បន្ទាយមានជ័យៈ សាក់ សុខធី ជាយុវជនមានពិការភាពពីកំណើត បានឈប់រៀនត្រឹមថ្នាក់ទី៧ នៅវ័យ ១៩ ឆ្នាំ ក្នុងអំឡុងឆ្នាំ ២០១៩ ដោយហេតុគេមិនអាចធ្វើដំណើរទៅសាលារៀនដោយខ្លួនឯងបាន ក្រោយពីមិត្តភក្ដិដែលធ្លាប់រៀនសាលាជាមួយគ្នា ហើយធ្លាប់បានជូនគេទៅសាលា បានបោះបង់ការសិក្សាចោលមុនគេ។
សុខធី ថ្លែងថា៖ «ខ្ញុំឈប់រៀន ព្រោះកត្តាធ្វើដំណើរ ដោយសារមិត្តភក្ដិដែលខ្ញុំធ្លាប់ទៅជាមួយបានឈប់រៀន ពេលនោះខ្ញុំក៏បានសាកល្បង ទៅរៀនធ្វើជាជាងទូរទស្សន៍ តែមិនអាចចាប់អាជីពនេះបាន ក៏បង្វែមករៀនជាជាងម៉ូតូវិញ»។
យុវជនរូបកើតមកមានអវៈយវៈមិនពេញលក្ខណៈ ឬ Phocomelia ដោយគន្លាក់ដៃរបស់គេមិនអាចបត់បាន ខ្វេប្រអប់ដៃទាំងសងខាង និងមានម្រាមមិនគ្រប់ចំនួន ខណៈជើងទាំង ២ ខ្លី និងកាច់ញែកចេញពីគ្នា។ សុខធី ជាកូនប្រុសពៅក្នុងគ្រួសារអ្នកស្រែចម្ការ មានបងប្អូនសរុប ៩ នាក់ រស់នៅក្នុងឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្ដបន្ទាយមានជ័យ។
សុខធី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មិនខុសពីកូនជាងទើបរៀនដំបូងៗដទៃទៀតនោះទេ ការជួសជុលម៉ូតូនេះ ត្រូវមេជាងស្ដីបន្ទោសរឿងការហុចសោរខុស និងដោះគ្រឿងភ្លេចខ្ចៅ»។
សុខធី ថ្លែងទៀតថា៖ «ថ្វីដ្បិតតែទទួលស្គាល់ថា កាយសម្បទាខ្ញុំមិនពេញបូរិបូរណ៌ដូចអ្នកដទៃ និងជួបការលំបាកច្រើនជាងអ្នកដទៃយ៉ាងណាក៏ដោយ ខ្ញុំនៅតែនិយាយថា ចំពោះមុខរបរជួសជុលម៉ូតូ ខ្ញុំអាចធ្វើបានមិនចាញ់មនុស្សមានកាយសម្បទាធម្មតានោះទេ។ ជារៀងរាល់ថ្ងៃ ខ្ញុំមានការងារធ្វើច្រើន លើកលែងតែបញ្ហាអាកាសធាតុមិនអំណោយផល ដែលរំខានដល់អាជីវកម្មគ្រប់ៗគ្នា មិនមែនតែការងារជួសជុលម៉ូតូរបស់ខ្ញុំនោះទេ»។
ដោយសារតែលទ្ធភាពនៅខ្សត់ខ្សោយ សុខធី មិនអាចទិញគ្រឿងបន្លាសម៉ូតូបានគ្រប់គ្រាន់បម្រើដល់ការជួសជុលនោះទេ ដោយត្រូវទិញគ្រឿងពីតូបដទៃសម្រាប់ជួសជុលឱ្យភ្ញៀវ។
លោកបានឱ្យដឹងថា៖ «បើមានគ្រឿងដាក់លក់ច្រើន ១ ថ្ងៃ ខ្ញុំអាចរកចំណូលបានពី ៣ ម៉ឺនទៅ ៥ ម៉ឺនរៀលដែរ។ ប៉ុន្ដែខ្ញុំត្រូវកាត់ចំណូលទាំងនេះខ្លះសម្រាប់ទិញគ្រឿងពីគេបន្ដ»។
នៅពេលបងៗទាំង ៨ នាក់ បានរៀបការ និងមានគ្រួសាររៀងៗខ្លួន លោក សុខធី ត្រូវបង្កើនការខិតខំប្រឹងប្រែងរកចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯងផង និងអ្នកម្ដាយចាស់ជរាថែមទៀត។
ជាមួយរូបរាងខុសប្រក្រតីពីបងៗទាំង ៨ នាក់ យុវជនដែលនិយមបង្ហោះសកម្មភាពទាំងនៅលើ Facebook និង TikTok បានអះអាងថា៖ «ខ្ញុំមិនតូចចិត្ដតូចថ្លើមចំពោះកាយសម្បទាពីកំណើតរបស់ខ្ញុំឡើយ។ ខ្ញុំមានតែខិតខំប្រឹងប្រែងលើសអ្នកធម្មតាដើម្បីជីវភាព ១ ដែលសមប្រកប»។
លោកនិយាយថា៖ «ខ្ញុំមានតែសម្លឹងទៅមុខ ដោយប្រឹងប្រែងធ្វើការរកចំណូល ពឹងអាស្រ័យលើខ្លួនឯង និងជួយម្ដាយជរានៅផ្ទះជាមួយ ពីព្រោះបងៗគាត់មានគ្រួសារចេញអស់ហើយ។ បងៗគាត់ជួយទៅតាមលទ្ធភាពរបស់គាត់»។
ពេលសួរថា មានបំណងចង់រកដៃគូជីវិតដូចបងៗដែរឬទេ លោក សុខធី បានឆ្លើយទាំងស្ទាក់ស្ទើរថា «ខ្លាចចិញ្ចឹមកូនគេមិនរស់»។ ប៉ុន្ដែលោកមិនប្រកែកថា មិនយកឡើយ ដោយសារនេះជាធម្មជាតិ។
ម្យ៉ាងវិញទៀត ជាងជួសជុលដែលមានដៃជើងមិនប្រក្រតីរូបនេះ មិនអាចបើកម៉ូតូដោយខ្លួនឯងបានឡើយ ហើយលោកក៏មិនមានលទ្ធភាពទិញម៉ូតូកង់បីសម្រាប់ជិះខ្លួនឯងដែរ។ ប៉ុន្ដែលោកអះអាងថា៖ «ខ្ញុំអាចបើកម៉ូតូកង់បីច្នៃដោយខ្លួនឯង»។
វីដេអូឃ្លីបរបស់យុវជនមានពិការភាពកំពុងធ្វើការជួសជុលគ្រឿងម៉ាស៊ីនម៉ូតូ ត្រូវបានចែករំលែកបន្ដ និងផ្ដល់មតិយោបល់ដោយបង្ហាញពីក្ដីអាណិតអាសូ និងកោតសរសើរពីការតស៊ូក្នុងឆាកជីវិតនៅលើបណ្ដាញសង្គម Facebook។
ដោយសារតែការចែកចាយទាំងនេះ លោក សុខធី ក៏ទទួលបាននូវជំនួយពីសប្បុរសជនមួយចំនួន ដែលមានក្ដីអាណិតស្រឡាញ់ចំពោះរូបលោក។
លោក សុខធី ដែលខ្លួនប្រឡាក់ប្រឡូកទៅដោយប្រេងម៉ាស៊ីន និងសម្លៀកបំពាក់ដិតដាមដោយធូលី ដែលលោកត្រូវរំកិលបំលាស់ទី បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «មានសប្បុរសជន ៣នាក់បានជួយជាសម្ភារសម្រាប់ជួសជុលម៉ូតូ ដែលសម្រួលដល់ការប្រើប្រាស់កម្លាំងជាច្រើន»។
លោក ឈុន លីម ដើម្បីប៉ះម៉ូតូដែលធ្លាយ បានបណ្ដើរម៉ូតូសំដៅទៅកាន់តូបជួសជុលម៉ូតូមួយ ហ៊ុំព័ទ្ធដោយសង្ក័សីចាស់ៗ ប៉ុន្ដែគ្មានគ្រឿងបន្លាសតាំងលក់ព្រោងព្រៀត ឃើញច្បាស់តែម៉ាស៊ីនខ្យល់ ១ និងគ្រឿងម៉ាស៊ីនម៉ូតូដោះរប៉ាត់រប៉ាយ ក៏មានម្ចាស់ខុសពីជាងដទៃផងដែរ។
ពិការភាពរបស់ សុខធី គេមិនអាចមើលដឹងច្បាស់បានថាអង្គុយ ឬឈរនោះ តែកំពុងមមាញឹកក្នុងការរើម៉ាស៊ីនម៉ូតូ បានស្នើសុំលោក លីម ជួយលើកម៉ូតូដាក់ជន្ទល់កណ្ដាល រួចចាប់ផ្ដើមទាញប្រដាប់គាស់មកគាស់សម្បកកង់ម៉ូតូភ្លាមៗ ខណៈលោកអង្គុយលើគ្រែរងចាំ។
ម្ចាស់ម៉ូតូអាយុ ២៣ ឆ្នាំ លោក លីម បាននិយាយថា លោកទទួលស្គាល់ថា ជាងពិការភាពរូបនេះមានសមត្ថភាពមិនខុសពីជាងដទៃឡើយ។ ដូច្នេះលោកមិនមើលតែសម្បកក្រៅ ដោយផោ្ដតលើសមត្ថភាពជាចម្បង។
លោក លីម ថ្លែងដោយក្ដីស្រឡាញ់ចូលចិត្ដជាងម៉ូតូរូបនេះចេះតស៊ូនឹងជីវិត បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «គាត់ធ្វើការល្អ។ គាត់ធ្វើបានទាំងអស់ចំពោះការជួសជុល និងរើសម៉ាស៊ីនម៉ូតូ។ គ្រាន់តែមើលទៅឃើញគាត់ពិបាកឡើងចុះផ្សារទិញគ្រឿងបន្លាស់ប៉ុណ្ណោះ»។
ដោយមើលឃើញពីការបង្ហោះវីដេអូឃ្លីបរបស់យុវជន សុខធី ជួសជុលម៉ូតូខ្វះសម្ភារប្រើប្រាស់ បុរសផ្សេងម្នាក់ទៀត ឈ្មោះលោក ពិសិដ្ឋ (Piseth) បានបង្ហោះនៅលើ Facebook ដោយបង្ហាញទឹកចិត្ដចូលរួមជួយរំលែកការលំបាករបស់យុវជនមានការពិការភាពជាមួយការផ្ដល់សម្ភារសោរមួយឈុត និងឧបករណ៍គាស់ពោះវៀនម៉ូតូមួយគូ។
លោកបានឱ្យដឹងនៅលើ Facebook ថា៖ «សូមបងជាជាងជួសជុលម៉ូតូពិការដៃ ទាក់ទងមកខ្ញុំតាមលេខទូរស័ព្ទនេះ ប្អូនជួយសម្ភារសោរមួយឈុត និងប្រដាប់គាស់ម៉ូតូអាល្អ ២»។
ក្រៅពីការងារជួសជុលម៉ូតូ លោក សុខធី ក៏អាចជួសជុលគ្រឿងបរិក្ខាអេឡេចត្រូនិកតិចតួចបន្ថែមទៀត ដូចជា កង្ហា និងឆ្នាំងដាំបាយជាដើម។
យុវជនដែលចាប់អាជីពជាជាងជួសជុលម៉ូតូបានបញ្ជាក់អំពីជំហររបស់ខ្លួនថា លោកត្រូវខិតខំដោយសមត្ថភាពខ្លួនឯង ទោះបីជាការជួសជុលគ្រឿងម៉ាស៊ីនម៉ូតូលំបាក និងទាមទារការតស៊ូយ៉ាងណាក៏ដោយ ក៏លោកមិនលាដៃសុំលុយពីអ្នកដទៃដែរ។
លោកបាននិយាយថា៖ «យើងមានលុយចាយខ្លួនឯងងាយស្រួល ហើយបើយើងលាដៃសុំលុយពីគេ ខ្មាសគេ! ខ្ញុំមិនអាចធ្វើបានទេ»។
ថ្វីដ្បិតតែលោក សុខធី ជាជនមានពិការភាព និងជីវភាពក្រីក្រយ៉ាងណាក៏ដោយ ក៏រហូតមកដល់សព្វនេះ ក្រៅពីសប្បុរសជនមួយចំនួន លោកមិនទាន់បានទទួលការឧបត្ថម្ភណាមួយពីអាជ្ញាធរនោះទេ។
លោក ឃុន វុទ្ធី ប្រធានសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ដបន្ទាយមានជ័យ បានលើកឡើងថា រាល់ជនមានពិការភាពគួរត្រូវបានទទួលជំនួយឧបត្ថម។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ចំពោះជនមានពិការភាព យើងបានចុះបញ្ជីឈ្មោះទទួលជំនួយពីរាជរដ្ឋាភិបាល ដែលក្នុងចំណោម ១៤ ០០០ នាក់ យើងបានបញ្ចូលចំនួន ១ ម៉ឺននាក់រួចហើយនៅទូទាំងខេត្ដ។ ផ្អែកលើទិន្នន័យនេះ ខាងផ្នែកគាំពារសង្គមរៀបចំជួយពួកគាត់ទៅតាមគោលការណ៍រាជរដ្ឋាភិបាល»។
យោងតាមលោក វុទ្ធី បានឱ្យដឹងថា ក្រៅពីជនមានពិការភាព ពលរដ្ឋរងប៉ះពាល់ពីវិបត្ដិកូវីដ ដែលមានប័ណ្ណក្រីក្រជាង ៣ ម៉ឺនគ្រួសារ កំពុងទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលប្រចាំខែ ស្ដ្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលមន្ទីរសង្គមកិច្ចបានអនុវត្ដរៀងរាល់រហូត។
ជនមានពិការភាពក្រីក្រនៅក្នុងសហគមន៍ ដែលត្រូវបានអនុវត្ដផ្ដល់ជំនួយនៅក្នុងក្រុងសិរីសោភណ្ឌ មានចំនួន ៤០៣ នាក់ និងស្រុកមង្គលបុរី ដែលមាន ៤៩៨ នាក់។ លោក វុទ្ធី បានបញ្ជាក់ថា ជនមានពិការភាពអាចទទួលបានប័ណ្ណជំនួយផ្នែកពិការភាពផង និងប័ណ្ណជាជនក្រីក្រថែមទៀត។
លោកបាននិយាយអំពីយុវជន សុខធី ជាជនមានពិការភាព លោកនឹងចុះទៅពិនិត្យមើលដល់ទីតាំងថា តើយុវជនពិការអវៈយវៈរូបនេះត្រូវបានចុះក្នុងបញ្ជីរបស់មន្ទីរហើយឬនៅ ហើយលោកនឹងធ្វើការឱ្យលឿនភ្លាមៗតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យជនមានពិការភាពត្រូវបានគាំពារ។
យ៉ាងណាមិញ លោក សុខធី មានបំណងប្រាថ្នាឱ្យតូបជួសជុលម៉ូតូរបស់ខ្លួនមានពេញទៅដោយសម្ភារ និងគ្រឿងបន្លាស់ម៉ូតូសម្រាប់លក់ និងដល់សេវាកម្មដល់ភ្ញៀវរបស់លោក។ លោក សុខធី បានឱ្យដឹងថា៖ «សព្វថ្ងៃនេះ ខ្ញុំជួសជុលម៉ូតូបានតែម៉ាចាយៗ ដោយត្រូវយកគ្រឿងពីគេផង និងផាត់ចំណាយផ្សេងៗនៅសល់ចំណូលបន្ដិចបន្ដួច»៕