ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងសហការជាមួយដៃគូអភិវឌ្ឍ ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ឱ្យបានឆាប់រហ័ស។
លោក ហ៊ុន សែន បានគូសបញ្ជាក់បែបនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៨ ខែតុលានេះ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលនឹងសហការជាមួយដៃគូអភិវឌ្ឍ ជំរុញគម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ឱ្យបានឆាប់រហ័ស»។
ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលនឹងបន្តលើកទឹកចិត្តដល់វិស័យឯកជនដែលវិនិយោគលើផលិតកម្មស្រូវ-អង្ករ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើនជាងមុន ដើម្បីសម្រេចចក្ខុវិស័យនៃការនាំចេញអង្ករឱ្យបាន ១លានតោនរបស់កម្ពុជា ស្របតាមគោលនយោបាយស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ។
ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលបានជំរុញដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងតួនាទីរបស់ខ្លួនឱ្យបានល្អ ជាពិសេសផ្តល់សេវាសាធារណៈដោយផ្ទាល់និងល្អប្រសើរជូនដល់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖ «រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងការអនុវត្តតួនាទីរបស់ប្រធានក្រុមប្រឹក្សា ឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់, ប្រធានភូមិ, ប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងប្រចាំមណ្ឌលសុខភាពឃុំ សង្កាត់ ដែលជាមន្ត្រីបង្គោលនៅមូលដ្ឋានឃុំ សង្កាត់ ក្នុងការអនុវត្តភារកិច្ច ផ្តល់សេវាសាធារណៈដោយផ្ទាល់និងល្អប្រសើរជូនប្រជាពលរដ្ឋ»។
លោកនាយករដ្ឋមន្ត្រី បានប្រកាន់ជំហរដាច់ខាតថ្កោលទោសចំពោះជនជ្រុលនិយមនិងជនក្បត់ជាតិ ដែលបានប្រមាថលើ អង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ដែលការប្រមាថនេះ គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា «អង្គព្រះមហាក្សត្រមិនអាចមាននរណាមករំលោភបំពានបានឡើយ»៕