ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវទៅដល់អាជ្ញាធរ និងកូនៗទាំងអស់ត្រូវយកចិត្តទុកដាក់លើសុខភាព និងការកើតមាននូវជំងឺផ្សេងៗ របស់ឪពុកម្តាយ អាណាព្យាបាល ជីដូនជីតា និងមនុស្សចាស់ ក្នុងពេលដែលអាកាសធាតុត្រជាក់ ខណៈដែលក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសឱ្យប្រុងប្រយ័ត្នចំពោះអាកាសធាតុចុះត្រជាក់នេះ។
ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណជាង ៦ ពាន់នាក់ នាថ្ងៃទី ១ ខែវិច្ឆិកា លោក ហ៊ុន សែន បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ពិសេសកូនៗ ចៅៗ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ពេលអាកាសធាតុត្រជាក់។
លោកមានប្រសាសន៍ថា៖ «កូនៗ ចៅៗ ត្រូវយកចិត្តទុកដាក់ដល់សុខភាពមាតាបិតា ជីដូនជីតាដែលមានវ័យចំណាស់ ក្នុងពេលដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់នេះ ដែលនៅតំបន់ខ្លះអាចធ្លាក់ចុះមកដល់១៧ឬ១៨អង្សា»។
លោក ហ៊ុន សែន បានបន្ថែមថា ក្នុងស្ថានភាពបែបនេះគឺត្រូវតម្រូវឱ្យយកចិត្តទុកដាក់ចំពោះសុខភាព ទាក់ទិននឹងជំងឺផ្តាសាយ ហើយជាពិសេសមនុស្សចាស់ចាញ់រងា ដែលកូនចៅត្រូវតែយកចិត្តទុកដាក់ចំពោះពួកគាត់ ហើយបើទោះបីជារាជរដ្ឋាភិបាលមានកិច្ចការជាច្រើនដែលត្រូវធ្វើ ប៉ុន្តែក៏មានលទ្ធភាពក្នុងការដោះស្រាយបញ្ហាទាំងអស់នោះដែរ។
លោកបានសង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក៏ដូចជាផ្នែកពាក់ព័ន្ធមិនព្រងើយកន្តើយចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទេ ក្នុងនោះយើងក៏បានធ្វើសកម្មភាពជាច្រើនជាមួយនឹងអ្នករងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកដែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ១ ខែវិច្ឆិកា បានឱ្យដឹងថា ក្នុងអំឡុង ១ សប្តាហ៍ខាងមុខនេះ ប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន ដែលធ្វើឱ្យតំបន់ខ្លះក្នុងប្រទេសកម្ពុជាចុះត្រជាក់។
ក្រសួងបានបន្តថា ឥទ្ធិពលនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បរមាពី ២១-២៣ អង្សាសេ និងអតិបរមា ពី ៣១-៣៣ អង្សាសេ ប៉ុន្តែមិនមានភ្លៀងធ្លាក់ទេ បើមានក៏តិចតួចតែប៉ុណ្ណោះ។
ចំណែក នៅតំបន់ខ្ពស់រាបវិញ សីតុណ្ហភាពអប្បបរមា ពី ២០-២២ អង្សារសេ, សីតុណ្ហភាពអតិបរមា ពី៣០-៣២ អង្សាសេ និងមិនមានភ្លៀងធ្លាក់។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ៖ «សម្រាប់តំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តាខេត្តមួយចំនួនដូចជា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមា មានពី ១៧-១៨ អង្សាសេ»។
ទន្ទឹមនឹងនេះដែរ បើយោងតាមសេចក្តីប្រកាសដដែលនេះ សម្រាប់នៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ និងមិន មានភ្លៀងឡើយ បើមានក៏តិចតួចប៉ុណ្ណោះ ។
ក្រសួងបានលើកឡើងថា៖ «សូមប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់នេះ»។
ទាក់ទងនឹងអាកាសធាតុចុះត្រជាក់នេះដែរ លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា អាវរងាជិត ៦ ពាន់អាវ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ផ្តល់ជូនកងកម្លាំងនគរបាលការពារព្រំដែនគោក-ទឹក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិនៅតាមខ្សែបន្ទាត់ព្រំដែន។
លោក នេត សាវឿន បានថ្លែងតាមរយៈលិខិតថ្លែងអំណរគុណដល់លោក ហ៊ុន សែន និងភរិយាថា៖ «ការជួយនេះ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងពីព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោ ដែលជានិច្ចការតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ ពិសេសក្នុងរដូវរងានាពេលខាងមុខនេះ»។
លោកបានបន្ថែមថា នេះជាការលើកទឹកចិត្តដល់កងកម្លាំងជួរមុខក្នុងការបំពេញបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការពារបូរណភាពទឹកដីផងដែរ។
ក្នុងអំឡុងពេលដែលខ្យល់ត្រជាក់នេះ ក្រសួងសុខាភិបាល ធ្លាប់បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យការពារសុខភាពដោយស្លៀកពាក់អាវក្រាស់ៗ រុំកនឹងកន្សែង ពាក់មួកនិងស្រោមដៃរងា ដើម្បីការពារកុំឱ្យធាតុត្រជាក់ប៉ះខ្លួនប្រាណដោយធ្វើយ៉ាងណា ឱ្យមានការរក្សាកំដៅក្នុងខ្លួន ជាធម្មតា។
ក្រសួងបានលើកឡើងថា៖ «សម្រាប់ទារក កុមារនិងមនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ ទាក់ទងនឹងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់។ ទារកបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ ហើយលើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅរាងកាយ ឱ្យបានគ្រប់បានទេ បើគ្មានជំនួយការត្រឹមត្រូវពីអ្នកថែទាំពួកគេ»។
មនុស្សវ័យចំណាស់ ជាញឹកញាប់មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយមានតិចឬចុះថយ ដែលអាចធ្វើឱ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា។
ក្រសួងបានបញ្ជាក់ទៀតថា ៖ «មនុស្សវ័យចំណាស់ ក៏មានហានិភ័យដែរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារតែការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម និងជំងឺបេះដូង»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានឱ្យដឹងថា នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺជាថ្ងៃគម្រប់ ១ ឆ្នាំនៃការបើកដំណើរការសេដ្ឋកិច្ច-សង្គមកម្ពុជា ឡើងវិញ ហើយក៏ជាថ្ងៃដែលទាំងអស់គ្នា បានចងចាំថា «វត្តមានរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាអាយុជីវិតរបស់យើងទាំងអស់គ្នា»។
លោកស្រីបានបន្ថែមថា ប្រសិនបើគ្មានថ្នាក់ដឹកនាំរូបនេះទេ នោះទាំងអស់គ្នានឹងមិនអាចបានរួចផុតពីការសម្លាប់ដោយសារជំងឺកូវីដ ១៩ វាយលុកខ្លាំងក្លាដែរ ហើយពេលវេលានេះ ក៏អាចចាត់ទុកបានដែរថា «គឺជាការជួយសង្គ្រោះអាយុជីវិតលើកទី២ បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩»។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន ដោយអនុវត្តវិធានការការពារ ជាពិសេស ការពារនិងទៅទទួលយកវ៉ាក់សាំងកូវីដ១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សា បាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន្តរភាពនៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីបានយូរអង្វែងតទៅ។
បើតាម លោកស្រី ឱ វណ្ណឌីន វីរុសអូមីក្រុងកំពុងតែបន្តបំប្លែងខ្លួនជាច្រើនជំនាន់ ហើយក្នុងពេលថ្មីៗនេះ ក៏មានការរកឃើញវីរុសអូមីក្រុង បំប្លែងថ្មីឈ្មោះថា XBB ដែលកំពុងតែឆ្លងនៅតាមបណ្តាប្រទេសចំនួន ៣៥ ប្រទេស និង BQ1 ចំនួន ៦៥ ប្រទេស ទៅហើយមកទល់ពេលនេះ៕