ភ្នំពេញៈ ថ្នាំបំបាត់ការឈឺចាប់គឺជាថ្នាំមួយប្រភេទដែលពេញនិយមក្នុងការប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនថារាងកាយមានការឈឺចាប់ប្រភេទណាមួយទេ តែថ្នាំនេះហាក់ក្លាយជាជម្រើសទី១។ ម្យ៉ាងទៀត ការរកទិញថ្នាំប្រភេទនេះក៏ងាយស្រួល និងជាដំណាក់កាលដំបូងដែលមិនទាមទារការពិនិត្យសុខភាពដែលនាំឱ្យចំណេញពេលវេលា និងថវិកា។
មួយវិញទៀត ការព្យាបាលជំងឺដែលឆ្លងកាត់ភាពឈឺចាប់ខ្លាំង គ្រូពេទ្យក៏មិនមានជម្រើសអ្វីក្រៅពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់នេះដែរ ដើម្បីឱ្យការព្យាបាលមានប្រសិទ្ធភាព។ ប៉ុន្តែអ្នកជំនាញអះអាងថាការប្រើថ្នាំញឹកញយដងពេកមិនមែនជារឿងល្អឡើយ ព្រោះថ្នាំជាអាវុធមុខ ២ ដែលអាចព្យាបាលជំងឺមួយ តែក៏អាចបង្កជំងឺផ្សេងទៀតផងដែរប្រសិនបើប្រើលើសកម្រិត។
អតីតនិស្សិតបញ្ចប់ការសិក្សាផ្នែកឱសថមួយរូបបានចំណាយពេលស្រាវជ្រាវ ១០ ឆ្នាំ ដើម្បីបានសមិទ្ធផលថ្មីមួយដែលជួយជំនួសឱ្យការប្រើប្រាស់ថ្នាំគ្រាប់។ សមិទ្ធផលថ្មី ដែលឆ្លងកាត់ការសម្រិតសម្រាំងបែបវេជ្ជសាស្ត្រនេះ គឺ ប្រេងរឹតបំបាត់ការឈឺចាប់លើរាងកាយ។
បញ្ចប់ការសិក្សាផ្នែកឱសថកាលពីឆ្នាំ ២០១២ អ្នកស្រី អ៊ឹង សៀមគីម បានយកទ្រឹស្ដីដែលខ្លួនទទួលបានពីគ្រូបង្រៀនទៅព្យាយាមអនុវត្តបង្កើតប្រភេទផលិតផលថ្មី ប៉ុន្តែមិនបានសម្រេចដោយសារការអនុវត្តជាក់ស្ដែង អ្នកស្រីបានឃើញពីភាពខ្វះចន្លោះមួយចំនួន។
ក្នុងរយៈពេលនៃការស្រាវជ្រាវនោះ អ្នកស្រីបានសិក្សាលើសារធាតុដែលអាចជួយជំរុញប្រសិទ្ធភាពនៃផលិតផលថ្មីរបស់ខ្លួន។ ក្នុងរយៈពេលនោះផងដែរ អ្នកស្រីបានដើរសិក្សាពីទីផ្សារក្នុងស្រុក និងឃើញថាមិនទាន់មានប្រភេទប្រេងរឹតបំបាត់ការឈឺចាប់ដូចអ្វីដែលអ្នកស្រីកំពុងធ្វើនៅឡើយ ដោយភាគច្រើនជាផលិតផលដែលនាំចូលពីប្រទេសក្រៅ ជាពិសេសគឺសិង្ហបុរី។
ចំពោះប្រេងរឹតដែលបង្កើតឡើងនេះ អ្នកស្រីបានធ្វើការពិសោធន៍នៅលើក្រុមគ្រួសាររបស់ខ្លួនផ្ទាល់ និងកែខៃនូវចំណុចខ្វះខាតបន្តិចម្ដងៗ រហូតចេញជាផលិតផលសម្រេចមួយដូចបច្ចុប្បន្ន។រីឯថវិកាដែលអ្នកស្រីបានចំណាយក្នុងដំណើរការស្រាវជ្រាវ និងផលិតកន្លងមកគឺអស់ប្រមាណជាជាង៣ម៉ឺនដុល្លារ ដែលភាគច្រើនចំណាយលើវត្ថុធាតុដើមសំខាន់ដែលនាំចូលពីបរទេស។
អ្នកស្រី អ៊ឹង សៀមគីម រៀបរាប់ពីបញ្ហាដែលអ្នកស្រីបានឃើញរហូតកើតជាគំនិតបង្កើតប្រេងរឹតនេះថា៖ «ខ្ញុំឃើញប្រជាជនយើងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ហើយយើងដឹងហើយថាការប្រើថ្នាំតិចឬច្រើនគឺប៉ះពាល់ដល់សុខភាពអ្នកប្រើហើយ»។
អ្នកស្រីបន្តថា៖ «ថ្នាំបំបាត់ការឈឺចាប់បើប្រើតាមកម្រិតត្រឹមត្រូវវាប៉ះពាល់តិចតួច ព្រោះធម្មតាទេដែលថ្នាំផ្ដល់ផលរំខាន តែបើក្នុងករណីគ្រោះថ្នាក់ហើយត្រូវការវះកាត់ផ្សេងៗ ពេទ្យមិនមានជម្រើសក្រៅពីការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ទេ»។
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនអាចបង្កជាផលប៉ះពាល់ដល់ថ្លើម តម្រងនោម ដំបៅក្រពះនិងពោះវៀនជាដើម។លើសពីនេះទៀតមួយរយៈចុងក្រោយនេះក៏មានការស្រាវជ្រាវឃើញថាមានការប៉ះពាល់ដល់ខួរក្បាលផងដែរ ជាពិសេសលើស្ត្រីមានផ្ទៃពោះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឱសថការី អ៊ឹង សៀមគីម។
ផលិតផលប្រេងរឹតដែលអាចប្រើបានលើរបួសនិងសាច់ដុំរបស់ឱសថការីរូបនេះ ត្រូវបានចុះបញ្ជីនៅក្នុងក្រសួងឧស្សាហកម្មនៅដើមឆ្នាំ ២០២២ នេះ។ អ្នកស្រីបញ្ជាក់ថា នេះជាជំហានតូចមួយ ព្រោះថាអ្នកស្រីចង់ពង្រីកបន្ថែមលើការផលិត និងផ្គត់ផ្គង់ធំនៅក្នុងស្រុកតែម្ដង។ ជំហានបន្ទាប់ គឺអ្នកស្រីចង់ពង្រីកទៅដល់ទីផ្សារក្រៅប្រទេស ដើម្បីឈានទៅដល់ស្តង់ដាអន្តរជាតិ។
ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ការផលិតប្រេងរឹតរបស់អ្នកស្រីគឺកំពុងធ្វើឡើងក្នុងលក្ខណៈតូចតាចនៅឡើយ ពោលគឺមានការជួយជ្រោមជ្រែងពីក្រុមគ្រួសារអ្នកស្រីផ្ទាល់។ ប៉ុន្តែចំពោះទីផ្សារសម្រាប់អ្នកស្រីនៅតូចចង្អៀតនៅឡើយ ព្រោះថាផលិតផលនេះហាក់នៅថ្មីសម្រាប់ស្រទាប់អ្នកប្រើប្រាស់នៅកម្ពុជា ខណៈដែលពួកគេទម្លាប់ក្នុងការលេបថ្នាំបំបាត់ការឈឺចាប់ ឬប្រើប្រាស់កៅអៀកបិទទៅហើយនោះ។
ឱសថការីរូបនេះប្ដេជ្ញាថានឹងខិតខំបង្កើនគុណភាពផលិតផលខ្លួនឱ្យឆ្លើយតបស្តង់ដា និងមានតម្លៃសមរម្យដែលអាចចរាចរណ៍បានលើទីផ្សារកម្ពុជា ក្នុងនាមជាផលិតផលជាតិ។
កាលពីថ្ងៃទី ២៧ តុលាថ្មីៗនេះ ផលិតផលរបស់អ្នកស្រីក៏មានវត្តមានដាក់តាំងនៅក្នុងវេទិកា «ភូមិមួយផលិតផលមួយ»ជាលើកទី១ ផងដែរ។ ក្រោយវេទិកានោះ អ្នកស្រីទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់ថ្នាក់ដឹកនាំក្នុងស្រុក និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ៕