ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានលើកឡើងថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាមនៅតាមទីសាធារណៈនៅតែជាបញ្ហាប្រឈម និងស្នើពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងពេលដែលបច្ចប្បន្នសំរាម ១០០ ភាគរយ គឺមានតែ ៦៤ ភាគរយប៉ុណ្ណោះ ដែលបានយកទៅចាក់នៅទីលានសំរាម។
ថ្លែងប្រាប់អ្នកសារព័ត៌មាននាឱកាសសន្និតបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ កាលពីថ្ងៃទី ៣១ ខែតុលា រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅឆ្នាំ ២០២២ សំរាមដែលបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាង៤លានតោននៅក្នុង ១ ឆ្នាំៗ។ លោកបានឱ្យដឹងថា ក្នុង ១ ថ្ងៃ សំរាមមានជាង ១ ម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់រឹងសំរាមនៅប្រទេសកម្ពុជា គឺមានចន្លោះពី ១០ ទៅ ១៥ ភាគរយនៅក្នុង ១ ឆ្នាំ។
លោកថ្លែងថា៖ «ក្នុងចំណោមសំរាម ១០០ ភាគរយ គឺមានតែសំរាម ៦៤ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅលើលាន ក្រៅពីនោះ សំរាម ៣៦ ភាគរយទៀត គឺរាយប៉ាយតាមទៅតាំងផ្សេង ឬនៅប្រភពទឹក ឬនៅតាមសាធារណៈដែលនេះជាកិច្ចការងារបន្ត។ក្នុងនាមក្រសួងបរិស្ថានបានរៀបចំនូវគោលនយោបាយ និងជំរុញបន្ថែមសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងសំណល់រឹងសំរាមធ្វើម៉េចឱ្យមានការរៀបចំទីលានចាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៀត»។
ឆ្លើយតបទៅនឹងការគ្រប់គ្រងសំរាមនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់ប្រជាពលរដ្ឋទុកដាក់សំរាមសំណល់រឹងឱ្យបានត្រឹមត្រូវតាមរយៈការញែកសំរាម វេចខ្ចប់ និងបញ្ចេញសំរាមឱ្យបានត្រឹមត្រូវតាមម៉ោងកំណត់។
នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពី “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា” ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ លើកឡើងថា ដើម្បីធានានូវសោភណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថានចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំរាមសំណល់រឹង ព្រោះសំណល់រឹងដែលបានញែករួចនោះអាចប្រែក្លាយទៅជាសំណល់ដែលមានតម្លៃសេដ្ឋកិច្ចពីការកែច្នៃ ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។
ឆ្លើយតបទៅនឹងចក្ខុវិស័យលើការគ្រប់គ្រងសំរាម ជាពិសេសដើម្បីឱ្យការប្រារព្ធ "ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា”ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានការចូលរួមកាន់តែសស្រោកសស្រាំថែមទៀតពីសំណាក់រដ្ឋបាលខណ្ឌ សង្កាត់ គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំអំពីការធ្វើអនាម័យបរិស្ថាននៅតាមគោលដៅមួយចំនួន។
ក្នងនោះរដ្ឋបាលខណ្ឌនិងសង្កាត់ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំ ដោយត្រូវសម្អាតនិងប្រមូលសំរាមមិនឱ្យមាននៅតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើបន្ថែមតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន។
សម្រាប់គ្រឹះស្ថានសាធារណៈ សាលារៀន វត្តអារាម មន្ទីរពេទ្យ ត្រូវចាត់ចែងធ្វើអនាម័យសម្អាតទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួនដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ សំដៅធានាបរិយាកាសការងារល្អ និងមានសោភណភាព។
ចំណែក រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ត្រូវធ្វើអនាម័យសម្អាតទាំងក្នុងនិងជុំវិញទីតាំងរបស់ខ្លួននិងត្រូវអប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន អំពីការគ្រប់គ្រង និងទុកដាក់សំរាមសំណល់រឹងឱ្យបានត្រឹមត្រូវ។
អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន លោក ប៉ាក សុខារ៉ាវុត បានថ្លែងថា កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវបានពង្រឹងកែលម្អ និងសម្រួចជាបន្តបន្ទាប់ដែលក្លាយជាយន្តការសំខាន់ ហើយត្រូវបានទទួលយកយ៉ាងទូលំទូលាយ ដើម្បីគាំពារសុខុមាលភាពសាធារណៈ និងធានាបានការអភិវឌ្ឍដោយចីរភាព។
លោកបានបញ្ជាក់ថា សម្រាប់កិច្ចគាំពារបរិស្ថានក្រសួងក៏កំពុងយកចិត្តទុកដាក់ចំពោះស្ថានភាពការគ្រប់គ្រងសំរាមបញ្ហាប្រឈមលើការគ្រប់គ្រងសំណល់រឹងទីប្រជុំជន និងបានដាក់ទិសដៅក្នុងការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាមសំណល់រឹង៕