ព្រះសីហនុៈ អាជ្ញាធរខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែតុលា បានចុះរុះរើក្យូសនៅលើឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ ដោយអាជ្ញាធរអះអាងថាបានការសាងសង់ក្យូសទាំងនេះ គឺមិនមានការអនុញ្ញាតពីអាជ្ញាធរ និងបានបង្កឱ្យមានការប៉ះពាល់លើដីចំណីឆ្នេរសាធារណៈ។
រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់លើហ្វេសប៊ុកនាថ្ងៃទី ២៨ ខែតុលា ថា៖ «ចំពោះការសាងសង់ក្យូសទាំងនេះ គឺសង់ដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានបង្កឱ្យមានការប៉ះពាល់លើដីចំណីឆ្នេរសាធារណៈ»។
ហ្វេសប៊ុកដដែលបន្តថា បច្ចុប្បន្ន ទាំងអាជ្ញាធរខេត្ត អាជ្ញាធរក្រុង និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធបាន និងកំពុងយកចិត្តទុកដាក់ក្នុងការរៀបចំចំណីឆ្នេរទាំងអស់ នៅក្នុងក្រុងនៃខេត្តព្រះសីហនុឱ្យបានស្អាតមានសោភ័ណភាពសម្រាប់ឱ្យប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត ដោយមិនអនុញ្ញាតឱ្យបុគ្គល ឬក្រុមហ៊ុនណាយកឆ្នេរសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ឬសាងសង់អ្វីនោះឡើយ។
ហ្វេសប៊ុកដដែលបន្តថា ក្នុងការចុះពិនិត្យ និងណែនាំនេះផងដែរ ម្ចាស់ទីតាំង បានទទួលស្គាល់នូវកំហុសឆ្គង និងបានចូលរួមសហការជាមួយអាជ្ញាធរ ដោយយល់ព្រមរុះរើដោយខ្លួនឯងវិញ៕