ភ្នំពេញៈ ឈ្មួញរកស៊ីស្រូវអង្ករកម្ពុជាស្នើក្រសួងកសិកម្មជួយជំរុញខ្សែចវ៉ាក់ផលិតកម្មក្នុងការនាំចេញស្រូវ អង្ករ ទៅទីផ្សារដែលមានសក្ដានុពល ជាពិសេសទីផ្សារថ្មីៗ ដើម្បីផ្ដល់ប្រាក់់ចំណូលជូនដល់កសិករ។ ការស្នើនេះ ធ្វើឡើងនៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី និងសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ក្នុងគោលបំណងផ្តោតលើផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ។
លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ថា កិច្ចប្រជុំព្រឹកថ្ងៃទី ៣១ តុលា ដឹកនាំដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម គឺលោក ឌិត ទីណា ដែលបានពិគ្រោះគ្នា ក្នុងការផ្ដោតសំខាន់ទៅលើផលិតកម្មពូជស្រូវ និងការនាំចេញអង្ករ។
លោក ហ៊ុន ឡាក់ ថ្លែងថា៖ «ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីកសិកម្មបានលើកយកបញ្ហាអាទិភាពចំពោះមុខ គឺធ្វើយ៉ាងណារៀបចំផែនការជាបន្ទាន់ រយៈពេលខ្លី ដែលជាផែនការជំរុញផលិតកម្មពូជស្រូវសែនក្រអូប ០១ ដែលបានបញ្ចេញដោយកាឌី ហើយពូជស្រូវហ្នឹង គឺចង់ផ្ដោតទៅលើពូជស្រូវសុទ្ធល្អ ដែលចំណាយពូជស្រូវតិច និងផលិតបាននូវទិន្នផលខ្ពស់ ធន់ហ្នឹងជំងឺ និងសត្វល្អិត»។
លោកថា ផែនការផលិតពូជស្រូវនេះ គឺរដ្ឋមន្រ្តីក្រសួងកសិកម្មបានលើកទឹកចិត្តឱ្យមានការចូលរួមពីវិស័យឯកជន ជាពិសេសពីភាគីពាក់ព័ន្ធទាំងអស់នៃសហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវធ្វើយ៉ាងណា រៀបចំកិច្ចសន្យាទទួលទិញផលិតផលស្រូវរបស់កសិករ ដែលពួកគាត់ទទួលយកពូជនេះមកដាំ។
លោកបន្ថែមថា៖ «ខាងសហព័ន្ធស្រូវអង្ករ ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ចំពោះកសិករដែលបានប្រើប្រាស់ពូជតំណតគ្នា ពូជក្លាយ ដែលធ្វើឱ្យទិន្នផលស្រូវទាប ហើយភាពសុទ្ធនៃគ្រាប់អង្ករ ត្រូវធ្លាក់ចុះ»។
ចំណែកលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់ថា ការប្រជុំនៅព្រឹកថ្ងៃទី ៣១ តុលា ខាងសហព័ន្ធស្រូវ-អង្ករកម្ពុជា បានសំណូមពរទៅក្រសួងកសិកម្ម ឱ្យមានការវិនិយោគបន្ថែមលើការគ្រប់គ្រងដំណាំស្រូវ រៀបចំយុទ្ធសាស្ត្រស្រូវអង្ករក្នុងដំណាក់កាលថ្មី ២០២៣-២០៣០ និងស្នើឱ្យគ្រប់ក្រសួងធ្វើការរួមគ្នា ដើម្បីធ្វើបច្ចុប្បន្នភាពនៃផ្ទៃដីដាំដុះស្រូវឡើងវិញ។
ក្រៅពីនេះទៀត លោកស្រីថា ស្នើឱ្យក្រសួងកសិកម្មត្រូវរៀបចំយុទ្ធនាការផ្សព្វផ្សាយទៅកាន់កសិករ លើជំនាញបច្ចេកទេសដាំដុះ ការប្រើប្រាស់ជី ថ្នាំពុលកសិកម្ម និងពូជ ក្នុងកម្រិតទ្រង់ទ្រាយធំ តាមរយៈការផលិតវីដេអូផ្សព្វផ្សាយ ហើយនឹងស្នើសុំឱ្យក្រសួងកសិកម្មត្រូវរៀបចំការចុះបញ្ជីចំនួនរោងម៉ាស៊ីនកិនស្រូវទៅប្រទេសចិនបន្ថែមទៀត ទោះបីជាការងារនេះត្រូវបានឯកភាពជាគោលការណ៍ពីអគ្គនាយកដ្ឋានកសិកម្មរួចហើយក៏ដោយ។
លោកស្រី គឹម ស្រីរ័ត្ន ថា៖ «យើងចង់ឱ្យក្រសួងកសិកម្មផ្តោតទៅលើការផលិតស្រូវពូជ ដែលមានគុណភាពល្អ សុទ្ធល្អ ហើយចែកចាយទៅឱ្យក្រុមហ៊ុនឯកជន ឬមួយកសិករសហគមន៍ណា ដែលគាត់អាចយកទៅធ្វើស្រូវពូជ ហើយបន្តអ៊ីចឹងទៅទៀតបាន ដើម្បីយើងកិនជាអង្ករមក បានភាពសុទ្ធ ហើយមានគុណភាពល្អ»។
លោកស្រីបន្តថា កាលពីឆ្នាំមុនៗ ខាងសហព័ន្ធមានអង្ករសែនក្រអូប និងអង្កររំដួល ដែលភាពសុទ្ធ ត្រូវបានធ្លាក់ចុះដោយសារកត្តាកសិករ ពេលខ្លះពួកគាត់បានប្រើប្រាស់ពូជស្រូវដដែលៗច្រើនដងពេក ដោយមិនបានទិញពូជល្អៗពីកន្លែងលក់ ឫមួយក៏ពួកគាត់ដាំដុះទៅ វាមានការឆ្លងពីពូជមួយទៅពូជមួយទៀតដូច្នេះហើយវាធ្វើឱ្យគុណភាពអង្ករឆ្នាំមុនៗ មានការធ្លាក់ចុះ។
លោកស្រីបន្ថែមថា៖ «និយាយសរុបជារួមមក គឺផ្ដោតទៅលើការអភិវឌ្ឍ និងការធ្វើឱ្យប្រសើរឡើងផ្នែកគុណភាពស្រូវ ឱ្យចេញជាអង្ករល្អ គុណភាពល្អ ហើយមានតម្លៃសមរម្យ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ទទួលស្គាល់ថា ការងារជាអាទិភាពចំពោះមុខ គឺផែនការសកម្មភាពស្ដីពីការជំរុញផលិតកម្មនិងការប្រើប្រាស់ពូជស្រូវដែលមានគុណភាពល្អក្នុងបរិមាណទាប តែផ្ដល់ទិន្និផលស្រូវខ្ពស់។
លោកថា ការជ្រើសរើសពូជក៏ត្រូវអត្រាដុះខ្ពស់ ធំលឿន មានកម្លាំងខ្លាំង ធន់នឹងជំងឺនិងសត្វល្អិត ទុំស្រុះគ្នាល្អ និងមានអត្រាលាយគ្រាប់ពូជផ្សេងនិងគ្រាប់ខ្មៅចង្រៃទាប ដែលនឹងរួមចំណែកឱ្យស្រូវអង្ករមានតម្លៃខ្ពស់នៅលើទីផ្សារ។
លោកលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ដើម្បីធានាថា ពូជស្រូវសុទ្ធដែលប្រជាកសិករផលិតបាន នឹងមានទីផ្សារទទួលទិញយកទៅដាំដុះបន្ត។
លោករដ្ឋមន្ត្រីស្នើឱ្យភាគីពាក់ព័ន្ធសិក្សាអំពីប្រភេទអង្ករដែលជាតម្រូវការនៅលើទីផ្សារអន្ដរជាតិ ហើយជំរុញការផលិតស្របទៅតាមតម្រូវការជាក់ស្ដែង។
ទិន្នន័យពីសហព័ន្ធវអង្ករកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៩ ខែឆ្នាំ ២០២២ នេះ កម្ពុជាបាននាំចេញអង្ករជិត៤៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៨៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់គោលដៅចំនួន ៦០ ប្រទេស ដែលក្នុងនោះក៏មានតំបន់មជ្ឈិមបូព៌ាផងដែរ៕