ភ្នំពេញៈ លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងថា ការកាត់បន្ថយការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណីតមិនមែនមានន័យថា ជាការហាមមិនឱ្យប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណីតនោះទេ តែជាការចូលរួមថែរក្សាព្រៃឈើឱ្យមាននិរន្តរភាព ខណៈប្រជាជនកម្ពុជាកំពុងបន្តកើនឡើងកាន់តែច្រើន។
លោក ណៅ ធួក បានថ្លែងបែបនេះក្នុងនៅក្នុងវេទិកាគោលនយោបាយស្តីពីការកាត់បន្ថយតម្រូវការប្រើប្រាស់គ្រឿងសង្ហារិមធ្វើពីឈើប្រណីត ដែលរៀបចំដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
លោក ណៅ ធួក បញ្ជាក់ថា៖ «កាត់បន្ថយមិនមែនហាមមិនឱ្យប្រើទេ។ព្រោះប្រទេសកម្ពុជាយើងមនុស្សកាន់តែច្រើនហើយ ១៥-១៦ លាននាក់ជាងហើយ តែកាលជំនាន់ខ្ញុំតែ ៦-៧ លានទេ។ អ៊ីចឹងការមានគំនិតបង្កើតជា policy ដើម្បីបន្ថយការប្រើប្រាស់ ណែនាំឱ្យអ្នកប្រើប្រាស់គាត់ប្រើឈើស្តើងៗ ប្រើឈើមិនប្រណីតខាងក្នុងហើយបិទឈើប្រណីតខាងក្រៅអ៊ីចឹងទៅ»។
លោក អ៊ុក ស៊ីសុវណ្ណ ប្រធានគម្រោងអនាគតបៃតងកម្ពុជានៃអង្គការ USAID ថ្លែងថា គម្រោងអនាគតកម្ពុជាបៃតងគឺជាគម្រោងដែលមានរយៈពេល ៥ ឆ្នាំ ចាប់ផ្តើមពីខែតុលា ឆ្នាំ ២០១៩ និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ ដែលផ្តល់មូលនិធិដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ USAID។ គម្រោងមានគោលបំណងលើកកម្ពស់ និងផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជានិងអង្គការសង្គមស៊ីវិលនូវចំណេះដឹង ជំនាញដើម្បីប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងផ្អែកលើភ័ស្តុតាងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរឥរិយាបថសង្គម និងសកម្មភាពជាវិជ្ជមានឆ្ពោះទៅរកការអភិរក្សជីវចម្រុះការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ។
គម្រោងនេះផ្តោតនិងធ្វើការជាមួយយុវជនទូទាំងប្រទេស ទាំងនៅរាជធានីភ្នំពេញ និងតំបន់ទេសភាព គោលដៅចំនួន ២ គឺព្រៃឡង់ និងតំបន់ទេសភាពភាគខាងកើត។ ដោយមានការចង្អុលបង្ហាញជាយុទ្ធសាស្ត្រ ស្តីពីទំនាក់ទំនងផ្លាស់កាលផ្លាស់ប្តូរឥរិយាបថសង្គម អន្តរាគមន៍របស់គម្រោងកំពុងផ្តោតលើប្រធានបទផ្លាស់ប្តូរឥរិយាបថសង្គមចំនួន ៣ គឺ ទី១ តម្រូវការកាត់បន្ថយគ្រឿងសង្ហារិមធ្វើពីឈើប្រណីត ទី២ ការកាត់បន្ថយការទិញនិងហូបសាច់សត្វព្រៃ និងទី៣ បញ្ឈប់ការចោលសំរាមផ្តេសផ្តាស។
លោកថ្លែងថា៖ «វេទិកាគោលនយោបាយនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោងអនាគតបៃតងកម្ពុជាដែលមានគោលបំណងសិក្សាស្វែងយល់ពីរបៀបដែលយើងអាចប្រើប្រាស់ទំនាក់ទំនងផ្អែកលើភ័ស្តុតាង បានកាន់តែប្រសើរឡើងថែមទៀត ដែលភ្ជាប់ជាមួយនឹងយុទ្ធនាការទំនាក់ទំនងការផ្លាស់ប្តូរឥរិយាបថសង្គម»។
លោក Craig Hart តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID ថ្លែងថា ព្រៃឈើជាផ្នែកមួយដ៏សំខាន់នៅក្នុងការធានានិរន្តរភាពកំណើនសេដ្ឋកិច្ច ជីវចម្រុះ បេតិកភណ្ឌ វប្បធម៌ និងការរស់នៅ។ លោកបន្តថានៅសកលលោកមានការពឹកផ្អែកទៅលើខ្យល់ជាសំខាន់ មិនថាតែអ្នកនៅទីណានោះទេ គឺតែងតែត្រូវការ។ប៉ុន្តែទាក់ទងនឹងឈើប្រណីតក៏នៅតែមានការកើនឡើងទាំងក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិដែលរួមចំណែកដល់ការបាត់បង់ព្រៃឈើ ក៏ដូចជាបាត់បង់នូវពូជឈើល្អ នៅក្នុងប្រទេសកម្ពុជា ។
លោកថ្លែងថា៖ «គម្រោងអនាគតបៃតងកម្ពុជា របស់ USAID យើងទទួលស្គាល់តួនាទីរបស់យុវជននៅក្នុងការលើកកម្ពស់ និងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព ការពារព្រៃឈើ ក៏ដូចជាការការពារបរិស្ថាន ហើយនោះគឺជាទស្សនៈទានដ៏ធំ ដែលយើងនឹងពិភាក្សាគ្នា» ។
លោកបានលើកឡើងទៀតថា ក្នុងគម្រោងការងាររបស់លោកក្នុងប្រទេសកម្ពុជា លោកបានចុះទៅមើលតំបន់ផ្សេងៗ ជាពិសេសគ្រឿងសង្ហារិមដែលមានការដឹកជញ្ជូនតាមតំបន់ផ្សេងៗ ក៏ដូចជាដាក់លក់នៅតាមហាងផ្សេងៗ។ លោកថ្លែងថា៖ «ខ្ញុំគិតដែរថាប្រតិបត្តិការនេះមិនទៅរកគ្រឿងសង្ហារិមដ៏ស្រស់ស្អាតនោះទេ ប៉ុន្តែយើងត្រូវគិតផងដែរអំពីនិរន្តរភាពព្រៃឈើ។តើគេមានបទប្បញ្ញត្តិនៅនឹងកន្លែងឬទេ ដើម្បីធានាថា ឈើទាំងអស់នេះត្រូវបានគេដាំដុះនិងធានានិរន្តរភាព»៕