បើគ្មានការប្រែប្រួលណាមួយទេ «បណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប ឬ Tonlesap Eco-Tourism Network» នឹងត្រូវបង្កើតឡើងនាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី ៣ នាថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។ នេះបើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ថោង ខុន នៅថ្ងៃទី ២៧ ខែតុលា ក្នុងពិធីបិទសិក្ខាសាលាស្ដីពី «ការបង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប» ដែលរៀបចំធ្វើនៅទីស្ដីការក្រសួង។
សិក្ខាសាលានេះរៀបចំឡើងដោយមានការចូលរួមពីលោក លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ជាអនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លោកអភិបាលរងនៃគណៈអភិបាលខេត្ត រដ្ឋបាលស្រុក និងមន្ទីរពាក់ព័ន្ធនៃបណ្តាខេត្តជុំវិញបឹងទន្លេសាបទាំង ៦, លោកស្រី Jane Wilding នាយកប្រតិបត្តិសភាពាណិជ្ជកម្មអង់គ្លេស, លោក យក់ សេងឡុង នាយកប្រតិបត្តិអង្គការ FACT រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
បើតាមការគូសបញ្ជាក់ពីលោករដ្ឋមន្ដ្រី ថោង ខុន បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹងប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ លក្ខណពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គនារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។
លោក ថោង ខុន បានបន្ថែមទៀតថា៖ «បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ កត្តាសត្យានុម័តទាំងនេះបានបង្កើតជាកាលានុវត្តភាពជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការធ្វើសុខដុមនីយកម្មការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថាន ប្រកបដោយចីរភាព និងបរិយាប័ន្ន»។
តាមរយៈសក្ដានុពលនេះ និងដើម្បីឈានទៅបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាបឱ្យបានសម្រេច លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍បានបន្តដាក់ចេញនូវទិសដៅការងារបន្ថែមចំនួន ៥ ចំណុចបន្ថែមទៀតដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធត្រូវរៀបចំ សម្រាប់ការងារចំពោះមុខ និងទៅអនាគត សំដៅធ្វើយ៉ាងណាជំរុញការបង្កើតឱ្យបានចេញជារូបរាងនូវបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប។
ការងារបន្ថែមទាំង ៥ ចំណុចនោះរួមមាន៖ ទី ១ គាំទ្រចំពោះការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលនឹងក្លាយជាយន្តការស្ថាប័នមួយចំណុះឱ្យគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ហើយដែលកិច្ចប្រតិបត្តិការរបស់បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដែលហៅកាត់ថាបណ្តាញ TEN នេះ នឹងស្ថិតក្រោមការដឹកនាំរបស់ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិ, ទី ២ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវសហការជាមួយដៃគូពាក់ព័ន្ធរៀបចំអនុស្សរណៈយោគយល់ (MoU) សម្រាប់ចុះហត្ថលេខាបង្កើតបណ្តាញ TEN នេះជាផ្លូវការ នាឱកាសវេទិកាជាតិអេកូទេសចរណ៍លើកទី ៣ នាថ្ងៃទី ២១-២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទី ៣ លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវរៀបចំយន្តការការងារឱ្យបានរបស់បណ្តាញនេះឱ្យបានច្បាស់លាស់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាព ពិសេសត្រូវរៀបចំផែនការសកម្មភាពការងារគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា យន្តការអនុវត្ត និងការតាមដានសម្មទិកម្មឱ្យបានច្បាស់លាស់ ដើម្បីជាមូលដ្ឋានកែតម្រូវ និងតម្រង់ទិសសម្រាប់ការអនុវត្តជំហានបន្ទាប់។ ចំណែកការងារទី ៤ លោករដ្ឋមន្ដ្រីស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍដែលមានមកពីអង្គការជាតិ និងអន្តរជាតិនានា ដែលនឹងជាស្ថាបនិក ឬសមាជិកបណ្តាញនេះ សូមផ្តល់ការគាំទ្រដល់កិច្ចប្រតិបត្តិការបណ្តាញនេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពិសេសការអនុវត្តផែនការសកម្មភាព ដែលនឹងត្រូវដាក់ចេញនាពេលបន្ទាប់ និងទី ៥ អំពាវនាវឱ្យបណ្តាដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិនានាផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។
ចំណែកលោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងប្រកាសថា លោកនឹងផ្តល់ការគាំទ្រ និងសម្របសម្រួលពេញទំហឹងលើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍ ហើយនឹងផ្តល់ឱ្យលោក ជុក ជំនោរ ដែលជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជួយសម្របសម្រួលលើគ្រប់ដំណើរការបច្ចេកទេសក្នុងការរៀបចំគម្រោងសកម្មភាពនានា។
សម្រាប់លោក ថោង ខុន រដ្ឋមន្ដ្រីនៃក្រសួងទេសចរណ៍ ការបង្កើត «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ឬ TEN» នឹងក្លាយជាយន្តការស្ថាប័នដ៏មានប្រសិទ្ធភាពមួយក្នុងការកៀរគរគ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ អង្គការដៃគូជាតិ និងអន្តរជាតិ និងដៃគូពាក់ព័ន្ធ វិស័យឯកជន ដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាពនៃវិស័យអេកូទេសចរណ៍ និងសហគមន៍ បញ្ហាប្រឈម ចែករំលែកមេរៀននៃការអនុវត្តល្អៗ ការកសាងសមត្ថភាព ការជំរុញសហគ្រិនភាព ឆ្ពោះទៅពង្រីកវិសាលភាពនៃវិស័យអេកូទេសចរណ៍ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាព នៅតំបន់បឹងទន្លេសាបផងដែរ៕