ព្រះវិហារៈ អន្ទាក់នៅតែជាបញ្ហាប្រឈម សម្រាប់សត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលធ្វើឱ្យមានការបារម្ភចំពោះការបាត់បង់សត្វព្រៃ ដែលកំពុងមានវត្តមាននៅកម្ពុជារួមទាំងសត្វជិតផុតពូជផងដែរ។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះកាលពីឆ្នាំមុន ក្រសួងបរិស្ថាន និងស្ថាប័នអង្គការជាដៃគូបានដកអន្ទាក់សរុបជាង ៦ ម៉ឺនចេញពីតំបន់ការពារធម្មជាតិចំនួន ៧២ និងច្រករបៀងជីវចម្រុះផ្សេងៗទៀតនៅកម្ពុជា។ ក្នុងនោះអន្ទាក់ខ្លះត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិ និងខ្លះទៀតដោះចេញពីចម្ការដំណាំរបស់កសិករ ដោយសារសត្វព្រៃខ្លះចូលទៅស៊ីដំណាំទាំងនោះ។
ជាផ្នែកមួយនៃការចូលរួមកាត់បន្ថយការជាប់អន្ទាក់របស់សត្វព្រៃ លោក ដាវិស បេនយ៉ូសែប ដែលជាអ្នកអភិរក្ស និងការពារផ្ទាល់ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ បានសម្រេចចិត្តជីកប្រឡាយប្រវែងជាង ៣០ គីឡូម៉ែត្រ នៅតំបន់ការពាររបស់ខ្លួន ដើម្បីការពារសត្វព្រៃចូលទៅស៊ីដំណាំរបស់កសិករ។
លោកបានថ្លែងថា៖ «បន្ទាប់ពីជីកប្រឡាយរួច យើងសង្ឃឹមថាសត្វព្រៃនឹងកាត់បន្ថយចូលទៅស៊ី ឬបំផ្លាញដំណាំកសិករ ព្រោះប្រឡាយនោះជារនាំងកុំឱ្យចូលមកដល់ដំណាំ ហើយអាចកាត់បន្ថយការជាប់អន្ទាក់ទៀត។ សត្វទៅស៊ីដំណាំប្រជាជន ហើយប្រជាជនតែងតែខឹង ហើយគេដាក់អន្ទាក់ និងបរបាញ់សត្វ ដូច្នេះវាបាត់បង់សត្វព្រៃច្រើន អ៊ីចឹងហើយបានជាយើងត្រូវជីកប្រឡាយ និងធ្វើរបងនៅកន្លែងដែលមានហានិភ័យ»។
លោកបន្តថា មួយវិញទៀតប្រឡាយនេះអាចរួមចំណែកដល់ការសន្សំថវិកាក្នុងការចំណាយលុយសងកសិករ ដែលរងការខូចខាតដំណាំដោយសារសត្វព្រៃ។ លោកថា៖ «ក្នុង ១ ឆ្នាំៗយើងសងលុយដល់កសិកររាប់ពាន់ដុល្លារ ឬខ្ទង់រយដុល្លារ អ៊ីចឹងពេលមានប្រឡាយនេះយើងអាចឈប់សងលុយដល់កសិករហើយណាមួយខ្វះថវិកាផង។ ប៉ុន្តែបើមានបញ្ហាធំ ចាំយើងគិតទៀត ព្រោះឥឡូវយើងមិនទាន់ដឹងទេ រង់ចាំរដូវប្រាំងសិន ព្រោះក្នុងរដូវភ្លៀង សត្វព្រៃវាដើរទៅឆ្ងាយក្នុងព្រៃជ្រៅ ប៉ុន្តែរដូវប្រាំងវានឹងត្រឡប់មកវិញហើយអាចចូលទៅស៊ីដំណាំឬអត់ចាំមើលសិន»។
ជាមួយគ្នានេះដែរ លោកណែនាំឱ្យកសិករបង្វែរពីការដាំដំឡូង ងាកមកដាំដំណាំដែលសត្វព្រៃមិនសូវស៊ី ដូចជាសណ្តែកសៀង ឬស្វាយចន្ទីជាដើម។
លោក បេន ជនជាតិអាមេរិកដែលបាននាំទាំងគ្រួសារមករស់នៅលើទឹកដីកម្ពុជាអស់ពេល ១០ ឆ្នាំមកនេះ បានឱ្យដឹងថា ប្រឡាយដែលកំពុងជីកនេះមានប្រវែងសរុប ៣២ គីឡូម៉ែត្រ ជម្រៅ ២ ម៉ែត្រកន្លះដែលបច្ចុប្បន្នជីកបាន ១៦ គីឡូម៉ែត្រហើយ ប៉ុន្តែគ្រានោះដោយសារជួបបញ្ហាខ្វះថវិកា គួបផ្សំរដូវវស្សាផង ទើបផ្អាកបណ្តោះអាសន្ន។
យ៉ាងនេះក្តី លោកសម្តែងការសប្បាយចិត្ត និងថ្លែងអំណរគុណចំពោះសប្បុរសជនជាច្រើន ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចូលរួមការជីកប្រឡាយតាមរយៈយុទ្ធនាការ ១ ដុល្លារ។
លោកថ្លែងថា៖ «តាមរយៈយុទ្ធនាការជីកប្រឡាយទទួលបានថវិកាបានពីសប្បុរសជនជាង ៥ ម៉ឺនដុល្លារហើយលោកនឹងចាប់ផ្តើមជីកប្រឡាយបន្តទៀតនៅក្នុងខែធ្នូ ឆ្នាំ ២០២២ ដែលគ្រោងចំណាយពេល ៤ ខែ ដើម្បីបញ្ចប់ការជីកប្រឡាយនោះ»។
លោក បេន បានឱ្យដឹង សម្រាប់តំបន់ការពារធម្មជាតិនេះ កាលពីឆ្នាំ ២០២១ ប្រមូលអន្ទាក់បានចំនួន ១ ៣០០ អន្ទាក់ ភាគច្រើនក្នុងរដូវវស្សា។ លោកថា៖ «យើងនៅបន្តការផ្សព្វផ្សាយអប់រំពលរដ្ឋ ប៉ុន្តែអ្នកដែលចូលចិត្តប្រកបរបរដាក់អន្ទាក់សត្វគេមិនស្តាប់យើងទេ ទោះបីអប់រំប៉ុន្មានដងទៀត ក៏នៅតែមិនមានអ្នកស្តាប់។ ពេលខ្លះមិនស៊ីសង និងការអប់រំទេ បញ្ហានៅត្រង់ថា គាត់រកលុយបានច្រើន ធម្មតារកស៊ីខុសច្បាប់បានលុយច្រើន»។
ក្រឡេកទៅមើលអន្ទាក់នៅព្រៃជ្រៅៗវិញ លោកថា អន្ទាក់នៅមានច្រើនដោយសារព្រានព្រៃមួយចំនួនប្រកបរបរជួញដូរសត្វព្រៃ ដែលធ្វើឱ្យសត្វព្រៃនៅតំបន់នេះកំពុងរងការគំរាមកំហែង។
លោកថា៖ «ប៉ុន្តែការចាប់អ្នកដាក់អន្ទាក់មិនងាយបានទេ ព្រោះវាពិបាកចាប់ណាស់ ពិបាកជួប ព្រោះជននោះស្គាល់ព្រៃច្បាស់ ឆ្នាំខ្លះចាប់បានអ្នកដាក់អន្ទាក់ម្នាក់ សរុបមកនៅតំបន់នេះយើងចាប់អ្នកដាក់អន្ទាក់ប្រហែល ៤ នាក់ ហើយបញ្ជូនទៅមន្ទីរបរិស្ថាន ដើម្បីពិន័យអន្តរកាល»។
លោកបេន បន្ថែមថា ជាប្រចាំ រូបលោក ក្រុមការងារសហគមន៍ និងមន្ត្រីកងរាជអាវុធហត្ថមានគ្នាសរុបប្រមាណ ៤ នាក់ឡើងទៅ តែងតែចុះល្បាត ការពារព្រៃឈើ និងប្រមូលអន្ទាក់ដែលភាគច្រើននោះជាប្រភេទអន្ទាក់ដាក់ជ្រូកព្រៃឈ្លូស និងទន្សោងជាដើម។
ក្រៅពីការងារអភិរក្សសត្វព្រៃនៅតំបន់របស់លោក បេន ស្នាក់នៅក៏មានការរៀបចំកញ្ចប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ស្ថិតនៅក្នុងគម្រោង Be Treed Adventures ដើម្បីរកកម្រៃបន្ថែម ដើម្បីទ្រងទ្រង់ការចំណាយ។ គម្រោងទេសចរណ៍នេះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ ១៩ ហើយនឹងត្រៀមបើកទទួលភ្ញៀវវិញនៅដើមឆ្នាំ ២០២៣ ។
លោក បេន ថ្លែងថា៖ «យើងមានផ្ទះសំណាក់ ៣ បន្ទប់ ក្នុង ១ យប់ ៦០ ដុល្លារ យើងជូនឡើងភ្នំ មើលទឹកជ្រោះ និងដើរមើលសត្វព្រៃ ពេលខ្លះជួបសត្វប្រើស ទន្សោង ស្វា។ ក្រៅពីនេះនៅសហគមន៍ក៏មានជួលតង់ និងក្យូសផងដែរ»។
ជាមួយគ្នានេះដែរ លោកថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានដែលបានផ្តល់ថវិកា ២ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ និងមធ្យោបាយធ្វើដំណើរដូចជារថយន្ត ១ គ្រឿង និងម៉ូតូ ២ គ្រឿង សម្រាប់ចូលរួមកិច្ចការអភិរក្ស។ លោកថា៖ «ក្រសួងជួយយើង ១ ឆ្នាំ ២ ម៉ឺនដុល្លារ គេផ្តល់រថយន្ត ១ និងម៉ូតូ ២ គ្រឿង បន្ថែមពីនេះនៅមានបុគ្គលិកមន្ទីរបរិស្ថានខេត្តជួយសហការក្នុងការបង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃ»។
បើតាមលោក បេន ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បើប្រៀបធៀបនឹង ១០ ឆ្នាំមុន តំបន់ស្នូលព្រៃនាពេលនេះ ចាប់ផ្តើមដុះឡើងវិញច្រើនជាងមុន ហើយជ្រូក ឈ្លូស ក៏បន្តមានវត្តមានដែរ ប៉ុន្តែសត្វស្លាប និងសត្វមួយចំនួនផ្សេងទៀតមានការថយចុះ។
តាមរយៈគម្រោង USAID ព្រៃឡង់បៃតង គិតត្រឹមឆ្នាំ ២០២២ បានរកឃើញសត្វព្រៃចំនួន ៧៣ ប្រភេទក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ ក្នុងនោះក៏មានសត្វព្រៃជិតផុតពូជនៅកម្ពុជាផងដែរ ប៉ុន្តែសត្វព្រៃទាំងនោះកំពុងរងការគំរាមកំហែងពីការបរបាញ់ និងការទន្ទ្រានដីព្រៃ។
រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា ការជីកប្រឡាយនេះត្រូវបានអនុញ្ញាតពីក្រសួងបរិស្ថានដែលជាវិធីសាស្ត្រមួយ ដើម្បីការពារកុំឱ្យសត្វព្រៃចេញក្រៅតំបន់អភិរក្ស និងដើម្បីសម្គាល់ថាទីតាំងនេះជាតំបន់ស្នូលដែលត្រូវការពារអភិរក្សកម្រិតខ្ពស់ការពារសត្វព្រៃ និងជាផ្នែកមួយជួយផ្តល់ជាប្រភពទឹកចំពោះសត្វព្រៃដែលរស់នៅតំបន់ផងដែរ។
លោកបន្តថា ក្រសួងបរិស្ថានបានផ្តល់សិទ្ធិដល់គម្រោងរបស់លោក បេន និងក្រុមគ្រួសារចូលរួមការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃ ហើយក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ ហើយកម្លាំងមន្ត្រីឧទ្យានុរក្សសហការគ្នាបានយ៉ាងល្អជាមួយសហគមន៍លើការការពារ និងអភិរក្សព្រៃឈើ និងសត្វព្រៃនៅតំបន់នោះ។
លោកបានបញ្ជាក់ថា តាមរយៈការចូលរួមពីសហគមន៍ និងអនុវត្តច្បាប់លើការចូលរួមការពារអភិរក្ស ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានក្លាយជាទីតាំងទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយ។
លោកថា៖ «ភាពទាក់ទាញនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក៏បានសបញ្ជាក់ឱ្យឃើញថា ការការពារព្រៃឈើ និងសត្វព្រៃ គឺជារឿងចាំបាច់ណាស់ ព្រោះការចូលរួមនេះមិនត្រឹមតែរក្សានូវភាពសម្បូរបែបនៃសត្វព្រៃ និងព្រៃឈើនោះទេ តែជាផ្នែកមួយនៃការទាក់ទាញទេសចរ ពោលគឺបង្កើតសេដ្ឋកិច្ចដល់មូលដ្ឋានតាមរយៈការផ្ដល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវទេសចរ ដូចជា សេវាស្នាក់នៅ ម្ហូបអាហារ និងមគ្គុទ្ទេសក៍ទេសចរណ៍»។
លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្នការដាក់អន្ទាក់ក្នុងព្រៃ យើងប្រើវិធីសាស្ត្រអប់រំណែនាំសិន ប៉ុន្តែនៅពេលគាត់ប្រព្រឹត្តបទល្មើសហើយ យើងនឹងពិនិត្យទៅលើកម្រិតនៃស្ថានទម្ងន់ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
លោកថា៖ «ក្នុងករណីកម្រិតស្រាលធ្វើការអប់រំ ប៉ុន្តែករណីធ្ងន់ធ្ងរដែលសម្លាប់សត្វកម្រជិតផុតពូជ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដោយគ្មានការយោគយល់»។
មន្ត្រីអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ លោក ចន្ថា ណាសាក់ ថ្លែងថា អន្ទាក់គឺជាសត្រូវរបស់សត្វព្រៃដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សត្វព្រៃកម្ពុជា។ លោកបន្តថា ដើម្បីចូលរួមលុបបំបាត់ការដាក់អន្ទាក់នេះ អង្គការរបស់លោកបានធ្វើកិច្ចការជាច្រើន ដើម្បីឆ្លើយតបវិធានការឱ្យបានទាន់ពេលវេលា។
លោកថា៖ «អន្ទាក់ខុសច្បាប់គ្រប់ប្រភេទបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិមិនត្រឹមតែប៉ុណ្ណោះប្រឈមដល់មនុស្សដែលចុះទៅប្រមូលអនុផលព្រៃឈើ និងបម្រើវិស័យទេសចរណ៍ អ៊ីចឹងអន្ទាក់ពិតជាបង្កើនវិបត្តិដ៏ធ្ងន់ធ្ងរដល់ជីវចម្រុះ»។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មានផ្ទៃដីចំនួន ៤២ ០៩៧ ហិកតា ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០១៧ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។
អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) លោក សេង ទៀក មានប្រសាសន៍ថា វិបត្តិអន្ទាក់មិនមែនតែនៅស្រុកខ្មែរទេ នៅប្រទេសខ្លះមានការដាក់អន្ទាក់ច្រើនជាងយើងទៅទៀត។
លោកថា៖ «សត្វព្រៃបាត់បង់ដោយសារអន្ទាក់នេះធ្ងន់ធ្ងរណាស់ អ៊ីចឹងបានជាខ្ញុំកោតសរសើរដល់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងបរិស្ថាន ដែលបានកៀរគរដៃគូ ដែលជាអង្គការអភិរក្ស ដើម្បីទូងប៉ោត ទូងស្គរ ឱ្យប្រជាជនយល់ដឹងថា អន្ទាក់មានវិបត្តិខ្លាំងណាស់សម្រាប់សត្វព្រៃ»។
លោកបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងសហការរួមគ្នាក្នុងការលុបបំបាត់ការដាក់អន្ទាក់នេះគឺផ្តើមចេញពីយើងទាំងអស់គ្នាគ្រប់វិស័យរដ្ឋ និងឯកជនក៏ដូចពលរដ្ឋខ្លួនឯងនៅក្នុងការដោះស្រាយបញ្ហាសត្វព្រៃរបស់យើង។
លោកបានឱ្យដឹងថា សត្វព្រៃនៅលើពិភពលោកថយចុះជាមធ្យម ៦៨ ភាគរយ ទាំងសត្វក្នុងទឹកសមុទ្រ ទឹកសាប និងសត្វនៅលើគោក ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ការអភិរក្ស។
ពាក់ព័ន្ធនឹងអន្ទាក់នេះដែរ ក្រសួងបរិស្ថាន និងដៃគូពាក់ព័ន្ធបានបើកយុទ្ធនាការអន្ទាក់សូន្យអស់រយៈពេល ៦ ខែផ្តោតលើខេត្តគោលដៅចំនួន ៦ រួមមាន ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ និងរតនគិរី ហើយត្រូវបានបិទបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ ២០២២ ។
តាមរយៈយុទ្ធនាការអន្ទាក់សូន្យគឺទទួលបានលទ្ធផលវិជ្ជមានលើសការរំពឹងទុកដោយពលរដ្ឋបានទទួលសារស្តីពីកម្មវិធីនេះមានជាង ៣ លាននាក់។ ជាមួយគ្នានេះក្រសួង និងអង្គការដៃគូបានពង្រីកវិសាលភាព យុទ្ធនាការអន្ទាក់សូន្យស្តីពីបញ្ឈប់ការជួញដូរសត្វព្រៃនៅទឹកដីខេត្តមណ្ឌលគិរីផងដែរ ដើម្បីបញ្ជ្រាបការយល់ដឹងបន្ថែមទៀតដល់ប្រជាពលរដ្ឋ។
យុទ្ធនាការអន្ទាក់សូន្យ គឺជាកិច្ចខិតខំប្រឹងប្រែងរួម រវាងក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ អង្គការដៃគូក្នុងការងារអភិរក្ស និងដៃគូអភិវឌ្ឍន៍ ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវចម្រុះ និងអនុញ្ញាតឱ្យជីវចម្រុះអាចរីកលូតលាស់ តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព៕