប្តូរការយល់ឃើញចំពោះកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច ដើម្បីជាមូលដ្ឋានក្នុងការដោះស្រាយវិបត្តិភូមាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ ខាងមុខ»។
ជាមួយគ្នានេះ នាយប់ថ្ងៃទី ២៥ ខែតុលា ប្រធានអាស៊ាន បានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថា អាស៊ានមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះរួមទាំងការបំផ្ទុះគ្រាប់បែកនៅពន្ធនាគារអ៊ិនសេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ែន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្តីពីការវាយប្រហារតាមអាកាសនៅរដ្ឋកាជីនចំលើទីប្រជុំជនស៊ីវិលដែលបណ្តាលឱ្យមានអ្នករងរបួស និងស្លាប់ជាច្រើននាក់។ «យើងមានក្តីសង្វេគជាពន់ពេកចំពោះកំណើនអ្នកស្លាប់ និងរបួសកាន់តែច្រើនឡើងនិងការរងទុក្ខវេទនាដ៏ធំធេងរបស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា៖ «យើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន និងធ្វើឱ្យប៉ះពាល់ផងដែរដល់កិច្ចប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចនេះ»។
អាស៊ានជំរុញយ៉ាងខ្លាំងឱ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាព្រមទាំងអំពាវនាវជាបន្ទាន់ដល់គ្រប់ភាគីពាក់ព័ន្ធជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូលដ្ឋានជាក់ស្តែងឱ្យចាត់វិធានការជាក់លាក់ ដើម្បីបង្កលទ្ធភាពឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ននិងស្ថាបនាស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅប្រទេសមីយ៉ាន់ម៉ា និងដើម្បីសន្តិភាពសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា ការចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានពេលនេះ គឺដើម្បីដាស់សតិដល់ភាគីជម្លោះនៅមីយ៉ាន់ម៉ា ជាពិសេសក្រុមរបបសឹករបស់លោក មីន អ៊ុងឡាំង ដែលតែងតែផ្គើននឹងវិធានការរបស់អាស៊ានក៏ដូចជាសហគមន៍អន្តរជាតិ នាពេលកន្លងមក។
លោកថ្លែងថា៖ «នេះជាការផ្គើនរបស់របបសឹកភូមាចំពោះអាស៊ាន ជាពិសេសកម្ពុជាដែលនឹងត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅខែវិច្ឆិកាខាងមុខ។ ការផ្គើនលើកនេះបីដូចជាការផ្គើនលើកមុនដែលខណៈពេលមុនកិច្ចប្រជុំមកដល់ដែលបានកាត់ទោសប្រហារជីវិតសកម្មជននយោបាយភ្លាមៗ ហើយលើកនេះបានសម្លាប់ប្រជាជនស្លូតត្រង់ប្រមាណ ៥០ នាក់ ក្នុងពិធីជួបជុំមួយ»។
លោក យង់ ពៅ បន្ថែមថា អាស៊ានគួរហ៊ានឈានជើង ១ ជំហានទៀត ដែលគេអាចប្រើវិធីសាស្រ្តព្យួរសមាជិកភាពរបស់ភូមា ជាបណ្តោះអាសន្នសិនដែលគេមិនដែលឃើញមានក្នុងប្រវត្តិសាស្រ្តអង្គការតំបន់នេះឡើយ ដើម្បីបង្ខំឱ្យរបបសឹកគោរពតាម កុងសង់ស៊ីសទាំង ៥ របស់អាស៊ាន។
ស្រដៀងគ្នានេះដែរ លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ថ្លែងថា អាស៊ានអាចធ្វើការរួមគ្នាលើការដាក់ទណ្ឌកម្មដល់ថ្នាក់ដឹកនាំកំពូលនៃរបបសឹក ឬអាចរួមគ្នាជាមួយអង្គការសហប្រជាជាតិក្នុងការស្នើឱ្យចាត់ទុកវិបត្តិភូមា ជាបញ្ហាអន្តរជាតិ បន្ថែមលើបញ្ហាតំបន់ ដែលអាចដាក់សម្ពាធដល់របបសឹក និងភាគីពាក់ព័ន្ធបាន ១ កម្រិតទៀត។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ថ្លែងថា កិច្ចប្រជុំបន្ទាន់មួយនេះអាចធ្វើការផ្តោតសំខាន់ទៅលើការត្រួតពិនិត្យឡើងវិញលើចំណុចឯកច្ឆន្ទទាំង ៥ និងចរចាអំពីលទ្ធភាព និងគោលបំណងអំពីការធ្វើដំណើរទស្សនកិច្ចលើកទី៣ របស់ប្រេសិតពិសេសអាស៊ានទៅមីយ៉ាន់ម៉ា។
លោកពន្យល់ពីបញ្ហានៃកុងសង់ស៊ីសដូច្នេះថា៖ «ការចរចាសន្តិភាពនៅមីយ៉ាន់ម៉ាដែលសឹងតែធ្វើឱ្យរដ្ឋសមាជិកដទៃទៀតរបស់អាស៊ាន អស់ទំនុកចិត្តទៅលើចំណុចឯកច្ឆន្ទទាំង ៥ និងមានការលើកឡើងអំពីការដាក់ចេញនូវចំណុចដោះស្រាយផ្សេងៗពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា»។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។ របបយោធាភូមាដែលដឹកនាំដោយលោក មីន អ៊ុងឡាំង បានប្រើអំពើហិង្សាទៅលើប្រជាជនស្លូតត្រង់ រហូតមានការប្រហារជីវិតក្រុមអ្នកប្រជាធិបតេយ្យមីយ៉ាន់ម៉ា និងបានចាប់លោកស្រី អ៊ុងសាន ស៊ូជី ដាក់ឃុំខ្លួននៅពន្ធនាគារថែមទៀត បន្ទាប់ពីលោក មីន អ៊ុងឡាំង បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២១៕