ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកជាផ្លូវការសន្និសីទអន្តរជាតិស្ដីពីបរិវត្តកម្មឌីជីថលនៅកម្ពុជា ឆ្នាំ ២០២២ ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា។
សន្និសីទមានគោលបំណងដើម្បីទទួលបាននូវការយល់ដឹង ក៏ដូចជាពិភាក្សាប្រមូលនូវធាតុចូលសំខាន់ៗរួមគ្នា ដើម្បីចូលរួមលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងនៅក្នុងតំបន់ និងសកលលោកដែលនឹងអាចកើតមានឡើងនៅក្នុងបរិបទឌីជីថលនាពេលបច្ចុប្បន្ន។
លោក ហង់ជួន ណារ៉ុន ថ្លែងក្នុងពិធីបើកសន្និសីទនេះ នាថ្ងៃទី ២៨ ខែតុលា នៅរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធវីដេអូ ថា សន្និសីទនេះជាការចាប់ផ្ដើមដ៏ល្អដោយបានផ្តល់ឱកាសជួបជុំពីសំណាក់អ្នកពាក់ព័ន្ធទាំងអស់ទាំងវិស័យសាធារណៈ និងឯកជន និងជាផ្នែកមួយចូលរួមចំណែកក្នុងការលើកកម្ពស់បំណិនសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល ដើម្បីគាំទ្រដល់គម្រោងបរិវត្តកម្មឌីជីថលតំបន់។
លោកថ្លែងថា៖ «វិបត្តិកូវីដ ១៩ បានជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៃបរិបទឌីជីថលនៅកម្ពុជា រួមមានការដាក់ចេញនូវរដ្ឋាភិបាលឌីជីថល ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជាពិសេស ការពង្រឹង និងលើកកម្ពស់ការអប់រំតាមបែបឌីជីថល ដែលបានផ្តល់ឱកាសមួយដ៏អស្ចារ្យសម្រាប់កម្ពុជាទាញយកផលប្រយោជន៍នៃឌីជីថលនីយកម្ម»។
បើតាមហ្វេសប៊ុកក្រសួងអប់រំ សន្និសីទនេះ បានប្រព្រឹត្តទៅដោយមានការចូលរួមដោយប្រតិភូតំណាងស្ថាប័នរាជរដ្ឋាភិបាល វិស័យឯកជន សមាគមពាណិជ្ជកម្ម ព្រមទាំងផ្នែកពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្ស និងការធ្វើបរិវត្តកម្មឌីជីថល សរុបប្រមាណ ២៣០ នាក់៕