ភ្នំពេញៈ ក្រសួងមហាផ្ទៃបានដាក់ចេញនូវវិធានការ ដើម្បីធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍ក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋ និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាណប័ណ្ណគំរូថ្មីដែលផុតសុពលភាព សូមទៅបំពេញបែបបទដើម្បីទទួលបានអត្តសញ្ញាណប័ណ្ណថ្មី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ចេញថ្ងៃទី ២៧ តុលា។
សេចក្តីប្រកាសព័ត៌មានបានដាក់ចេញនូវវិធានការ សម្រាប់អនុវត្តចំនួន ៤ ចំណុច ក្នុងនោះទី ១. ផ្អែកលើទិន្នន័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលរក្សាទុកក្នុងប្រព័ន្ធម៉ាស៊ីនមេគ្រប់គ្រងទិន្នន័យ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវរៀបចំចងក្រង និងបោះពុម្ពបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលផុតសុពលភាព និងបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញណ ប័ណ្ណសញ្ជាតិខ្មែរ ដែលនឹងផុតសុពលភាព រយៈពេល ៩០ ថ្ងៃខាងមុខ តាមឃុំ សង្កាត់ ទូទាំងប្រទេស។
ទី ២. ចំពោះប្រជាពលរដ្ឋដែលបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំពេញបែបបទទទួលយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ចំណែកចំណុចទី ៣. ប្រជាពលរដ្ឋដល់អាយុ ១៨ ឆ្នាំ គិតត្រឹមថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ ហើយដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមសាមីខ្លួនទំនាក់ទំនងទៅអាជ្ញាធរឃុំ សង្កាត់សាមី ដើម្បីបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
រីឯចំណុចទី ៤. បង្កើតយន្តការអន្តរអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ រួមមាន អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីដឹកនាំគណៈកម្មការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រាជធានី ខេត្ត ក្នុងការអនុវត្តយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីចុងខែវិច្ឆិកា ឆ្នាំ ២០២២ រហូតដល់ដំណាច់ខែតុលា ឆ្នាំ ២០២៣ ។
ដើម្បីធានាការដល់ការអនុវត្តការងារនេះឱ្យទទួលបានជោគជ័យ ក្រសួងមហាផ្ទៃបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមុនផុតសុពលភាពរយៈពេល ៩០ ថ្ងៃ ប្រជាពលរដ្ឋបានបាត់ ឬខូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រជាពលរដ្ឋដែលគ្រប់អាយុ ១៨ ឆ្នាំនៅថ្ងៃបោះឆ្នោតជាតិ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ សូមទំនាក់ទំនងជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីទៅបំពេញបែបបទ ប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា និងបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលនៅជិតបំផុត៕