ភ្នំពេញៈ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ការអប់រំកំពុងត្រូវផ្លាស់ប្តូរមុខមាត់ថ្មី តាមរយៈបរិវត្តកម្មនៃការអប់រំ ក្នុងពេលដែលការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកំពុងមានតម្រូវការផ្នែកជំនាញ និងទេពកោសល្យ ហើយអ្នកសិក្សាត្រូវតែបន្តរៀន ជាប់ជាប្រចាំនូវជំនាញថ្មីៗ បន្ស៊ាំខ្លួនជាមួយនឹងប្រព័ន្ធអេកូឡូស៊ីការងារដែលមានការប្រែប្រួល ជាប់ជាប្រចាំ និងបណ្តុះគំនិតច្នៃប្រឌិតសម្រាប់ដឹកនាំឱ្យមានបរិវត្តកម្មឌីជីថល។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» នៅក្នុងបរិវេណនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។
លោកថ្លែងថា៖ «សិស្សានុសិស្ស និង គ្រូបង្រៀន ត្រូវភ្ជាប់ខ្លួនទៅកាន់នវានុវត្តន៍នៃការអប់រំ ថ្មីៗ មាតិកាឌីជីថល និង កម្មវិធីសិក្សាដែលសម្បូរបែប និង មានគុណភាព បណ្តាញគ្រឹះស្ថាន សិក្សាដែលមានម៉ូដែល និង គំរូថ្មីៗ ឱកាសសម្រាប់អភិវឌ្ឍបំណិនសតវត្សរ៍ទី២១ ឱ្យបាន កាន់តែប្រសើរ និង ការផ្សារភ្ជាប់ការសិក្សាទៅកាន់តម្រូវការនៅលើទីផ្សារការងារ ដែលតម្រូវឱ្យ មានសមត្ថភាព និងជំនាញឌីជីថលកាន់តែខ្ពស់»។
លោកឧបនាយករដ្ឋមន្ត្រីថ្លែងថា ការទទួលស្គាល់ពីសារៈសំខាន់នៃបច្ចេកវិទ្យាឌីជីថល គ្រាន់តែជាឧបករណ៍ដែល ជួយឱ្យការរៀន និងបង្រៀនកាន់តែមានប្រសិទ្ធភាព ប៉ុន្តែឧបករណ៍នេះនឹងមិនមែនជារបស់ ដែលត្រូវយកមកជំនួសឱ្យការរៀន និងបង្រៀនដោយផ្ទាល់នោះបានទេ ដែលមានន័យថា "បច្ចេកវិទ្យា គឺជាឧបករណ៍ជំនួយ, តែមិនមែនឧបករណ៍ជំនួស នោះឡើយ”។
លោកថ្លែងថា ការសម្ពោធ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» បានឆ្លុះបង្ហាញយ៉ាងប្រត្យក្សនូវកិច្ច ខិតខំប្រឹងប្រែង និងការឆ្លើយតបរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពន្លឿនបរិវត្តកម្មឌីជីថលនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៃការអប់រំ តាមរយៈការបង្ខិតបច្ចេកវិទ្យាអប់រំឱ្យបានដល់ដៃសិស្សានុសិស្ស។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងថា ការសម្ពោធជាផ្លូវការ «មជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល» គឺជាបង្គោលចរថ្មីមួយទៀត នៃបរិវត្តកម្មនៃការផ្លាស់ប្តូរមុខមាត់ថ្មីវិស័យអប់រំដែលជាការសម្រួលសកម្មភាពមួយដែលផ្តល់លទ្ធផលដើម្បីកសាងមូលធនមនុស្សនៅកម្ពុជា។
លោកថ្លែងថា៖ «អគារមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថលត្រូបានជួសជុលកែលម្អនិងអភិរក្សអគារបេតិកភណ្ឌមួយនៅក្នុងបរិវេណនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយក៏ជានិមិត្តរូបនៃបរិវត្តកម្មនៅក្នុងវិស័យអប់រំផងដែរ»។
លោកបន្តថា ការជ្រើសរើសយកទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិនេះធ្វើជាមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល ដោយសារតែជាវិទ្យាល័យមួយដែលចាស់ជាងគេបំផុតនៅកម្ពុជាដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៨៧៣ ជាកន្លែងបណ្តុះបណ្តាលសិស្ស គរុសិស្ស បញ្ញវន្តជាច្រើននាក់រហូតមកដល់សព្វថ្ងៃនេះ។
លោកថ្លែងថា មជ្ឈមណ្ឌលនេះ គឺជាមជ្ឈមណ្ឌលទិន្នន័យដែលប្រមូលផ្តុំរាល់ឯកសារទាំងអស់ ទាំងវីដេអូដែលថតបានក្នុងរយៈពេល ២ ឆ្នាំនៃវិបត្តិកូវីដ ១៩ ហើយបង្កើតជាបណ្តាញមួយសម្រាប់ការអប់រំពីចម្ងាយ ដែលសិស្សអាចប្រើ App ចូលរៀនបាន។ មួយវិញទៀត មជ្ឈមណ្ឌលនេះមានទាំងប្រព័ន្ធគ្រប់គ្រងសាលារៀនដែលសាលារៀនជំនាន់ថ្មី អាចប្រើប្រាស់ App គ្រប់គ្រងពិនិត្យវត្តមានសិស្សនិងគ្រូ។ ក្រៅពីនេះគឺជាការពង្រឹងសមត្ថភាពគ្រូ ដោយប្រើប្រាស់នូវវិធីសាស្ត្របង្រៀនថ្មីៗ ជាពិសេសគ្រូអាចថតជាវីដេអូដើម្បីចែករំលែកហើយតាមរយៈវិដេអូ គ្រូក៏អាចរៀនសូត្រពីគ្នាទៅវិញទៅមកបានដែរ។
លោក ណារ៉ុន ថ្លែងថា ពេលវិបត្តិកូវីដ ១៩ វាយលុកខ្លាំង ក្នុងវិស័យអប់រំបានបិទសាលារៀនជាបណ្តោះអាសន្ន ប៉ុន្តែការបិទនេះបែរជាបាន បង្កើតឱកាសសម្រាប់ការអប់រំឌីជីថល ដោយប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក យូធូប វាត់អាប់ ដើម្បីថត ជាវីដេអូ បង្កើតជាប្រព័ន្ធគ្រប់គ្រងការសិក្សា Learning Management System ដែលប្រើ Google swift ប្រើ App ក៏ដូចជាបង្កើតវិដេអូសិក្សាជាច្រើន និងបានបង្កើតជាប្រព័ន្ធគ្រប់គ្រងការសិក្សាផ្ទាល់ខ្លួន អនុវត្តវិធីសាស្ត្របង្រៀនថ្មីៗ ជាពិសេសបានបង្កើត Cambodian Cyber University Network ដែលប្រើប្រាស់នូវបច្ចេកវិទ្យា ទៀតផង៕