ភ្នំពេញៈ វិស័យឯកជនគាំទ្រ ព្រមទាំងចាត់ទុកការដាក់ចេញនូវផែនការ «បង្កើតបណ្ដាញអេកូទេសចរណ៍បឹងទន្លេសាប» ដែលស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា មានសារៈសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្ត ដើម្បីស្វែងយល់ពីសក្តានុពលនៃបឹងទន្លេសាបរបស់កម្ពុជា។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាថ្លែងថា បច្ចុប្បន្ននេះ វិស័យអេកូទេសចរណ៍កំពុងត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីអង្គការដៃគូអភិវឌ្ឍន៍នានា ហើយបឹងទន្លេសាបគឺជាតំបន់មួយដែលធំ និងចាប់អារម្មណ៍ខ្លាំងពីអង្គការដៃគូទាំងនោះដែលត្រូវការដៃគូអភិវឌ្ឍន៍លើវិស័យអូកេទេសចរណ៍ឱ្យបានច្រើន។ លោកស្រីបន្តថា ដោយផ្អែកលើមូលដ្ឋាននេះហើយបានជាក្រសួងទេសចរណ៍មានផែនការ និងជំរុញដល់ការបង្កើតឱ្យចេញជារូបរាងនូវបណ្ដាញអេកូទេសចរណ៍ បឹងទន្លេសាបឡើង ដើម្បីឱ្យអង្គការដៃគូជាតិ និងអន្តរជាតិចូលរួមបង្កើតតំបន់អេកូទេសចរណ៍ឱ្យបានច្រើនទីតាំង និងច្រើនមណ្ឌល។
លោកស្រីថ្លែងថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះថា តំបន់បឹងទន្លេសាបនេះជាបឹងទឹកសាប ១ ដ៏ធំ និងល្បីឈ្មោះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើង ដែលត្រូវតែទាញអត្ថប្រយោជន៍ពីបឹងដ៏មានសក្តានុពលនេះ ដើម្បីឱ្យយើងទាក់ទាញភ្ញៀវទេសចរបានច្រើនតាមរយៈការអភិវឌ្ឍ ការអភិរក្សពីដៃគូរអភិវឌ្ឍន៍នានា ក៏ដូចជា រាជរដ្ឋាភិបាល»។
បើតាមលោកស្រី ឆាយ ស៊ីវលីន បច្ចុប្បន្នរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ និងស្ថាប័នជាតិផ្សេងទៀតបាននិងកំពុងរៀបចំតំបន់ទន្លេសាប ឱ្យមានសក្តានុពលក្នុងវិស័យទេសចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋ និងសហគមន៍នៅលើផ្ទៃទឹកបឹងទន្លេសាបនេះអាចទទួលបានផលប្រយោជន៍ផ្សេងៗពីវិស័យទេសចរណ៍។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង អភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កាលពីពេលថ្មីៗនេះ បានដាក់ចេញទិសដៅការងារមួយចំនួនដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ និងដៃគូពាក់ព័ន្ធ ធ្វើយ៉ាងណាជំរុញដល់ការបង្កើតឱ្យចេញជារូបរាងបណ្ដាញអេកូទេសចរណ៍ បឹងទន្លេសាប។ ទិសដៅការងារដែលលោក ថោង ខុន បានដាក់ចេញរួមមានគាំទ្រចំពោះការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ជំរុញឱ្យបង្កើតបណ្ដាញទេសចរណ៍បឹងទន្លេសាប រៀបចំយន្តការការងាររបស់បណ្តាញ ផ្តល់ការគាំទ្រកិច្ចប្រតិបត្តិការបណ្តាញ និងស្នើឱ្យដៃគូអភិវឌ្ឍន៍អង្គការជាតិ និងអន្តរជាតិគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានា។
បើតាមលោក ថោង ខុន បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានបណ្ដោយប្រមាណ ១១៦ គ.ម ទទឹងប្រមាណពី ៣ គ.ម ទៅ ៣៣ គ.ម និងមានឆ្នេរប្រវែងប្រមាណ ៤៨២ គ.ម នៅរដូវប្រាំង។ បឹងទន្លេសាបគឺជាបេះដូងនៃប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបានទាំងលើផ្នែកសង្គម សេដ្ឋកិច្ច វប្បធម៌ និងបរិស្ថាន។ លក្ខណពិសេសទោលរបស់បឹងទន្លេសាប គឺការស្រូបយកទឹកពីទន្លេមេគង្គ នារដូវវស្សា និងការបញ្ចេញទឹកទៅឱ្យទន្លេមេគង្គវិញនារដូវ ប្រាំង ដែលបានក្លាយទៅជាបាតុភូតជលសាស្ដ្រធម្មជាតិមួយដែលគេកម្រនឹងជួបប្រទះ។
លោកបន្ថែមថា៖ «បាតុភូតនេះបានបង្កើតឡើងនូវតំបន់ដីសើម និងព្រៃលិចទឹកដ៏ធំល្វឹងល្វើយ ដែលផ្ដល់ជាជម្រកដល់ជីវចម្រុះយ៉ាងសម្បូរបែបដូចជា មច្ឆជាតិ បក្សី ល្មូន ថនិកសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ កត្តាសត្យានុម័តទាំងនេះបានបង្កើតជាកាលានុវត្តភាពជាច្រើន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន លើកស្ទួយកិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិក៏ដូចជាការធ្វើសុខដុមនីយកម្ម ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព និងបរិយាប័ន្ន»។
លោករដ្ឋមន្ត្រីថា ការបង្កើត «បណ្តាញអេកូទេសចរណ៍បឹងទន្លេសាប-TEN» នឹងក្លាយជាយន្តការស្ថាប័នដ៏មានប្រសិទ្ធភាពមួយក្នុងការកៀរគរ គ្រប់ភាគីពាក់ព័ន្ធមកពីស្ថាប័នសាធារណៈ អង្គការដៃគូជាតិ និងអន្តរជាតិ និងដៃគូពាក់ព័ន្ធវិស័យឯកជន ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋ៕