ភ្នំពេញៈ​មន្ដ្រី​ជាន់​ខ្ពស់​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នា​គមន៍​បាន​បញ្ជាក់​ថា ​បច្ចុប្បន្ន​ក្រុម​ការងារ​អន្តរ​ក្រសួង​បាន​ចុះ​ត្រួត​ពិនិត្យ​ និង​សិក្សា​គុណ​ភាព​សេវា​នៅតាម​គោល​ដៅ​ទេស​ចរណ៍​អាទិ​ភាព ​តំបន់​ការពារ​ធម្មជាតិ​ និង​តំបន់​ទេស​ចរណ៍​ដាច់​ស្រយាល ​ដើម្បី​សាង​សង់​ស្ថានីយ​អង់តែ​ន​សេវា​ទូរស័ព្ទ​ និង​អ៊ឺ​ន​ធឺ​ណិ​ត​បាន​ចំនួន​១៧​ខេត្ត​ហើយ ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​សេវា​នេះ​ដល់​ពល​រដ្ឋ​។​

​លោក ​សូ វិ​សុ​ទ្ធី រដ្ឋ​លេខាធិ​ការ និង​ជា​អ្នកនាំ​ពាក្យក្រសួង​ប្រៃស​ណីយ៍​និង​ទូរគម​នាគមន៍​​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២៩​ ខែតុលា​ថា​ ក្រុម​ការងារ​អន្តរ​ក្រសួង ​អាជ្ញា​ធរ​ពាក់​ព័ន្ធ ព្រម​ទាំង​ប្រតិ​បត្តិ​ករ​ទូរ​គមនា​គមន៍​បាន​ចុះ​ត្រួត​ពិនិត្យ​ និង​សិក្សា​គុណ​ភាព​សេវា​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​អាទិ​ភាព តំបន់​ការពារ​ធម្ម​ជាតិនិង​តំបន់​ទេស​ចរណ៍​ដាច់​ស្រ​យាល​សរុប​ចំនួន ១០០​ គោល​ដៅ​នៅ​តាម​ខេត្ត​នានា​ ដើម្បី​ពង្រឹង​គុណ​ភាព​សេវា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ជូន​ភ្ញៀវ​ទេស​ចរជាតិ​ អន្តរ​ជាតិ សហ​គមន៍​ទេស​ចរណ៍ និង​ប្រជា​ពលរដ្ឋ​នៅ​មូល​ដ្ឋាន​ផ្ទាល់​។

​លោក​ថ្លែង​ថា​៖ «​បច្ចុប្បន្ន​ក្រុម​ការងារ​បាន​ចុះ​ត្រួត​ពិនិត្យ និង​សិក្សា​គុណ​ភាព​សេវា​បាន​ចំនួន ​១៧ ​ខេត្តរួម​មាន​ កំពង់​ឆ្នាំង ពោធិ៍​សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ​ ប៉ៃលិន សៀម​រាប ព្រះ​វិហារ​ ឧត្ត​រ​មាន​ជ័យ កំពង់​ចាម ​ត្បូង​ឃ្មុំ ​កំពត​ កែប តា​កែវ កណ្ដាល​ក្រចេះ ស្វាយ​រៀង​ព្រៃ​វែង សរុប​ ៦៣​គោល​ដៅ​»​។

​លោក វិ​សុ​ទ្ធី បាន​ឱ្យ​ដឹង​ថា ​បន្ទាប់​ពី​ចុះ​ត្រួត​ពិនិត្យ​សិក្សា​ទីតាំង​ផ្ទាល់​រួច ​ក្រុម​ការងារ​ នឹង​ពិនិត្យ​លទ្ធ​ភាព​គួរ​សាង​សង់​នៅ​តំបន់​ណា ​ដោយ​ផ្អែក​លើ​ស្ថាន​ភាព​នៃ​តំបន់​នីមួយៗ ​សក្ដានុព​ល​ទេស​ចរណ៍ ​សេដ្ឋ​កិច្ច ស្ថាន​ភាព​ផ្លូវ​ជា​ដើម​។ក្នុង​នោះ​​មាន​ការ​ចូល​រួម​សហ​កា​រ​ពី​ក្រុម​កា​រងារ​អន្តរក្រ​សួង ​រួមមាន ​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរ​គម​នា​គមន៍ ក្រសួង​ទេស​ចរណ៍ ក្រសួង​បរិស្ថាន ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​។

​លោក​លើក​ឡើង​ថា​ ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគម​នាគ​មន៍​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​សាង​សង់​ស្ថានីយ​អង់​តែ​ន​បន្ថែម​ចំនួន ​១០០ ​បង្គោល ដើម្បី​លើក​កម្ពស់​គុណ​ភាព​សេវា នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​អាទិ​ភាព និង​តំបន់​ទេសចរណ៍​ដាច់ស្រយាល កាលពី​ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ ។

​លោក​ថ្លែងថា​៖ «​នេះ​គឺ​អនុវត្ត​តាម​ប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ក្នុង​កម្មវិធី​សន្និ​បាត​បូក​សរុប​ការងារ​របស់​ក្រសួង​ទេស​ចរណ៍​ណែ​នាំឱ្យ​ក្រុម​ហ៊ុន​ទូរ​ស័ព្ទ ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីន​ធឺណិត​ពង្រឹង​លើ​ការ​ផ្ដល់​គុណ​សេវា​របស់​ខ្លួន​ទាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​នៅ​តាម​តំបន់​ទេសចរណ៍​ ក៏​ដូច​ជា​ស្រប​តាម​យន្ត​ការ​របស់​លោក ​ជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍និង​ទូរ​គមនា​គមន៍​ដែល​បាន​បង្កើត​ក្រុម​ការងារ​លើក​កម្ពស់​គុណ​ភាព​សេវា​ទាំង​៥​តំបន់​ទូទាំង​ប្រទេស​ចាប់​តាំងពី​ពាក់​កណ្តាល​ឆ្នាំ​ ២០២១ »​។

​លោក ​វិ​សុ​ទ្ធី បាន​បញ្ជាក់​ថា ថវិកា​ដែល​ប្រើ​ប្រាស់​ក្នុងការ​សាង​សង់​ស្ថានីយ​អង់​តែ​ន​ចំនួន ​១០០ គោល​ដៅ​នេះ គឺជា​ថវិកា​របស់​មូល​និ​ធិ​កាតព្វ​កិច្ច​សា​កល​។​

​លោក សុខ សម្បត្តិ ពលរដ្ឋ​រស់​នៅបុរី​ពិភពថ្មី​កួរស្រូវ​២ ស្ថិតនៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​មាន​ជ័យ រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹងថា ​ចាប់ពី​ពាក់​កណ្ដាល​ខែតុលា​មក​ មាន​ក្រុម​ការងារ​របស់​ក្រសួង​ជា​ច្រើន​នាក់​បានមក​ដំឡើង​អង់​តែ​ន​សេវា​ទូរស័ព្ទ​នៅ​តាម​បុរី​ដែល​លោក​កំពុង​រស់​នៅ​។ លោក​រំពឹង​ថា ក្រោ​យ​សាង​សង់​អង់​តែ​ន​សេវា​បន្ថែម​រួ​ចរាល់​នឹង​លែង​កើត​មាន​បញ្ហា​សេវា​ទូរស័ព្ទ​ឬ​អ៊ីន​ធឺណិត​ដូច​ពេល​មុន​ទៀត​ទេ​។​

​លោក​ប្រាប់​ថា​៖ «​ខ្ញុំ​ឃើញ​មាន​ក្រុម​ការងារ​គេ​មក​ដំឡើង​អង់​តែង​នៅ​ក្នុង​បុរី​ដែល​ខ្ញុំ​កំពុង​រស់នៅប្រហែល​បាន ៣​ បង្គោល រួច​ហើយ​។ ប៉ុន្តែ​នៅ​តែ​អត់​មាន​សេវា​ដ​ដែល រឿង​នេះ​ខ្ញុំ​ក៏​អត់​ដឹង​ដែរ​»​។​

​លោក ​សម្បត្ដិ លើក​ឡើង​ក្នុង​នាម​ជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរីស្នើ​ក្រសួង និ​ង​ស្ថាប័ន​ពាក់​ព័ន្ធ​ជួយ​ព​ន្លឿ​ន​ការងារ​នេះ​ឱ្យបាន​លឿន ​ព្រោះ​ពលរដ្ឋ​ទាំង​អស់​មាន​ការ​លំបាក​ក្នុង​ប្រា​ស្រ័យ​ទាក់​ទង​គ្នា ដោយសារ​លំបាក​សេវា​ទូរ​ស័ព្ទ និង​អ៊ីន​ធឺណិត​៕