ភ្នំពេញៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងមកកម្ពុជា នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំ រវាងសហរដ្ឋអាមេរិក និងអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
សេចក្តីថ្លែងការណ៍របស់សេតវិមាននៅថ្ងៃទី ២៨ ខែតុលា បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នឹងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីអាគ្នេយ៍ និងតំបន់កណ្តាលអាស៊ាន ហើយនឹងសម្លឹងមើលការកសាងភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ជាប្រវត្តិសាស្ត្រនៅទីក្រុង វ៉ាស៊ីនតោន។
សេចក្តីថ្លែងការណ៍នោះបញ្ចាក់ថា៖ «លោកនឹងគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងភាពរុងរឿងនៅក្នុងតំបន់ និងសុខុមាលភាពរបស់មនុស្ស ១ពាន់លាននាក់របស់យើង»។
ប្រធានាធិបតី Biden នឹងបំពេញទស្សនកិច្ចជាលើកដំបូង នៅអេហ្ស៊ីប នៅថ្ងៃទី១១ ខែវិច្ឆិកា ជាកន្លែងដែលលោកនឹងចូលរួមសន្និសីទលើកទី២៧ នៃភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP27) នៅទីក្រុង Sharm el-Sheikh។ បន្ទាប់ពីកម្ពុជា លោកនឹងបន្តទៅប្រទេស ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៣-១៦ ខែវិច្ឆិកា ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំ G20 នៅទីក្រុងអាលី។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានសរសេរនៅលើធ្វីតធើរ នៅថ្ងៃទី២៩ ខែតុលាថា៖ «យើងទន្ទឹងរង់ចាំស្វាគមន៍ប្រធានាធិបតី Biden មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា»។
ក្នុងពេលជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា លោកក៏បានអញ្ជើញប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មកចូលរួមប្រជុំអាស៊ាននៅរាជធានីភ្នំពេញផងដែរ ប៉ុន្តែនៅមិនទាន់មានការឆ្លើយតប។
លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ធ្លាប់បានឱ្យដឹងថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ (40th & 41st ASEAN Summits and Related Summit) ចាប់ពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ៕