នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន មានអគ្គិសនីគ្របដណ្តប់ដល់ភូមិចំនួន ៩៨,៥ ភាគរយ ដោយនៅសល់តែខ្នងផ្ទះដែលនៅរាយប៉ាយដាច់ៗឆ្ងាយៗខ្លះតែប៉ុណ្ណោះ។ នេះគឺជាការគូសបញ្ជាក់របស់លោក ស៊ុយ សែម រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពលនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលថ្មីនៃមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យកាលពីថ្ងៃព្រហស្បតិ៍ ទី ២៧ ខែតុលា ឆ្នាំ ២០២២ ។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល រំឭកថា ប្រទេសកម្ពុជាបានប្រែក្លាយពីប្រទេសខ្វះថាមពលអគ្គិសនីមកជាប្រទេសសល់អគ្គិសនី ពោលគឺ កម្ពុជាផលិតនិងនាំចូលថាមពលអគ្គិសនីបានជាង ៤០០០ មេហ្កាវ៉ាត់ ខណៈការប្រើប្រាស់នាបច្ចុប្បន្ននេះមានបរិមាណតែជាង ២០០០ មេហ្កាវ៉ាត់។ ទោះយ៉ាងណា បើតាមការពន្យល់របស់លោក ស៊ុយ សែម បរិមាណសល់នេះ គឺដោយសារកម្ពុជានៅបន្តរងឥទ្ធិពលពីវិបត្តិកូវីដ ១៩ ដែលដំណើរការវិនិយោគមួយចំនួន កំពុងស្ថិតនៅទ្រឹង ឬមិនទាន់ដំណើរការឡើងវិញ ហេតុនេះសេចក្តីត្រូវការអគ្គិសនីក៏មិនទាន់មានច្រើនដែរ។
នៅក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់បន្ថែមថា អាជ្ញាធរខេត្តសហការជាមួយអគ្គិសនីកម្ពុជា និងសេវាករ បានខិតខំពង្រីកបណ្ដាញរបស់ខ្លួន ស្ទើរគ្រប់ភូមិឃុំសង្កាត់ ស្រុក ក្រុង ខណៈភូមិចំនួន ៦ ទៀតកំពុងតែស្ថិតនៅក្នុងដំណាក់កាលតបណ្ដាញ។
នៅក្នុងវិស័យរ៉ែ លោករដ្ឋមន្ត្រី ស៊ុយ សែម មានប្រសាសន៍ថា ប្រទេសកម្ពុជាបានដំណើរការយ៉ាងសកម្ម ទាំងអាជីវកម្មរ៉ែ សម្ភារសំណង់ ទាំងរ៉ែលោហៈ។ ចំពោះរ៉ែប្រភេទសម្ភារសំណង់ ដូចជាថ្ម ខ្សាច់ ដី ។ល។ ក្រសួងបានឱ្យបង្កើតមូលនិធិរ៉ែ នៅតាមមូលដ្ឋាន ដែលមានការដ្ឋានអាជីវកម្មរ៉ែ។ ក្នុងនោះ បើអាជ្ញាធរឃុំសង្កាត់ណាមួយចង់បានថវិកាយកទៅអភិវឌ្ឍន៍មូលដ្ឋាន គឺលោកមេឃុំ ចៅសង្កាត់ អាចសរសេរលិខិតត្រង់ទៅក្រសួងរ៉ែ និងថាមពលតែម្តង។ ហើយក្រសួងនឹងចាត់មន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ វាយតម្លៃ ហើយនឹងផ្តល់ថវិកាជូន សម្រាប់គម្រោងអភិវឌ្ឍន៍ផ្នែកសាធារណៈនៅមូលដ្ឋាន។ ប៉ុន្តែ ការអភិវឌ្ឍនោះត្រូវដាក់ឱ្យក្រុមហ៊ុនដែលទទួលសិទ្ធិម៉ៅការសាងសង់ ឬអនុវត្តគម្រោងដេញថ្លៃជាសាធារណៈ។
ទន្ទឹមគ្នានោះ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ក៏បានក្រើនរំឭកដល់ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទទាំងអស់ត្រូវបន្តប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អប្រសើរថែមទៀតលើវិស័យរ៉ែ និងថាមពល ដូចជាការគ្រប់គ្រងធ្វើអាជីវកម្មរ៉ែ និងថាមពល ជំរុញការបន្តអាជ្ញាប័ណ្ណការដ្ឋានអស់សុពលភាព បន្តចុះពិនិត្យការធ្វើអាជីវកម្មសិប្បកម្មធនធានរ៉ែ និងចុះពិនិត្យទីតាំងការដ្ឋានថ្មសំណង់ជាដើម៕