កំពង់ធំៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកដល់មន្ត្រីរាជការទាំងអស់ ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេស បន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
ការក្រើនរំឭករបស់ លោក ហ៊ុន សែន បែបនេះធ្វើឡើងពេលជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ។
លោកថ្លែងថា៖ «ត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈ រួមមាន សេវាតម្រូវការចាំបាច់ទាំងឡាយ និងសេវាសំណូមពរនានា ជូនប្រជាពលរដ្ឋ ឱ្យបានលឿន និងមានប្រសិទ្ធភាព ហើយត្រូវខិតខំបំបាត់ឱ្យអស់នូវភាពអសកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ»។
ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ ជាពិសេស ការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។
លោកបានថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការទប់ស្កាត់ជំងឺកូវិដ១៩ របស់ប្រទេសកម្ពុជា តាមរយ:យុទ្ធសាស្ត្រចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាព ដែលធ្វើឱ្យកម្ពុជាមានឱកាសបើកដំណើរការប្រទេសជាតិឡើងវិញ។
លោកគូសបញ្ជាក់ថា៖ «ទាំងអស់នេះដោយសារតែការខិតខំរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចម្លងនៃជំងឺកូវីដ១៩»។
លោកនាយករដ្ឋមន្ត្រីក៏បានរំឭកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាដល់សុវត្ថិភាពនៃការរស់នៅ របស់ប្រជាពលរដ្ឋ។
ថ្លែងរាយការណ៍ជូននាយករដ្ឋមន្ត្រី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា នៅទូទាំង ខេត្តកំពង់ធំ មានមន្ត្រីរាជការស៊ីវិលកំពុងបំពេញការងារសរុបចំនួន ៧ ៩៣៧នាក់ ក្រុមប្រឹក្សាខេត្ត ២៥នាក់ ក្រុមប្រឹក្សាក្រុងស្រុក ១៦៩នាក់ និងក្រុមប្រឹក្សាឃុំសង្កាត់ ៥៨៥នាក់។
លោកអភិបាលខេត្តលើកឡើងថា ចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់វិញ គឺគណៈបញ្ជាការឯកភាពខេត្ត បានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ។
ជាមួយគ្នានោះ ការបង្ក្រាបបទល្មើសផ្សេងៗដូចជា បទល្មើសធនធានធម្មជាតិមាន នេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃជាដើម និងពាក់ព័ន្ធបទល្មើសជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពជាដើម ត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តបានជាប្រចាំពិសេសការទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសង គ្រប់ប្រភេទ៕