ភ្នំពេញៈ មន្ត្រីគណបក្សប្រជាជនកម្ពុជាបានអះអាងថា សកម្មជន និងសមាជិកនៃអតីតគណបក្សប្រឆាំង និងគណបក្សភ្លើងទៀន ចំនួន ២ ០០០ នាក់ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជាប្រចាំរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែតុលា បានរៀបចំពិធី សំណេះសំណាលជាមួយយុវជនយុវនារី កម្មករ កម្មការិនី សហជីព អតីតគណបក្សប្រឆាំង នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ការដែលពួកគាត់សម្រេចចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារពួកគាត់មើលឃើញការដឹកនាំរបស់លោក ហ៊ុន សែន ទទួលបាននូវការរីកចម្រើនមានសន្តិភាព មានការអភិវឌ្ឍ ជាពិសេសគឺពួកគាត់មានការងារធ្វើតាមរយៈការកៀរគរអ្នកវិនិយោគមកបង្កើតរោងចក្រ សហគ្រាសឱ្យពួកគាត់មានជីវភាពកាន់តែកើនឡើងពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។
លោកថ្លែងថា៖ «នេះជាការយល់ឃើញរបស់ពួកគាត់ទើបពួកគាត់មើលឃើញថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលគាត់អាចចូលរួមរស់ជាមួយ និងជួយកសាងឱ្យកម្ពុជារីកចម្រើនទៅថ្ងៃអនាគត។ អ៊ីចឹងហើយបានជាគាត់នាំគ្នាចូលមករួមរស់ជីវភាពជាមួយនឹងគណបក្សយើងខ្ញុំហ្នឹង »។
លោក ឃួង ស្រេង ថ្លែងថា៖ «ក្នុងចំណោម ២ ០០០ [នាក់] ហ្នឹង មានសកម្មជន មានសមាជិកគណបក្ស អតីតគណបក្សប្រឆាំង និងគណបក្សភ្លើងទៀន គាត់យល់ឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចហ្នឹង គាត់ទទួលបាននូវសុខដុមរមនា ទទួលបាននូវសុខសន្តិភាព ទទួលបាននូវជីវភាពរីកចម្រើនពី ១ ថ្ងៃ ទៅ ១ ថ្ងៃ។ គាត់មានជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជន»។
លោកបានឱ្យដឹងថា ក្នុងចំណោមចំនួន ២ ០០០ នាក់នេះ ក៏មានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ ហើយបន្ទាប់ពីពួកគាត់បានចុះចូលជាមួយគណបក្សប្រជាជកម្ពុជារួចហើយ គណបក្សក៏បានរៀបចំពិធីនេះតែម្តងជូនដល់ពួកគាត់ដើម្បីលើកទឹកចិត្តក្នុងការរួបរួមគ្នាកសាងប្រទេស។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បានទេនាថ្ងៃទី ៣១ ខែតុលា។
កាលពីសប្តាហ៍មុន លោក ហ៊ុន សែន អំពាវនាវដល់អ្នកដែលរស់នៅក្នុងគណបក្សមួយដែលលោកមិនបញ្ចេញឈ្មោះហើយបានផ្សារភ្ជាប់ជាមួយនឹងលោក សម រង្ស៊ី ប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ ដែលលោកហៅថា «ជនក្បត់ជាតិ៣ជំនាន់» ឱ្យប្រញាប់ផ្តាច់ខ្លួនចេញហើយទៅចូលរួមជាមួយបក្សនយោបាយផ្សេងៗ។ លោកថា បើនៅជាមួយបក្សនេះ គឺមានហានិភ័យដែលនឹងឈានទៅដល់ការ អនុវត្តច្បាប់ប្រសិនបើរកឃើញថា មានទំនាក់ទំនងជាមួយលោកសម រង្ស៊ី។
កាលពីប៉ុន្មានថ្ងៃមុនគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថដល់អង្គព្រះមហាក្សត្រ ព្រមទាំងបានច្រានចោលចំពោះការចោទប្រកាន់អំពីទំនាក់ទំនង រវាងគណបក្សនេះ ជាមួយលោកសម រង្ស៊ី ដែលការថ្កោលទោសនេះត្រូវបានលោក ហ៊ុន សែន គាំទ្រ។
ការចេញសេចក្តីថ្លែងការណ៍នេះធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងសារចំៗស្នើទៅកាន់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ឱ្យចេញមុខបកស្រាយបំភ្លឺ ជុំវិញការលើកឡើងរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងអង្គព្រះមហាក្សត្រ ដែលលោកនាយករដ្ឋមន្ត្រីចោទសួរថា ជាការប្រមាថព្រះមហាក្សត្រ ឬយ៉ាងណា?៕