កំពង់ស្ពឺៈ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ២៧ តុលា បានសម្ពោធបើកជាផ្លូវការទារកដ្ឋានប្រចាំសហគមន៍ចំនួន ៤ សម្រាប់កូនកម្មករ-កម្មការិនីរោងចក្រក្នុងខេត្តកំពង់ស្ពឺ ដែលជាមណ្ឌលមើលថែទាំកុមារតូចប្រកបដោយជំនាញវិជ្ជាជីវៈដំបូងគេនៅកម្ពុជា។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ ដែលធ្វើជាអធិបតីភាពក្នុងពិធីសម្ពោធទារកដ្ឋានទាំង ៤ នេះ បានថ្លែងថា ការគាំពារ និងអភិវឌ្ឍកុមារតូច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ និងមិនអាចខ្វះបានក្នុងការអភិវឌ្ឍធនធានមនុស្ស ដោយផ្តើមចេញពីការគាំទ្រការអនុវត្តតាមបែបពហុវិស័យបញ្ចូលគ្នា។
លោកស្រីបានលើកឡើងពីការស្រាវជ្រាវជាច្រើនដែលបានរកឃើញថា កុមារដែលបានទទួលសេវាថែទាំគាំពារប្រកបដោយវិជ្ជមាន និងឆ្លងកាត់ថ្នាក់មត្តេយ្យសិក្សា តែងតែបានចូលរៀននៅសាលាបឋមសិក្សាដោយជោគជ័យ ដោយពុំមានការត្រួតថ្នាក់ និងបោះបង់ការសិក្សាឡើយ។
លោកស្រី គឹម សេដ្ឋានី ថ្លែងថា៖ «ជាពិសេសចាប់ពីកំណើតរហូតដល់អាយុក្រោម ៣ ឆ្នាំ គឺជាអំឡុងពេលដែលមាតាបិតានិងអ្នកមើលថែកុមារតូច ត្រូវផ្តល់អាហារូបត្ថម្ភឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យកោសិកាខួរក្បាលមានការលូតលាស់បានល្អ ពីព្រោះក្នុងដំណាក់កាលដំបូងនេះកោសិកាខួរក្បាលកុមារមានការលូតលាស់យ៉ាងឆាប់រហ័សរហូតដល់ ៧០ ភាគរយ»។
លោកស្រីបានលើកឡើងពីការស្រាវជ្រាវជាច្រើនថា កុមារអាយុ ៣ ឆ្នាំអាចអភិវឌ្ឍរហូតដល់ ៨០ ភាគរយនៃខួរក្បាលរបស់មនុស្សធំ និងរហូតដល់ ៩០ ភាគរយនៅអាយុ ៥ ឆ្នាំ ដែលជាកត្តាកំណត់សម្រាប់ការអភិវឌ្ឍពុទ្ធិបញ្ញា និងការបណ្តុះបំណិនផ្សេងទៀត ដូចជាបំណិនសង្គម ភាពក្លាហាន ភាពអំណត់ បំណិនទំនាក់ទំនងជាដើម។
បើតាមលោកស្រី រដ្ឋលេខាធិការ ការស្រាវជ្រាវផ្សេងទៀតក៏បានរកឃើញថា ជំនាញដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំដំបូងដល់កុមារនៅវ័យជាទារក និងវ័យចូលមត្តេយ្យសិក្សា គឺជាកត្តាកំណត់នូវភាពជោគជ័យ ឬបរាជ័យក្នុងការសិក្សានៅសាលារៀន និងការសិក្សានៅកម្រិតបន្តបន្ទាប់៕