ភ្នំពេញៈ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) សន្យានឹងកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រថវិកាពីបណ្តាក្រុមហ៊ុនប្រមាណ ៧០០ ដែលជាសមាជិករបស់ខ្លួនសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា ខណៈកម្មវិធីប្រមូលថវិកាសប្បុរសគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខ។
ការសន្យានេះធ្វើឡើងក្នុងកិច្ចប្រជុំរវាង លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី ១ អាជ្ញាធរមីន លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) កាលពីថ្ងៃទី២៧ ខែតុលា នៅទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។
ភាគីទាំង ៣ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្នុងគោលបំណងចូលរួមសម្រេចនូវទស្សនវិស័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានអាជ្ញាធរមីននាថ្ងៃទី២៧ ខែតុលា លោក អាល់បឺត តាន់ លើកឡើងថា GMAC ពេញចិត្តក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារបោសសម្អាតមីន មានគោលបំណងជួយជនរងគ្រោះដោយសារមីន និងឱ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀតសម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត ដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០២៥ អស់គ្រាប់មីនពីលើទឹកដីកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មាន លោក អាល់បឺត តាន់ ថ្លែងថា៖ «សមាគម GMAC នឹងចលនាកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនប្រមាណ ៧០០ ដែលជាសមាជិករបស់សមាគមសម្រាប់ការងារបោសសម្អាតមីននៅកម្ពុជា»។
លោក លី ធុជ បានកោតសរសើរចំពោះ «ទឹកចិត្តសប្បុរស» របស់ GMAC ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីជួយឱ្យកម្ពុជាសម្រេចគោលដៅ «កម្ពុជាគ្មានមីនឆ្នាំ ២០២៥» ស្របតាមចក្ខុវិស័យរបស់លោក ហ៊ុន សែន។
លោកអរគុណដល់កិច្ចសហការរបស់ GMAC ជាមួយអាជ្ញាធរមីន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីប្រមូលថវិកាសប្បុរស នាថ្ងៃទី ១៧ ខែវិច្ឆិកា ខាងមុខ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង។
លោក លី ធុជ បញ្ជាក់ថា អាជ្ញាធរមីននឹងយកថវិកាប្រមូលបាននេះទៅប្រើប្រាស់ឱ្យចំគោលដៅ និងធ្វើការបោសសម្អាតមីននៅតាមតំបន់អាទិភាព ឱ្យស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។
កន្លងមក អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព។
វិទ្យាស្ថាននេះក៏ធ្លាប់បានផ្តល់វគ្គបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិករបស់អាជ្ញាធរមីនលើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបថរបស់បុគ្គលដែលមានប្រសិទ្ធភាព និងបានចូលរួមឧបត្ថម្ភដល់ការផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ៕