
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ចូលរួមសន្និសីទស្តីពីសកលនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ នៅប្រទេសអេហ្ស៊ីប នាថ្ងៃទី ២៧ តុលា។ រូបថត ក្រសួងអប់រំ
ភ្នំពេញៈ កំណែទម្រង់អនុវិស័យឧត្តមសិក្សានៅកម្ពុជា មិនត្រឹមតែផ្តោតលើការពង្រឹងអភិបាលកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតទៅលើការកែលម្អគុណវុឌ្ឍិសាស្ត្រាចារ្យ ការកែលម្អកម្មវិធីសិក្សា និងធនធានសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារ និងការប្រើប្រាស់បច្ចេកវិទ្យា ដោយត្រូវធ្វើយ៉ាងណាផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងទីផ្សារការងារដោយផ្ទាល់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអប់រំ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកហង់ជួន ណារ៉ុន បានបញ្ជាក់បែបនេះ ក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងអប់រំ កម្ពុជា ចូលរួមសន្និសីទស្ដីពីសកលនៃហ្វ្រង់កូហ្វូនីវិទ្យាសាស្ត្រ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
បើតាមក្រសួងអប់រំ កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក Abdel Fattah al-SISSI ប្រធានាធិបតីនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប និងមានការចូលរួមពីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការឧត្តមសិក្សា សាកលវិទ្យាធិការ ដែលជាសមាជិករបស់ទីភ្នាក់ងារសាកលវិទ្យាល័យ នៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ហង់ជួន ណារ៉ុន បានថ្លែងសុន្ទរកថាក្នុងសន្និសីទនេះ តំណាងឱ្យប្រទេសប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាសមាជិករបស់ទីភ្នាក់ងារឧត្តមសិក្សានៃប្រទេសប្រើប្រាស់ភាសាបារាំង។ លោកបានលើកឡើងទៀតថា ការអប់រំ ដែលឆ្លើយតប គឺជាការអប់រំ ដែលធ្វើឱ្យអ្នកសិក្សាអាចផ្សារភ្ជាប់ខ្លួនទៅនឹងបរិបទវប្បធម៌ និងតម្រូវការរបស់មូលដ្ឋាន។
លោកបញ្ជាក់ថា៖ «កំណែទម្រង់អនុវិស័យឧត្តមសិក្សានៅកម្ពុជា មិនត្រឹមតែផ្តោតលើការពង្រឹងអភិបាលកិច្ចប៉ុណ្ណោះទេ តែក៏បានផ្តោតទៅលើការកែលម្អគុណវុឌ្ឍិសាស្ត្រាចារ្យ ការកែលម្អកម្មវិធីសិក្សា និងធនធានសិក្សា ដើម្បីឆ្លើយតបបានទៅនឹងតម្រូវការរបស់ទីផ្សារការងារ និងការប្រើប្រាស់បច្ចេកវិទ្យា វិធីសាស្ត្របង្រៀន ដោយត្រូវធ្វើយ៉ាងណាផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងទីផ្សារការងារដោយផ្ទាល់»។
លោករដ្ឋមន្រ្ដី ក៏បានកោតសរសើរចំពោះទីភ្នាក់ងារសាកលវិទ្យាល័យ នៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការសម្រេចបាន នូវគោលដៅសហស្សវត្សរ៍ ដែលក្នុងនោះបានចូលរួមចំណែកក្នុងការពង្រឹងគុណភាពឧត្តមសិក្សា។
អនុវិស័យនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបចំពោះតម្រូវការសង្គម ដូចជា ការអប់រំ សុខាភិបាល ការការពារសង្គម ការងារ កំណើន ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថានជាដើម។
លោក ណារ៉ុន បានប្រាប់អង្គពិធីថា ការធ្វើកំណែទម្រង់អនុវិស័យឧត្តមសិក្សានៅកម្ពុជា កំពុងតែផ្តោតធ្វើយ៉ាងណាឱ្យគ្រឹះស្ថានឧត្តមសិក្សាពង្រឹងស្វ័យភាព ដើម្បីក្លាយខ្លួនជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរដ្ឋបាល។
លោកបញ្ជាក់ថា អាទិភាពទាំង ៣ នោះ មានអភិបាលកិច្ច កំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលជាចំណុចយុទ្ធសាស្ត្រ សម្រាប់ការប្រែក្លាយគ្រឹះស្ថានឧត្តមសិក្សា ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលឆ្លើយតបបានទៅនឹងចក្ខុវិស័យ ឆ្នាំ ២០៣០ និង ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ទីភ្នាក់ងារឧត្តមសិក្សា នៃក្រុមប្រទេសប្រើប្រាស់ភាសាបារាំង ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីអនុញ្ញាតឱ្យរដ្ឋមន្ត្រីទទួលបន្ទុកសាកលវិទ្យាធិការ និងភាគីពាក់ព័ន្ធទាំងអស់ អាចមានលទ្ធភាពផ្លាស់ប្តូរមតិ យោបល់ និងដាក់ចេញជាអនុសាសន៍ល្អៗ ដើម្បីពង្រឹងគុណភាពឧត្តមសិក្សា ដែលអាចចូលរួមបានយ៉ាងសកម្មក្នុងការកសាងមូលធនមនុស្សឆ្លើយតបបានទៅនឹងតម្រូវការសង្គម និងសេដ្ឋកិច្ច៕