
ផ្ទះបុរាណក្នុងសហគមន៍វត្តគរ ខេត្តបាត់ដំបង។ រូបថត សហការី
បាត់ដំបងៈ ស្ថាបត្យករជាតិ និងអន្តរជាតិប្រមាណជាង ៣០ នាក់នឹងរួមសហការគ្នាធ្វើសិក្ខាសាលាស្តីពីស្ថាបត្យកម្មមូលដ្ឋាននៅតាមបណ្តាផ្ទះឈើបុរាណនានានៅក្នុងភូមិវត្តគរ ខេត្តបាត់ដំបង។ សិក្ខាសាលាអន្តរជាតិនេះបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីចងក្រងឯកសារអភិរក្សនឹងផ្តល់តមៃ្លទៅដល់បណ្តាអគារបេតិកភណ្ឌនានា។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមការងារ VERNADOC Cambodia បានឱ្យដឹងថា សិក្ខាសាលានេះនឹងប្រារព្ធធ្វើឡើងរយៈពេល ២ សប្ដាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ហើយគ្រោងនឹងបញ្ចប់នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ។ សិក្ខាសាលានេះមានការបណ្ដុះបណ្ដាល ជំនាញ និងព័ត៌មានទាក់ទងនានាលើការគូរវាស់អគារ និងដាក់បញ្ចូលពណ៌ និងមានការតាំងពិព័រណ៍ស្នាដៃគំនូរស្ថាបត្យកម្មផងដែរ។
លោក ម៉ៅ វុត្ថា អ្នករៀបចំកម្មវិធីសិក្ខាសាលានេះបានឱ្យដឹងថា សម្រាប់និស្សិត និងបណ្តាស្ថាបត្យករថ្មីៗនឹងទទួលការបណ្ដុះបណ្ដាលបន្ថែមពីជំនាញបច្ចេកទេសមូលដ្ឋាន និងបទពិសោធ ដើម្បីជាមូលដ្ឋានប្រយោជន៍រួមដល់សហគមន៍ក្នុងការថែរក្សាអគារចាស់ៗ។ មានកិច្ចសហការពីសំណាក់សាកលវិទ្យាល័យជាតិបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង។
លោកថា៖ «កម្មវិធីនេះនឹងលើកទឹកចិត្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យទទួលស្គាល់តម្លៃជាបេតិកភណ្ឌរបស់អគារ និងចូលរួមចំណែកក្នុងការថែរក្សាអភិរក្សតទៅទៀត»។
លោក វុត្ថា បានបញ្ជាក់ថា កម្មវិធីនេះក៏នឹងជួយលើកមុខមាត់ និងវិស័យទេសចរណ៍សហគមន៍ ហើយជាពិសេសនោះគឺក្នុងខណៈពេលដែលបាត់ដំបងកំពុងត្រូវបានស្នើសុំបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក UNESCO ។
លោក វុត្ថា បញ្ជាក់ថា សហគមន៍វត្តគរមានចម្ងាយប្រមាណតែ ២ គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនក្រុងបាត់ដំបង ហើយត្រូវបានចាត់ទុកថា ជាភូមិវប្បធម៌មួយដែលសម្បូរទៅដោយផ្ទះឈើបុរាណស្អាតៗជាច្រើន ជាពិសេសផ្ទះដែលមានវ័យចំណាស់ចាប់ពី ៦០ ឆ្នាំទៅ ៧០ ឆ្នាំ។ ផ្ទះឈើបុរាណ នៅភូមិវត្តគរ មាននៅសេសសល់ប្រមាណ ៤០ ខ្នងផ្ទះ ប៉ុន្ដែបច្ចុប្បន្នមានពលរដ្ឋដែលបើកឱ្យភ្ញៀវទេសចរចូលទស្សនាមានតែ ២ ទៅ ៣ ផ្ទះប៉ុណ្ណោះ។
លោក ស៊ុង ស៊ើង មន្ត្រីកិច្ចការសាធារណៈក្រុងបាត់ដំបងថ្លែងថា រដ្ឋបាលក្រុងបានរៀបចំដាក់តំបន់ភូមិវត្តគរ សម្រាប់ការអភិរក្សនៅក្នុងប្លង់គោលរបស់រដ្ឋបាលក្រុងតាំងពីឆ្នាំ ២០០៨ រួមជាតំបន់ ២ ទៀត គឺតំបន់កណ្ដាលក្រុងបាត់ដំបងចាស់ និងតំបន់ភូមិក្ដុល។ បច្ចុប្បន្ននេះរដ្ឋបាលខេត្តបាត់ដំបងបានដាក់ឯកសារ ស្នើសុំបញ្ចូលតំបន់ទាំងនេះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូរួចហើយ៕