ភ្នំពេញៈ ក្រសួងបរិស្ថានបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ដើម្បីពិនិត្យមើលសមិទ្ធផលការងារ បញ្ហាប្រឈម និងដាក់ចេញវិធានការដោះស្រាយ ខណៈការគ្រប់គ្រងធនធានធម្មជាតិកំពុងទទួលបានជោគជ័យនៅលើឆាកអន្តរជាតិតាមរយៈការលក់ឥណទានកាបូន និងការអភិរក្សព្រៃឈើ។
សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងបរិស្ថានបានប្រព្រឹត្តទៅក្រោមអធិបតីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការកសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទនិងបរិស្ថាន មន្ត្រីរាជការចំណុះក្រសួងបរិស្ថានសរុបជាង ៥០០ នាក់ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បានថ្លែងថា ការជួបជុំគ្នានេះគឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់ក្រសួងបរិស្ថាននិងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដើម្បីធ្វើការពិនិត្យវាយតម្លៃលើលទ្ធផលការងារបរិស្ថាន បញ្ហាប្រឈម និងកាលានុវត្តភាព ក៏ដូចជាចូលរួមពិភាក្សាផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធ និងចំណេះដឹងថ្មីសម្រាប់ឈានទៅរៀបចំសម្រិតសម្រាំងគោលនយោបាយផែនការយុទ្ធសាស្ត្រ និងទិសដៅការងារបន្តឱ្យកាន់តែមានភាពសមស្របស៊ីចង្វាក់ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនៃសង្គមជាតិនិងពិភពលោក។
លោកបានបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងខិតខំជំរុញការអនុវត្តបេសកកម្មរបស់ខ្លួនដោយសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងការរួមចំណែកពង្រឹង និងពង្រីកសមិទ្ធផលសង្គមសេដ្ឋកិច្ច វប្បធម៌ សន្តិសុខនយោបាយ និងបរិស្ថានកម្ពុជា រួមទាំងនៅលើឆាកអន្តរជាតិផងដែរ។
លោកថា៖ «ការលក់កាបូនទៅកាន់អន្តរជាតិនិងការដាក់របាយការណ៍បរិស្ថានទៅអង្គការសហប្រជាជាតិ ធ្វើឱ្យយើងរីកមុខមាត់ច្រើន នេះជាជោគជ័យមួយ ទោះបីមានគេចោទយើងថា មានកាប់ព្រៃ»។
លោកចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិគឺជាជោគជ័យមួយព្រោះថា ប្រជាជនបានចូលរួមអភិវឌ្ឍន៍បៃតង ដោយប្រែក្លាយពីអ្នកបរបាញ់សត្វព្រៃ កាប់ឈើ ប្រែក្លាយទៅជាអ្នកនាំភ្ញៀវទេសចរណ៍ បង្កើតឧស្សាហកម្មលក់តង់ វត្ថុអនុស្សាវរីយ៍។
ទោះជាបែបនេះក្តីលោក សាយ សំអាល់ បានថ្លែងថា ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏នៅមានបញ្ហាប្រឈមដែលនឹងត្រូវរួមគ្នាពិភាក្សារកដំណោះស្រាយឱ្យបានសមស្រប ដើម្បីកាត់បន្ថយចំណុចខ្វះចន្លោះនានាហើយបង្កើតនូវកាលានុវត្តភាពថ្មីៗសម្រាប់ការបោះជំហានទៅមុខបន្តទៀត។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងក្របខ័ណ្ឌប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ គឺកម្ពុជាបានឈានមុខគេ ។ លោកបន្តថា ឆ្នាំ ២០២២ គឺជារបត់ថ្មីមួយដែលកម្ពុជាទទួលចំណូលពីការអភិរក្សរបស់ខ្លួនតាមរយៈការលក់ឥណទានកាបូនដែលការលក់នេះចាប់តាំងពីឆ្នាំ ២០១៦ មកហើយផ្ទៃដីនៃការលក់ឥណទានកាបូននឹងបង្កើនឡើងពី ១ លានហិកតាទៅជិត៣លានហិកតាដែលមានប្រមាណជាង ៣០ ភាគរយ នៃផ្ទៃដីអភិរក្សកម្ពុជា ហើយថវិកាដែលបានមកនេះនឹងពង្រឹងទៅលើកិច្ចការងារ ២ សំខាន់ គឺទៅលើការអភិរក្សធនធម្មជាតិ និងទៅលើការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោកថា៖ «រាល់ពេលដែលអង្គការសហប្រជាជាតិបានកំណត់ឱ្យការរៀបចំនូវផែនការ គឺកម្ពុជារបស់យើងតែងតែឈានមុខក្នុងការរៀបចំផែនការ និងផ្តល់ឱ្យមុនគេហើយជារបាយការណ៍មួយដែលត្រូវបានទទួលស្គាល់ថា មានភាពពិតប្រាកដនិងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងដែលអាចអនុវត្តបានហើយមានប្រសិទ្ធភាព»។
ក្នុងរបាយការណ៍របស់ក្រសួងបរិស្ថានដែលសម្រេចលទ្ធផលកន្លងរួមមាន ការធ្វើទំនើបកម្មស្ថាប័ន និងប្រែក្លាយជារដ្ឋបាលទំនើបព្រមទាំងទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងវិស័យបរិស្ថាន ធានាបាននូវប្រសិទ្ធភាពនិងប្រសិទ្ធផលនៃប្រតិបត្តិការការងារជាសារវន្តរបស់ស្ថាប័នក៏ដូចជាការអនុវត្តគោលនយោបាយផែនការយុទ្ធសាស្ត្រនិងផែនទីឯកភាពការងារក្រសួងបានជោគជ័យជាអតិបរមា។
កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានពង្រឹង កែលម្អ និងសម្រួចជាបន្តបន្ទាប់ហើយក្លាយជាយន្តការដ៏សំខាន់ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយដើម្បីរួមចំណែកដល់កិច្ចគាំពារសុខភាពសាធារណ: ការលើកកម្ពស់សុខុមាលភាពសង្គមនិងធានាបានការអភិវឌ្បប្រកបដោយចីរភាព។
ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយប្រកបដោយប្រសិទ្ធភាពនិងការបំផុសស្មារតី«កម្ពុជាមាតុភូមិខ្ញុំ»បានប្រែក្លាយវិស័យបរិស្ថានទៅជា«ក្រវាត់បៃតង»ដើម្បីធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ីនិងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមយូរអង្វែង។
កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋានគតិយុត្ត និងគំនិតផ្តួចផ្តើមសំខាន់ៗលើវិស័យបរិស្ថានបានល្អប្រសើរ ហើយក្រសួងនេះបាននិងកំពុងពិនិត្យធ្វើបច្ចុប្បន្នភាពនិងសម្រួចបន្ថែមដោយបានបញ្ចប់ការកែសម្រួលសេចក្តីព្រាងក្រមបរិស្ថាននិងសៀវភៅសស្តីពីគោលនយោបាយបរិស្ថានដើម្បីជាមូលដ្នានឯកភាពសម្រាប់តម្រង់ទិសវិស័យនេះឱ្យឆ្លើយតបនឹងការវិវឌ្ឍរបស់មនុស្សលោក និងធានាបានឧត្តមប្រយោជន៍ជូនជាតិមាតុភូមិជាអតិបរមា។
របាយការណ៍ដដែលបន្តថា «កិច្ចសហប្រត្តិការនិងការទូតបរិស្ថានប្រកបដោយភាពជាក់ស្តែងនិយម បានប្រែក្លាយកម្ពុជាមកឈរនៅលំដាប់ឈានមុខ ទាំងនៅក្នុងតំបន់ និងពិភពលោកសម្រាប់ភាពជាដៃគូក្នុងការងារបរិស្ថានជាពិសេសការប្រែប្រួលអាកាសធាតុខណៈវេទិកាប្រែប្រួលអាកាសធាតុបានក្លាយជាវេទិកាសកល លក្ខណៈពហុវិស័យ និងជាច្រកទៅរកប្រភពហិរញ្ញប្បទានអន្តរជាតិធំៗសម្រាប់ការអភិវឌ្ឍមូលដ្ឋានព្រមទាំងផ្ដល់លទ្ធភាពឱ្យកម្ពុជាអាចកាច់ចង្កូតតម្រង់ទិសហិរញ្ញប្បទានបរទេសនិងកម្មវិធីរបស់ដៃគូអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់យ៉ាងពេញលេញ»៕