ភ្នំពេញៈ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ក្នុងរយៈពេល ២ ថ្ងៃ មានអ្នកចូលរួមតាមអនឡាញជាង ៦ ម៉ឺននាក់ និងចូលរួមដោយផ្ទាល់ជាង ៣ ម៉ឺននាក់ ដែលមានតម្រូវការកម្លាំងពលកម្មជិត ២ ម៉ឺនកន្លែង ពីក្រុមហ៊ុនធំៗនិងល្បីៗចំនួន ១៥០។
កាលពីថ្ងៃទី ២៨ -២៩ តុលា ឆ្នាំ ២០២២ NEA បានសហការជាមួយ ស.ស.យ.ក រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានរៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ដើម្បីផ្តល់ឱកាសការងារដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ នៅក្នុងមហាព្រឹត្តិការណ៍ការងារដ៏ធំជាងគេប្រចាំឆ្នាំនេះ។
ក្រោយបញ្ចប់ព្រឹត្ដិការណ៍ពិព័រណ៍ការងារនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានឱ្យដឹងថា មានតម្រូវការកម្លាំងពលកម្មតាមអនឡាញចំនួន ៥ ៧៣៦ កន្លែង មកពីក្រុមហ៊ុនចំនួន ១០៥ ត្រូវបានប្រកាសជ្រើសរើស ខណៈរយៈពេល ២ ថ្ងៃនោះ មានអ្នកចូលរួមទស្សនាតាមអនឡាញជាង ៦ ម៉ឺននាក់ ក្នុងនោះក៏មានអ្នកដាក់ពាក្យស្វែងរកការងារច្រើនផងដែរ។
តាមរបាយការណ៍របស់ NEA បានឱ្យដឹងថា តម្រូវការពលកម្មជិត ៦ ០០០ កន្លែងត្រូវបានប្រកាសតាមអនឡាញ ហើយក្នុងរយៈពេល ២ ថ្ងៃនេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចូលរួមតាំងបង្ហាញចំនួន ១៥០ បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំនិងរាយ, ទេសចរណ៍និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ, អចលនទ្រព្យនិងសំណង់, ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។
លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពិព័រណ៍ការងារនេះ បានបង្កើតឱ្យមានវេទិកាការងារដ៏ធំជួបជុំគ្នានៅ ១ កន្លែង សម្រាប់ផ្តល់ភាពងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងដៃគូពាក់ព័ន្ធនានា។
លោកបន្តថា ពិព័រណ៍នេះ បានបង្កើតឱកាសឱ្យពួកគេផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារក្នុងការលើកកម្ពស់ការយល់ដឹង និងបណ្តុះគំនិតអំពីការបង្កើនផលិតភាពផងដែរ។
លោកបានបញ្ជាក់ថា៖ «ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាននិងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុង ១ ឆ្នាំម្តង បន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ NEA»។
លោក ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងក្នុងសិក្ខាសាលាស្តីពី "ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព"នៃពិព័រណ៍ការងារ នៅថ្ងៃទី ២៩ តុលាថា នេះ គឺជាការបង្ហាញឱ្យឃើញផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នាក្នុងចលនាជាតិលើកកម្ពស់ផលិតភាពនៅកម្ពុជា។
លោកបន្តថា៖ «តាមរយៈការរៀនសូត្របទពិសោធជោគជ័យរបស់ប្រទេសដែលនាំមុខគេដូចជា ជប៉ុន កូរ៉េ សិង្ហបុរី និងម៉ាឡេស៊ីជាដើម សំដៅបណ្តុះឡើងនូវផ្នត់គំនិតអំពីផលិតភាពក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ជាពិសេសក្នុងចំណោមកម្មករនិយោជិត យុវជន សិស្ស និស្សិត, ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតពីសំណាក់និយោជកពីការចាត់ទុក “កម្មករនិយោជិត” គ្រាន់តែជាធនធានដូចធនធានផលិតកម្មដទៃទៀត ទៅចាត់ទុកជា “មូលធន” ដែលត្រូវការចាំបាច់ធ្វើការវិនិយោគជាប្រចាំ ដើម្បីលើកកម្ពស់និងពង្រីកជំនាញអាចឱ្យសមត្ថភាពឆ្លើយតបបានទៅនឹងការប្រែប្រួលគ្រប់កាលៈទេសៈ»។
លោកបានបញ្ជាក់ថា កំណើនផលិតភាពដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនៃប្រទេសមួយដោយផ្តល់លទ្ធភាពឱ្យសេដ្ឋកិច្ចជាតិនៃប្រទេសនោះអាចផលិតបាននូវផលិតផលដែលមានតម្លៃបន្ថែមកាន់តែច្រើន ខណៈការប្រើប្រាស់ធនធានកាន់តែមានប្រសិទ្ធភាពរួមចំណែកបង្កើនភាពប្រកួតប្រជែងរបស់ប្រទេស។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានលើកឡើងថា ជំនាញ និងទេពកោសល្យ ជំរុញឱ្យមានកំណើនផលិតភាព ហើយកំណើនផលិតភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ សមាគមនេះអះអាងថា ខ្លួនបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្តីពី "ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព" ក្នុងគោលបំណងលើកកម្ពស់ផលិតភាព ក៏ដូចជាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃផលិតភាព។
លោក កាំង មូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងថា នេះជាពិព័រណ៍ការងារជាតិ ដូច្នេះគ្របដណ្តប់លើគ្រប់វិស័យ។ លោកថា៖ «យើងចូលរួមជាចម្បងជាមួយក្រសួងលើការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះដល់ទាំងក្រុមហ៊ុនដែលមានបំណងធ្វើការជ្រើសរើសបុគ្គលិក និងដល់អ្នកដែលកំពុងមានតម្រូវការស្វែងរកការងារធ្វើ។
បន្ថែមពីលើនេះយើងបានសហការរៀបចំសិក្ខាសាលាដែលពាក់ព័ន្ធដល់ការលើកកម្ពស់ផលិតភាពការងារ។ កាលណាយើងនិយាយពីការងារ យើងមិនអាចមិននិយាយពីកម្រិតផលិតភាពការងារឡើយ»។
កាលពីថ្ងៃទី ៤ ទី ៥ ខែវិច្ឆិកា ឆ្នាំមុន តម្រូវការកម្លាំងពលកម្មសរុបមាន ២៣ ១៤០ កន្លែង ត្រូវបានប្រកាសជ្រើសរើសពី ១០៩ ក្រុមហ៊ុន ក្នុងនោះផ្នែករដ្ឋបាលសាធារណៈមានច្រើនជាងគេ គឺ ៧ ៤៤២ កន្លែង និងផ្នែកកម្មន្តសាលឈរក្នុងលំដាប់ខ្ពស់ទី២ គឺ ៥ ៣៥៩ កន្លែង និងបន្ទាប់មក គឺផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងរដ្ឋបាល ២ ៩៤៦ កន្លែង ខណៈផ្នែកព័ត៌មានវិទ្យាមាន ២ ៥៥៨ កន្លែង។ នេះបើ តាមការប្រកាសរបស់ NEA៕