ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបានចោទសួរ និងមានមន្ទិលចំពោះរបាយការណ៍ដែលចេញផ្សាយដោយអង្គការគម្រោងយុត្តិធម៌ពិភពលោក (WJP) កាលពីនៅថ្ងៃទី ២៦ ខែតុលា ដោយដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកលើការគោរពនីតិរដ្ឋថា មានចរិតនយោបាយ និងមិនឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជាឡើយ។ តាមរបាយការណ៍របស់អង្គការ WJP កាលពីថ្ងៃទី ២៦ ខែតុលាបានដាក់ចំណាត់ថ្នាក់នៃការគោរពនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជាធ្លាក់ចុះចំនួន ២% ទៀតនៅក្នុងឆ្នាំនេះគឺទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក គឺទី ១៥ ក្នុងចំណោមប្រទេសចំនួន ១៥ និងចំណាត់ថ្នាក់ជិតចុងក្រោយគេបំផុត គឺទី ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៤០ នៅលើពិភពលោកលើការគោរពនីតិរដ្ឋ។
តាមទិន្នន័យដើមរបស់អង្គការ WJP អំពីប្រទេសចំនួន ១៤០ ដែលស្ថិតក្នុងគម្រោងសន្ទស្សន៍នីតិរដ្ឋ ពួកគេបានរកឃើញថា ការគោរពនីតិរដ្ឋបានធ្លាក់ចុះនៅក្នុងប្រទេសចំនួន ៦១% ក្នុងចំណោមប្រទេសទាំងនេះ ដែលក្នុងនោះក៏រួមមានទាំងប្រទេសកម្ពុជាផងដែរ។
លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងថា ប្រទេសកម្ពុជាកំពុងបង្កើតរបបលទ្ធិប្រជាធិបតេយ្យតាមឆន្ទៈរបស់ប្រជាពលរដ្ឋហើយនៅក្នុងន័យលទ្ធិប្រជាធិបតេយ្យនេះ គឺមានចំណុចសំខាន់ចំនួន ៣ គឺត្រូវមានច្បាប់ មានការយល់ដឹងពីច្បាប់ និងការអនុវត្តច្បាប់ ហើយការអនុវត្តច្បាប់នេះគឺជានីតិរដ្ឋ។ លោកថា ជាប្រវត្តិសាស្ដ្រ កម្ពុជាទើបងើបចេញពីការបែកបាក់គ្នាដោយសារសង្គ្រាមស៊ីវិល ហើយកន្លងមកនេះកម្ពុជាបានកសាងច្បាប់បានច្រើន ក្នុងនោះមានច្បាប់ខ្លះមានការខ្វះចន្លោះ ក៏បានបំពេញបន្ថែម ដូចជារដ្ឋធម្មនុញ្ញដែលទើបត្រូវបានធ្វើវិសោធនកម្មកាលពីពេលថ្មីៗនេះជាដើម។
លោកថ្លែងថា៖ «ក៏ប៉ុន្ដែការអនុវត្តច្បាប់ គឺមានសារៈសំខាន់ណាស់។ នៅក្នុងការអនុវត្តច្បាប់ គឺទី ១ ត្រូវមានច្បាប់ ទី ២ ប្រជាពលរដ្ឋត្រូវយល់ដឹងពីច្បាប់ និងទី ៣ ការអនុវត្តច្បាប់ ដែលការអនុវត្តច្បាប់នេះ ហៅថានីតិរដ្ឋហើយ»។ លោក ស៊ីផាន លើកឡើងថា លោកមិនដឹងថា WJP បានសិក្សាពីកម្ពុជាតាមវិធានរបៀបណានោះទេ ពីព្រោះរាជរដ្ឋាភិបាលកម្ពុជាមានការខិតខំប្រឹងប្រែង ដើម្បីឱ្យប្រជាពលរដ្ឋឱ្យតម្លៃខ្ពស់ចំពោះច្បាប់ ហើយអាជ្ញាធរចាប់ផ្ដើមអនុវត្តច្បាប់បន្តិចម្ដងៗទៅតាមការយល់ដឹងរបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់ថា៖ «ដូច្នេះទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់អង្គការ WJP នេះគឺយើងមិនឱ្យតម្លៃទេ មិនដឹងជាវិធានរបស់គេនោះ តើគេយល់ពីវប្បធម៌របស់កម្ពុជាដែរទេ? យល់ពីប្រវត្តិរបស់កម្ពុជាដែលដើរចេញពីសង្គ្រាមស៊ីវិលដែរទេ? ហើយរយៈពេលប៉ុណ្ណឹងដែលកម្ពុជាដើរចេញពីសង្គ្រាម យុវជនជំនាន់ថ្មី យល់របត់នៃផ្នត់គំនិត និងរបត់ច្បាប់ ការអនុវត្តច្បាប់បានឬនៅដើម្បីឆ្លើយតបទៅនឹងស្ថិរភាពនយោបាយដែរឬទេ?»។ លោកបញ្ជាក់ថា បើសិនជា អង្គការ WJP មិនយល់ពីចំណុចសំខាន់ទាំងអស់នេះ ហើយមកកំណត់ថា កម្ពុជា មិនមានការអនុវត្តច្បាប់ ឬមិនមានការអនុវត្តនីតិរដ្ឋ មិនឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលជាប្រជាជាតិមួយទើបតែដើរចេញពីការបែកបាក់គ្នា និងសង្គ្រាមស៊ីវិល។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុករបាយការណ៍នេះ ជារបាយការណ៍ដែលមានមន្ទិលសង្ស័យច្រើន ហើយមានចរិតរបៀបវារៈនយោបាយច្រើនជាង ស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំដំណើរការបោះឆ្នោត។ លោកថ្លែងថា៖ «មន្ទិលសង្ស័យនោះគឺមកដល់ពេលនេះ យើងអត់ទាន់ដឹងពីរបៀប វិធីសាស្ដ្រ ដែលគេស្រាវជ្រាវ ការជ្រើសរើសសំណួរដែលត្រូវសួរ និងតួអង្គដែលគេសួរនោះទេ។ អ៊ីចឹង វិធីសាស្ត្រលម្អិត គឺយើងអត់ដឹងទាំងអស់»។
ប៉ុន្ដែអ្វីដែលពិបាកនឹងជឿ និងទទួលយកបានថែមទៀត ចំពោះរបាយការណ៍នេះ គឺប្រទេសមួយចំនួនដែលកំពុងជួបប្រទះនូវសង្គ្រាម ប្រទេសមួយចំនួនទៀត មានគណបក្សនយោបាយតែមួយ និងប្រទេសមួយចំនួនទៀត មិនបានបោះឆ្នោត និងដឹងនាំដោយរបបយោធាជាដើម បែរជាមានចំណាត់ថ្នាក់នៅលើកម្ពុជាផ្នែកនីតិរដ្ឋនេះទៅវិញ។
លោកថា៖ «ចំណុចនេះ វាជារបាយការណ៍មួយដែលគេពិបាកនឹងជឿ និងពិបាកនឹងទទួលយក ហើយវិធីសាស្ដ្រដែលគេប្រើក្នុងការសិក្សាស្រាវជ្រាវរបៀបម៉េចនោះ ដែលយើងធ្លាប់បានស្នើសុំមកដល់ពេលនេះ គេក៏មិនទាន់ផ្ដល់ឱ្យយើងដែរ អំពីទិន្នន័យ វិធីសាស្ដ្រ របៀបដែលគេប្រមូលព័ត៌មាន និងធ្វើការវាយតម្លៃនោះដែរ»។ លោក ម៉ាលីន បញ្ជាក់ថា ដូច្នេះរបាយការណ៍នេះ គឺជារបាយការណ៍ ដែលពិបាកនឹងជឿ ពិបាកនឹងទទួលយក ហើយខុសពីការពិតនៃស្ថានភាពជាក់ស្ដែង។ របាយការណ៍នេះក៏មិនខុសពីរបាយការណ៍ដែលបានចេញផ្សាយកាលពីលើកមុនៗដែរ ដែលមានចរិតជានយោបាយច្រើនជាង។
យ៉ាងណាក្តីលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានលើកឡើងថា ក្នុងនាមលោកជាអ្នកធ្វើកិច្ចការងារលើរឿងប្រជាធិបតេយ្យ និងជាអ្នកសិក្សាស្រាវជ្រាវរឿងសង្គម គឺមិនមានការភ្ញាក់ផ្អើលទេ ចំពោះរបាយការណ៍របស់អង្គការ WJP ដែលបានដាក់ចំណាត់ថ្នាក់កម្ពុជាបែបនេះទាក់ទងនឹងការគោរពនីតិរដ្ឋនៅកម្ពុជាមានកម្រិតទាបបែបនេះ។
លោកថ្លែងថា៖ «តាមបទពិសោធខ្ញុំ ក៏ដូចជាការសិក្សារបស់អង្គការ ស្ថាប័នមួយចំនួនទៀត ក៏រកឃើញអំពីបញ្ហាចាក់ស្រែះនៅក្នុងប្រព័ន្ធតុលាការក្នុងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាដំណើរការនីតិរដ្ឋនៅក្នុងសង្គមយើងនាពេលបច្ចុប្បន្ននេះដែរ ដែលមានរឿងអយុត្តិធម៌ស្ទើរតែគ្រប់ជ្រុងនៅក្នុងសង្គមរាប់ចាប់តាំងពីរឿងក្ដីក្ដាំតូចៗរហូតដល់រឿងធំដុំ ដូចជាករណីរឿងលោក កឹម សុខា ជាដើម»។
លោក ចន្ទរឿន លើកឡើងថា នីតិរដ្ឋគឺជាគ្រឹះដើម្បីធានានូវការអភិវឌ្ឍ និងនិរន្តរភាពទាំងសន្ដិភាព និងការអភិវឌ្ឍនៅក្នុងសង្គម។ ប្រសិនបើមូលដ្ឋានគ្រឹះនីតិរដ្ឋខ្សោយ ទន់ជ្រាយ មិនមានគុណភាពនឹងធ្វើឱ្យប៉ះពាល់ទាំងការអភិវឌ្ឍនៅក្នុងប្រទេស និងប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ ជំនឿជឿជាក់របស់វិនិយោគិនបរទេសដែលកំពុងវិនិយោគ ឬមានបំណងមកបណ្ដាក់ទុននៅកម្ពុជាផងដែរ។
លោកបញ្ជាក់ថា៖ «ហេតុនេះហើយ រដ្ឋាភិបាលត្រូវតែបង្ហាញទាំងឆន្ទៈក៏ដូចជាការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការស្ដារឡើងវិញនៃនីតិរដ្ឋ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទើបអាចធានាបាននូវនិរន្តរភាពនៃសន្ដិភាព និង ការអភិវឌ្ឍនៅកម្ពុជា»។
ប៉ុន្តែលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាបានសម្ដែងការសោកស្ដាយ ក្រោយពេលឃើញរបាយការណ៍របស់ WJP ។ លោកថ្លែងថា៖ «យើងមិនដឹងថា តើរបៀបនៃការធ្វើការរបស់អង្គការ WJP នេះ បានសម្ភាសអ្នកណា ហើយអ្នកពាក់ព័ន្ធនោះបានផ្ដល់នូវព័ត៌មានគ្រប់គ្រាន់សម្រាប់ជាមូលដ្ឋាននៃការវាយតម្លៃលើសូចនាការទាំងអស់របស់គាត់ដែរឬទេ?»។
លោកថា៖ «សម្រាប់ខ្ញុំយល់ថា របាយការណ៍នេះ គឺពិបាកទទួលយក មិនអាចកម្ពុជាមានចំណាត់ថ្នាក់រហូតដល់លេខចុងក្រោយគេ លើសតែ ១ កម្រិតគឺប្រទេសវ៉េណេស៊ុយអេឡា គឺពិបាកក្នុងការទទួលយកគឺមិនអាចទៅរួច»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការ WJP ស្ដីពីការចេញផ្សាយរបាយការណ៍នេះកាលពីថ្ងៃទី ៦ ខែតុលា បានបញ្ជាក់ថា នៅជុំវិញពិភពលោកមនុស្សចំនួន ៤ ៤០០ លាននាក់រស់នៅក្នុងបណ្ដាប្រទេស ដែលមានការធ្លាក់ចុះនីតិរដ្ឋនៅក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ។
លោកស្រី Elizabeth Andersen នាយិកាប្រតិបត្តិនៃអង្គការ WJP ថ្លែងតាមរយៈសេចក្ដីប្រកាសព័ត៌មាននេះថា៖ «យើងកំពុងងើបឡើងវិញពីវិបត្តិជំងឺកូវីដ ១៩ ប៉ុន្តែការធ្លាក់ចុះនៃការគោរពនីតិរដ្ឋនៅជុំវិញពិភពលោកនៅតែបន្តមាន»។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនៅលើពិភពលោកប្រទេសដែលមានការគោរពនីតិរដ្ឋល្អជាងគេបំផុត គឺប្រទេសដាណឺម៉ាក ហើយបន្ទាប់មក គឺប្រទេសន័រវែស ហ្វាំងឡង់ ស៊ុយអែត និងប្រទេសហូឡង់។ ចំណែក ប្រទេសដែលមានការគោរពនីតិរដ្ឋទាបជាងគេបំផុតនៅលើពិភពលោក គឺប្រទេសវ៉េណេស៊ុយអេឡា ហើយបន្ទាប់មកគឺប្រទេសកម្ពុជា អាហ្វហ្គានីស្ថាន កុងហ្គោ និងហៃទី៕