ដោយមើលឃើញថា ការវាយប្រហារតាមអ៊ីនធឺណិតគឺជាបញ្ហាប្រឈមដ៏ធំមួយមិនថាសម្រាប់កម្ពុជា ឬពិភពលោក សភាពាណិជ្ជកម្មរបស់ម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា (MBCC) បានសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍រៀបចំវេទិកាមួយស្តីអំពី «សន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»។ វេទិកានេះបានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ទី ២៦ តុលា ឆ្នាំ ២០២២ នៅឯសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
កម្មវត្ថុសំខាន់នៃវេទិកានេះ គឺកិច្ចពិភាក្សាលើបញ្ហាប្រឈម និងធ្វើឱ្យប្រសើរឡើងលើលិខិតបទដ្ឋានគតិយុត្តដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា បាននិងកំពុងរៀបចំដើម្បីប្រមូលផ្តុំធាតុចូលបន្ថែមភាគីពាក់ព័ន្ធ។
អញ្ជើញជាអធិបតីក្នុងកម្មវិធីខាងលើ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជាលោក ជា វ៉ាន់ដេត បានថ្លែងថា៖ «ក្នុងរយ:ពេលជាង ២ ឆ្នាំចុងក្រោយនេះ សង្គមរបស់យើងបានបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងជីវភាពរស់នៅប្រចាំថ្ងៃលើគ្រប់វិស័យ។ ការកើនឡើងនេះបានធ្វើឱ្យគ្រប់គ្នាអាចក្លាយជាជនងាយរងគ្រោះពីការវាយប្រហារតាមអ៊ីនធឺណិត ហើយការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាដូចជា AI, Big Data, និង Virtual Reality ពិតជាមានផលវិបាកក្នុងការកំណត់ពីអត្តសញ្ញាណក្រុមឧក្រិដ្ឋជន»។
លោក ជា វ៉ាន់ដេត បានលើកឡើងដែរថាបច្ចុប្បន្ននេះ ប្រទេសកម្ពុជាក៏បានក្លាយជាគោលដៅសម្រាប់ពួកឧក្រិដ្ឋជនតាមអ៊ីនធឺណិតផងដែរ។ ស្ថាប័នជាច្រើន ធ្លាប់ត្រូវបានរងការវាយប្រហារតាមអ៊ីនធឺណិតក្រោមទម្រង់ជា Phishing, Malware, Ransomware, DDoS ជាដើម។
តាមលោករដ្ឋមន្ត្រី សន្តិសុខតាមអ៊ីនធឺណិតគឺជាទំនួលខុសត្រូវរបស់គ្រប់គ្នា។ ហើយ លោកក៏បានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារ និងលើកកម្ពស់សុវត្ថិភាពតាមអ៊ីនធឺណិត ដោយបង្កើតហេដ្ឋារចនាសម្ព័ន្ធសន្តិសុខសាយប័រថ្នាក់ជាតិ និងការជ្រើសរើសមន្ត្រីជំនាញដើម្បីតាមដានការវាយប្រហារតាមអ៊ីនធឺណិតជាដើម។
បន្ថែមលើនេះ ក្រសួងប្រៃសណីយន៍និងទូរគមនាគមន៍ ក៏កំពុងតែរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសន្តិសុខតាមអ៊ីនធឺណិត និងការការពារទិន្នន័យផងដែរ។
ទាក់ទងរឿងនេះ លោក លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ប្រាប់កាលពីយប់ថ្ងៃសុក្រ ទី ២៨ តុលាថា នេះជាលើកទី១ ហើយដែលសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា បានសហការគ្នាជាមួយក្រសួងប្រៃសណីយ៍រៀបចំវេទិកាស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះឡើង។
«ប្រសិនបើមានការចាំបាច់ ប្រហែលជានឹងមានការរៀបចំវេទិកានេះនៅពេលក្រោយទៀត។ ប៉ុន្តែ ឥឡូវកម្មវិធីជាក់ស្តែង យើងអត់ទាន់បានគ្រោងទុកថានឹងកំណត់នៅពេលណាទៀតនោះទេ»។ លោក លីវ សុផាណារិទ្ធិ បានបន្ថែម។
គួរជ្រាបថា ក្រៅពីវត្តមានរបស់រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា វេទិកាស្តីពីសន្តិសុខតាមអ៊ីនធឺណិត និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដ៏ទទួលបានការចូលរួមពីលោក Datuk Eldeen Husaini Mohd Hashim ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា និងលោក Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំកម្ពុជា។
ក្រៅពីនេះ ក៏មានការចូលរួមពីភ្ញៀវដែលមកពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនទូរគមនាគមន៍-បច្ចេកវិទ្យា ក្រុមហ៊ុនសន្តិសុខបច្ចេកវិទ្យា វាគ្មិនជំនាញផ្នែកបច្ចេកវិទ្យា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិចំនួនប្រមាណ ៣០០ នាក់៕