ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាវេទិកាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា នៅរាជធានីភ្នំពេញនៅខែក្រោយ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។
អមជាមួយកិច្ចប្រជុំកំពូលអាស៊ាន រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ រៀបចំពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ឆ្នាំ ២០២២ នាថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងនោះ មានវេទិកាចំនួន ៤ ដែលរួមបញ្ចូលទាំងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។
សេចក្តីប្រកាសព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ចនាថ្ងៃទី ២៨ ខែតុលា បញ្ជាក់ថា៖ «វេទិកានេះមានគោលបំណងគាំទ្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ដោយកៀរគរនិយ័តករ វិស័យឯកជន ក៏ដូចជាស្ថាប័នជាតិនិងអន្តរជាតិពាក់ព័ន្ធ មកជួបជុំគ្នា យល់ដឹងបន្ថែម និងកាន់តែច្បាស់ពីនិន្នាការ និងនវានុវត្តន៍ឬផលិតផលបច្ចេកវិទ្យាហិរញ្ញវត្ថុ»។
វេទិកានេះក៏មានគោលបំណងពិភាក្សាពីកាលានុវត្តភាពនិងបញ្ហាប្រឈមនានា ដើម្បីពង្រឹងនិងពង្រីកប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ក្ដោបយកឱកាសជាអតិបរមាពីនវានុវត្តន៍ទាំងនោះ ព្រមទាំងសម្របនិងត្រៀមខ្លួនសម្រាប់ការវិវឌ្ឍដ៏រហ័សនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គោលបំណងសំខាន់មួយទៀតរបស់វេទិកានេះគឺការបន្តប្រមូលធាតុចូលល្អៗ និងជាក់លាក់បន្ថែមក្នុងដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ដែលមានលក្ខណៈមុតស្រួច និងងាយបត់បែន។
វេទិកានេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម និងស្ថាប័នពាក់ព័ន្ធដទៃក្នុងវិស័យឯកជន។
វាគ្មិនជាតិនិងអន្តរជាតិនៃបណ្តានិយ័តករ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និងសមាគមជាច្រើននឹងធ្វើបទបង្ហាញ ក៏ដូចជាជជែកពិភាក្សាគ្នាស៊ីជម្រៅលើប្រធានបទមួយចំនួន ដែលទាក់ទងនឹងធនាគារឌីជីថល បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យធានារ៉ាប់រង សន្តិសុខសាយប័រ ក្នុង Open Finance និងការដាក់ឱ្យដំណើរការនៃថ្នាល Cambodia Distributed Ledger ជាដើម៕