ភ្នំពេញៈ ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​ ឌិត ទីណា បាន​លើក​ពី​ផែនការ​សកម្មភាព​អាទិភាព​ចំពោះមុខ ក្នុង​ការ​ជំរុញ​ផលិតកម្ម និង​ការប្រើប្រាស់​ពូជស្រូវ​ដែល​មាន​គុណភាព​ល្អ ក្នុង​បរិមាណ​ទាប​តែ​ផ្តល់​ទិន្នផល​ខ្ពស់ មាន​អត្រា​ដាំដុះ លឿន ធន់​នឹង​ជំងឺ និង​សត្វល្អិត ស្រូវ​ទុំ​ស្រុះគ្នា​ហើយ​ពូជស្រូវ​ល្អ​អង្ករ​សុទ្ធ និង​ការជំរុញ​ឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។

ការលើកឡើង​របស់​លោក ឌិត ទីណា បែបនេះ​ធ្វើឡើង​នៅពេល​ជួបប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការងារ​ផលិតកម្ម​ពូជស្រូវ និង​ការនាំចេញ​អង្ករ​ជាមួយ​តំណាង​មកពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​ ៣១ ខែតុលា ឆ្នាំ​ ២០២២ នេះ​នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​។ កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​កសិកម្ម​ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​នៅតាម​បណ្តា​ខេត្ត និង​សមាជិក សមាជិកា​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​នៃ​ក្រុមហ៊ុន​ Mekong Oryza Trading Co., Ltd​។

លោក​ ឌិត ទីណា លើកឡើង​ថា​៖ «​ពូជស្រូវ​ដែលមាន​គុណភាព​ល្អ​ក្នុង​បរិមាណ​ទាប​តែ​ផ្តល់​ទិន្នផល​ខ្ពស់ មាន​អត្រា​ដាំដុះ​គ្រាប់​ក្នុង​ស្រែ​ខ្ពស់​លឿន មាន​កម្លាំង​ខ្លាំង ធន់ជំងឺ និង​សត្វល្អិត ដំណាំ​ស្រូវ​ទុំ​ស្រុះគ្នា​ល្អ និង​មាន​អត្រា​លាយ​គ្រាប់ពូជ​ផ្សេង​ និង​គ្រាប់​ខ្មៅ​ចង្រៃ​ទាប​នឹង​រួមចំណែក​ឱ្យ​ស្រូវ​អង្ករ​មានតម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​»​។

ជាមួយ​គ្នា​នេះ លោក ហ៊ុន ឡាក់ បាន​សម្តែង​ការគាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ក្នុង​ការផលិត​ពូជស្រូវ​សុទ្ធ​ ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​សម្រាប់​កសិករ​។ លោក​លើកឡើង​ថា​៖ «​ការប្រើប្រាស់​ពូជ​ស្រវ​សុទ្ធ​នឹង​អាច​ធានាបាន​នូវ​ភាពសុទ្ធ​នៃ​គ្រាប់​អង្ករ​ សម្រាប់​ការដាក់​លក់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុងស្រុក និង​ទីផ្សារ​បរទេស​»​។

ចំពោះ​ផែនការ​ផលិត​ពូជស្រូវ​សុទ្ធ​នេះ លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា បាន​លើក​ទឹកចិត្ត​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​វិស័យ​ឯកជន ដើម្បី​ធានា​ថា ពូជស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន​នឹងមាន​ទីផ្សារ​ទទួល​ទិញ​យក​ទៅ​ដាំដុះ​បន្ត​។ ចំណែក​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​បរទេស​វិញ លោក ឌិត ទីណា ​បាន​ស្នើឱ្យ​ភាគី​ពាក់ព័ន្ធ​សិក្សា​អំពី​ប្រភេទ​អង្ករ​ដែលជា​តម្រូវការ​នៅលើ​ទីផ្សារ​អន្តរជាតិ ហើយ​ជំរុញ​ការផលិត​ស្រប​ទៅ​តាម​តម្រូវការ​ទីផ្សារ​។

ចំពោះ​ការងារ​នេះ​លោក ហ៊ុន ឡាក់ បាន​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ជួយ​សម្រួល​ខ្សែចង្វាក់​ផលិតកម្ម ដើម្បី​កាត់បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់ចំណេញ​ដល់​​កសិករ ក៏ដូចជា​ជំរុញ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ដែល​មាន​សក្តានុពល​ថ្មីៗ បន្ថែមទៀត​។ តាម​របាយការណ៍​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ការនាំចេញ​ស្រូវ និង​អង្ករ​កម្ពុជា​ក្នុង​រយៈពេល ​៩​ ខែ ឆ្នាំ ២០២២ ​នេះ​បាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ ៨៥០,៤៤​ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បញ្ជាក់ថា ក្នុង​រយៈពេល​ ៩ ​ខែ នៃ​ឆ្នាំ ២០២២ ​នេះ ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​គ្រប់​ប្រភេទ​បាន​ចំនួន ៤៤៩ ៣២៥​ តោន ទៅកាន់​គោលដៅ​ចំនួន ៥៥ ដែល​ក្នុងនោះ​ប្រទេស​ចំនួន​ ៩ បាន​គ្របដណ្តប់​លើ​ទីផ្សារ​នាំចេញ​អង្ករ​កម្ពុជា​ជាង ៨២% ដែល​រួមមាន​សាធារណរដ្ឋ​ប្រជាមានិត​ចិន ៤៤,០៩% ប្រទេស​បារាំង​ ១៤,៨៣% ប្រទេស​ម៉ាឡេស៊ី ៥,៥៨% ប្រទេស​ហូឡង់ ៤,៦៥% ប្រទេស​អ៊ីតាលី ២,៦៥% ប្រទេស​ហ្គាបុង​ ២,៦៣% ប្រទេស​ប្រ៊ុយណេ ២,៤៤% ចក្រភព​អង់គ្លេស ២,៤៥% និង​ប្រទេស​អាល្លឺម៉ង់ ២,០៨%​។

ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ប្រភេទ​អង្ករ​ក្រអូប​ប្រណីត​មាន​ចំនួន ៣៩% ឬ ១៧៧ ៤៨១ តោន អង្ករ​សែន​ក្រអូប​ចំនួន​ជិត ២៩% ឬ ១២៨ ៧៥៣ តោន អង្ក​រស​គ្រាប់​វែង​ចំនួន​ជិត ២៨% ឬ ១២៣ ៣១៨ ​តោន អង្ករ​ចំហុយ ជាង ២% ឬ ១០ ៦៨០ តោន អង្ករ​សរីរាង្គ​ចំនួន​ជិត ២% ឬ ៨ ១០៦ តោន​។ ចំណែក​ស្រូវ​បាន​ចំនួន ២ ៣៥៧ ៦៧៤ ​តោន​ដែលមាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ​ចំនួន​ជា ៥៦៣,៥៤ លាន ដុល្លារ​សហរដ្ឋអាមេរិក​ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​រយៈពេល​ ៩ ​ខែ​នៃ​ឆ្នាំ​ ២០២២៕

វីដេអូ៖