ភ្នំពេញៈ អង្គការសង្គមស៊ីវិល និងប្រជាសហគមន៍ប្រមាណជាង ១ ០០០ នាក់ ជួបជុំគ្នាក្នុងសន្និបាតប្រជាជនរយៈពេល ៣ ថ្ងៃ នៅរាជធានីភ្នំពេញ ដើម្បីសម្ដែងមតិនិងលើកពីតម្រូវការរបស់ខ្លួនសម្រាប់ដាក់ជូនថ្នាក់ដឹកនាំអាស៊ានតាមរយៈរដ្ឋាភិបាលកម្ពុជាដោយរំពឹងថាតម្រូវការ និងសំណូមពររបស់ពួកគេនឹងត្រូវបានយកចិត្តទុកដាក់។
សេចក្តីប្រកាសព័ត៌មានរបស់បណ្តាអង្គការ និងសហគមន៍ដែលចូលរួមសន្និបាតនេះ បានឱ្យដឹងថា សន្និបាតប្រជាជន បានរៀបចំឡើងចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺធ្វើឡើងមុនពេលកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានចាប់ផ្តើមក្នុងនោះពួកគេរំពឹងថា ប្រធានាធិបតីអាមរិក លោក ចូ បៃដិន នឹងមកចូលរួមនាពេលខាងមុខនេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា «សន្និបាតនេះ គឺជាផ្នែកមួយនៃចលនាប្រជាជនមូលដ្ឋាន និងសកម្មជនសង្គមមកពីអាស៊ីអាគ្នយ៍ដើម្បីបង្ហាញពីសាមគ្គីភាព និងសំឡេងរបស់ពួកគេទៅកាន់ថ្នាក់ដឹកនាំដោយរំពឹងថា តម្រូវការ និងសំណូមពររបស់ខ្លួននឹងត្រូវបានយកចិត្តទុកដាក់»។
ប្រភពដដែលបានឱ្យដឹងបន្តថា ព្រឹត្តិការណ៍ ៣ ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយតំណាង និងអ្នកដឹកនាំសហគមន៍នៃបណ្ដាញពហុវិស័យ និងក្រុមស្រាវជ្រាវសកម្មដោយមានការសម្របសម្រួល និងការគាំទ្របច្ចេកទេសពីអង្គការស៊ីវិលចំនួន ៥ ដោយមានការប្រមូលផ្តុំប្រជាសហគមន៍ប្រមាណជាង ១ ០០០ នាក់ ដែលជាសមាជិក និងសកម្មជនសហគមន៍មូលដ្ឋានមកពីតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជា និងមិត្តភក្ដិមកពីតំបន់អាស៊ានប្រមាណជាង ៥០ នាក់ផងដែរ។
សេចក្តីប្រកាសបានបញ្ជាក់ថា «នៅថ្ងៃទី ១ គឺជាការប្រកាសបើកសន្និបាតដោយមានរៀបចំជាសន្និសីទសារព័ត៌មាន ការតាំងពិព័រណ៍ និងការចែករំលែកពូជ និងផលិតផលកសិកម្មរបស់កសិករ និងកម្មវិធីសិល្បៈ។ នៅថ្ងៃទី ២ នឹងមានសិក្ខាសាលាដើម្បីស្វែងយល់ និងវិភាគអំពីបញ្ហានានាទាំងកម្រិតថ្នាក់ជាតិ និងកម្រិតអាស៊ានជុំវិញអធិបតេយ្យ ស្បៀង វិបត្តិប្រព័ន្ធស្បៀង ផលប៉ះពាល់ពីពាណិជ្ជកម្មសេរី សិទ្ធិដីធ្លី និងលំនៅឋាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់ពីកូវីដ ១៩ សិទ្ធិអ្នកប្រកបរបរផ្លូវភេទ និងតួនាទីសិល្បៈក្នុងការរួមចំណែកកសាងចលនាសង្គមផងដែរ»។
សន្និបាតនេះក៏ជាឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងការចែករំលែក និងរៀនសូត្រអំពីបរិបទ និងស្ថានភាពនយោបាយក្នុងតំបន់អាស៊ាន ខណៈថ្ងៃទី ៣ សន្និបាតមហាជនសាធារណៈនឹងត្រូវបានរៀបចំឡើងសម្រាប់អ្នកចូលរួមទាំងអស់ក្នុងការសម្ដែងមតិអំពីបញ្ហា និងតម្រូវការរបស់ពួកគាត់ព្រមទាំងបូកសរុបនូវអនុសាសន៍រួមដាក់ចូលជាសេចក្តីថ្លែងការណ៍ដែលនឹងត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានតាមរយៈរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។
លោក ជា សុភ័ក តំណាងអ្នករៀបចំសន្និបាតម្នាក់បានលើកឡើងថា សន្និបាតមហាជននេះគឺជាឱកាសសម្រាប់ប្រជាជនមូលដ្ឋានក្នុងការសម្តែងមតិ និងលើកឡើងនូវបញ្ហាដែលពួកគាត់កំពុងជួបប្រទះ។ លោកបានបន្តថា៖ «កាលពីជំនាន់សង្គមរាស្ត្រនិយម សន្និបាត ឬសមាជ ត្រូវបានរៀបចំឡើងដើម្បីឱ្យថ្នាក់ដឹកនាំបានស្តាប់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋបានប្រគល់អំណាចជូនរដ្ឋាភិបាលតាមរយៈការបោះឆ្នោតដូច្នេះរដ្ឋាភិបាលមិនគួរខ្លាចនូវបញ្ហាដែលប្រជាជនលើកឡើងនោះឡើយ ហើយខ្ញុំសង្ឃឹមថា សន្និបាតឬសមាជប្រជាជន គួរត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់ពីពេលនេះទៅ»។
អ្នកស្រី កែ សុភី ជាតំណាងសហគមន៍ដីធ្លីមកពីខេត្តសៀមរាបបានថ្លែងដែរថា នៅខេត្តសៀមរាបមានបញ្ហាទំនាស់ដីធ្លីជាច្រើនដែលមិនទាន់មានដំណោះស្រាយហើយប្រជាពលរដ្ឋរាប់ពាន់គ្រួសារកំពុងតែតស៊ូទាមទារ និងស្វែងរកដំណោះស្រាយដីធ្លី និងដើម្បីទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។
អ្នកស្រីបានបញ្ជាក់ថា៖ «តាមរយ:សន្និបាតនេះ ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងពន្លឿនការដោះស្រាយបញ្ហាដីធ្លី និងប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងទូទាំងប្រទេសកម្ពុជា»។
ស្រដៀងគ្នានេះដែរ លោក ស្វាយ ភឿន ជាជនជាតិដើមភាគតិចកួយមកពីខេត្តព្រះវិហារដែលបានចូលរួមសន្និបាតនេះ ដែរបានលើកឡើងថា៖«រូបលោកផ្ទាល់ និងសមាជិក សហគមន៍ជនជាតិដើមភាគតិច ចង់មានឱកាសពេញលេញក្នុងការលើកឡើងពីបញ្ហារបស់ពួកគាត់ជុំវិញសិទ្ធិក្នុងការគ្រប់គ្រង និងប្រើប្រាស់ និងធនធានធម្មជាតិ បញ្ហាជីវភាព និងផលប៉ះពាល់នឹងសម្បទានដី សេដ្ឋកិច្ចមកលើសហគមន៍ជនជាតិដើមភាគតិច»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា អាស៊ាន គឺជាអង្គការអន្តររដ្ឋាភិបាល ដែលមិនមានសិទ្ធិលូកដៃលើកិច្ចការផ្ទៃក្នុងប្រទេសណាមួយទេ។ដូច្នេះលោកថាការធ្វើសមាជនេះមិនអាចយកជាការបានទេ ហើយវាគ្រាន់ជាការជួបជុំបញ្ចេញមតិ ដែលតាមច្បាប់កម្ពុជា ពួកគេមានសិទ្ធិក្នុងការបញ្ចេញមតិ។
លោកបានបញ្ជាក់ថា៖ «សមាជនេះកើតចេញពីណា?តើអង្គការសហគមន៍ហ្នឹងមកពីណា?មាននិន្ននាការរបៀបម៉េច? ដូច្នេះនេះគ្រាន់តែជាការបញ្ចេញមតិដែលមិនមានអ្វីក្រៅពីហ្នឹងនោះទេ។ដូច្នេះការបញ្ចេញយោបល់នេះតើអាចឱ្យអាស៊ានជាអង្គការអន្តររដ្ឋាភិបាលនេះ ដោះស្រាយបញ្ហាអ្វី?»។
យ៉ាងណាក្ដី លោក ផៃ ស៊ីផាន លើកទឹកចិត្តឱ្យបណ្តាអង្កការ និងប្រជាសហគមន៍នេះគួរតែស្វែងរកស្ថាប័នមានសមត្ថកិច្ចកម្ពុជាដែលមានដូចជា ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងស្ថាប័នតុលាការ បើបញ្ហាទាំងនោះជាបញ្ហារបស់កម្ពុជា ដើម្បីឱ្យស្ថាប័នទាំងនោះធ្វើការដោះស្រាយជូនពួកគេវិញល្អជាងទៅស្វែងរកស្ថាប័នដទៃដែលគ្មានសមត្ថកិច្ច៕