ភ្នំពេញៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelenskyy ប្រកាស​ធានាថា អ៊ុយ​ក្រែ​ន​ នឹង​នៅតែ​ជា​ប្រទេស​ធានា​សន្តិសុខ​ស្បៀង​សម្រាប់​បណ្តា​ប្រទេស​អាស៊ាន ខណៈ​លោក​អរគុណ​កម្ពុជា​ដែលជា​ប្រធាន​អាស៊ាន​ ចំពោះ​ការគាំទ្រ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយ​ក្រែ​ន ដែល​ការគាំទ្រ​នេះ​ធ្វើឡើង​នៅឯ​អង្គការសហប្រជាជាតិ។

លោក​ប្រកាស​ធានា​ដូច្នេះ​ក្នុងជំនួប​តាម​ទូរស័ព្ទ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ល្ងាច​ថ្ងៃទី ១ ខែវិច្ឆិកា។

លោក Zelenskyy បាន​សរសរ​នៅលើ​ Twitter ក្រោយ​កិច្ចសន្ទនា​នេះ​ថា៖ «[ខ្ញុំ] បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ សូម​អរគុណ​កម្ពុជា​ ដែល​ធ្វើជា​ប្រធាន​អាស៊ាន ចំពោះ​ការគាំទ្រ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយ​ក្រែ​ន សម្រាប់​ការគាំទ្រ​នៅ​អង្គការសហប្រជាជាតិ។ [សូម] ធានាថា យើង​នឹង​នៅតែ​ជា​ប្រទេស​ធានា​សន្តិសុខ​ស្បៀង ​សម្រាប់​​បណ្តា​ប្រទេស​អាស៊ាន»។

នា​ថ្ងៃទី១ ខែវិច្ឆិកា នៅមុន​ជំនួប​ជាមួយ​លោក​ Zelenskyy លោក ហ៊ុន សែន បានប្រកាសថា ជំនួប​នេះ​នឹង​ផ្តោតលើ​ទំនាក់ទំនង​ទ្វេភាគី និង​ទំនាក់ទំនង​រវាង​អ៊ុយ​ក្រែ​ន និង​អាស៊ាន ហើយ​ថា​ លោក​នឹង​អាច​ចោទសួរ​លោក ​Zelenskyy អំពី​បញ្ហា​ការនាំចេញ​ស្បៀង​របស់​អ៊ុយ​ក្រែ​ន​ ទៅកាន់​តំបន់ផ្សេងៗ បន្ទាប់ពី​ការអាក់ខាន​ការនាំចេញ​ស្បៀង​ពី​កំពង់ផែ​អ៊ុយ​ក្រែ​ន។

លោក​ថា កាលពី​មុននេះ ស្បៀង​ដែល​បាន​នាំ​ចេញពី​អ៊ុយ​ក្រែ​ន ​ដើម្បី​ផ្គត់ផ្គង់​ទៅកាន់​តំបន់ផ្សេងៗ មាន​ស្ថិរភាព​បង្គួរ។

កាលពីដើម​ខែតុលា លោក ហ៊ុន សែន ប្រកាស​ជំហរ​មិន​គាំទ្រ​ការធ្វើប្រជាមតិ​របស់​រុស្ស៊ី ដើម្បី​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បញ្ចូល​ទៅ​ប្រទេស​រុស្ស៊ី ដោយ​លោក​បញ្ជាក់ថា៖ «ខ្ញុំ​ធ្លាប់​បានប្រកាស​ហើយ ថា​យើង​អត់​គាំទ្រ​ទេ ហើយ​យើង​ប្រឆាំង​ជាមួយនឹង​ការបង្កើត​រដ្ឋ ផ្តាច់​រដ្ឋ ផ្តាច់​ទឹកដី ហើយនិង​ការប្រើប្រាស់​កម្លាំង ឬ​គំរាម​ប្រើប្រាស់​កម្លាំង»។

កាលពី​ខែមីនា កម្ពុជា​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​មហា​សន្និបាត​អង្គការសហប្រជាជាតិ​ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ចប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​ជាបន្ទាន់​ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ខណៈ​កម្ពុជា​ក៏បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​សង្គ្រាម​នៅ​ប្រទេស​នេះ៕

វីដេអូ៖