ភ្នំពេញៈ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺជាការកាត់បន្ថយផលប៉ះពាល់លើជីវភាពរស់នៅ និងសេដ្ឋកិច្ចសង្គម។ ដើម្បីអាចគ្រប់គ្រងហានិភ័យនេះបាន គឺចាំបាច់ត្រូវពង្រឹងកិច្ចសហការចូលរួមពីគ្រប់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ រួមទាំងអាជ្ញាធរមូលដ្ឋាន ជាពិសេស ពីវិស័យឯកជន ដែលជាសសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងពិធីប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២២ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា នៅពេលដែលប្រទេសជាតិមួយបានអភិវឌ្ឍខឿនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយភាពធន់មានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ អាចកាត់បន្ថយហានិភ័យ ឆ្លើយតបបានទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្ដារឡើងវិញបានឆាប់រហ័ស។
លោកបានបន្តថា តាមរយៈភាពស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នានេះ អាចបញ្ជាក់បានថា ផ្នែកឯកជនមិនអាចកាត់ផ្ដាច់បានពីការងារគ្រប់គ្រងគ្រោះមហន្តរាយទេ។ ហេតុនេះការវិនិយោគប្រកបដោយភាពវៃឆ្លាត គឺត្រូវមានការវិភាជទុនវិនិយោគទៅលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយលើធុរកិច្ច ការពារការខាតបង់ជាយថាហេតុនិងធានាបាននិរន្តរភាពធុរកិច្ចរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖ «ព្រោះតែហេតុនេះហើយ ទើបនៅក្នុងឆ្នាំនេះ ប្រធានបទសម្រាប់ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់យើង គឺផ្ដោតសំខាន់ទៅលើការរួមគ្នាដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្ម សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ»។
ដោយបានបង្ហើបអំពីគម្រោងបង្កើតកងរុករកនិងសង្គ្រោះជនរងគ្រោះដែលលិចលង់ក្នុងសមុទ្រ ទន្លេ និងបឹងបួ ដែលគម្រោងនេះ នឹងត្រូវចំណាយថវិកាប្រមាណជាង ៥០ ម៉ឺនដុល្លារ សម្រាប់ទិញឧបករណ៍សម្ភារបច្ចេកទេស និងមធ្យោបាយសម្រាប់បំពាក់ដល់កងប្រតិបត្តិការថ្មីនោះ គេឃើញមានសប្បុរសជន ដែលមកពីវិស័យឯកជនជាច្រើនដែលបានចូលរួមនៅក្នុងកម្មវិធីនេះ បានប្រកាសផ្ដល់ជំនួយជាអូប័រ និងថវិកា សរុបប្រមាណជាង ២០ ដុល្លារ ។
លោក គន់ គីម បានបញ្ជាក់ថា៖ «តាមគម្រោងការបង្កើតកងប្រតិបត្តិការថ្មីនេះ គឺយើងត្រូវការថវិការហូតដល់ជិត ៥០ ម៉ឺនដុល្លារ ដើម្បីឱ្យកងពលអន្តរាគមន៍នៃក្រសួងការពារជាតិអាចទិញទូក និងសម្ភារបម្រើឱ្យការសង្គ្រោះ បម្រើប្រជាពលរដ្ឋ និងជាសេនាធិការឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រី»។
បើតាមប្រសាសន៍លោក គន់ គីម កងប្រតិបត្តិការរុករកលើផ្ទៃទឹក នាពេលបច្ចុប្បន្នមានតែនៅកងទ័ពពិសេស ៩១១ ប៉ុណ្ណោះ។ កាលពីពេលកន្លងទៅ កងប្រតិបត្តិការនេះ បានចុះជួយរុករកក្មេងដែលលិចទូកនៅស្រុកលើកដែក ខេត្តកណ្តាលផងដែរ។
ទាក់ទងនឹងការសង្គ្រោះគ្រោះមហន្តរាយនេះ លោក សូយ ណារិទ្ទ មេបញ្ជាការរងកងពលតូចលេខ ៧០ ទទួលបន្ទុកផ្នែកអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយបានថ្លែងថា ដោយមានកិច្ចគាំទ្រពីអង្គការ JPR របស់ជប៉ុន អង្គភាពកងអន្តរាគមន៍សង្គ្រោះ ៧១១ នៃកងពលតូច ៧០ បានចូលរួមក្នុងប្រតិបត្តិការរុករក និងជួយសង្គ្រោះពលរដ្ឋពីគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះអគ្គិភ័យ បាក់រលំអគារជាដើម។
លោកបានឱ្យដឹងថា សម្រាប់ឆ្នាំនេះ អង្គភាពរបស់លោក បានចូលរួមជួយអន្តរាគមន៍សង្គ្រោះពលរដ្ឋពីការជន់លិចដោយជំនន់ទឹកភ្លៀងបាន ២ លើកផងដែរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកថ្លែងថា៖ «គ្រោះមហន្តរាយមានច្រើន ប៉ុន្តែក្រុមអង្គភាពយើងផ្ដោតសំខាន់លើការអន្តរាគមន៍សង្គ្រោះផ្នែកពន្លត់អគ្គិភ័យនិងការរុករកជនរងគ្រោះក្នុងករណីគ្រោះបាក់រលំអគារព្រោះក្រុមប្រតិបត្តិការរបស់យើងទទួលបានការបណ្ដុះបណ្ដាលលើមុខជំនាញបច្ចេកទេសផ្នែកនេះព្រមទាំងមធ្យោបាយរថយន្តពន្លត់អគ្គិភ័យ និងឧបករណ៍សម្ភារទំនើបៗពីអង្គការ JPR របស់ជប៉ុនជាដៃគូ»។
ស្ទើរជារៀងរាល់ឆ្នាំប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់បាក់ច្រាំងទន្លេ និងគ្រោះមហន្តរាយផ្សេងៗទៀត។ ទោះជាយ៉ាងណា រាជរដ្ឋាភិបាលបានផ្តល់អាទិភាពលើការងារគ្រប់គ្រងគ្រោះមហន្តរាយដោយបានពុះពារគ្រប់ឧបសគ្គប្រយុទ្ធលើគ្រប់សមរភូមិម្ចាស់ការបានលើគ្រប់ទិដ្ឋភាព និងគ្រប់កាលៈទេសៈ។
ជាក់ស្ដែងគ្រោះមហន្តរាយទឹកជំនន់នៅឆ្នាំនេះ បានបង្កការខូចខាតដំណាំស្រូវសរុបជាង ៧ ម៉ឺនហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទំនប់ប្រឡាយ ស្ពាន អគាររដ្ឋបាលសាធារណៈ សាលារៀន និងមណ្ឌលសុខភាពមួយចំនួន ព្រមទាំងប៉ះពាល់លំនៅឋានប្រជាពលរដ្ឋជាច្រើនពាន់ខ្នង។នេះបើតាមប្រសាសន៍លោក គន់ គីម។
លោកបានបន្តថា ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីវិស័យឯកជន និងអង្គការសង្គមស៊ីវិលជាដៃគូ បានធ្វើឱ្យការឆ្លើយតបចំពោះហានិភ័យគ្រោះមហន្តរាយនេះ បានទាន់ពេលវេលា តាមរយៈការផ្ដល់ជាស្បៀងសង្គ្រោះបឋម ស្រូវពូជ និងគ្រាប់ពូជបន្លែសម្រាប់ដាំស្ដារឡើងវិញ ព្រមទាំងកញ្ចប់ថវិកា ដែលជាជំនួយសង្គ្រោះដល់គ្រួសារក្រីក្ររងគ្រោះ សម្រាប់សម្រួលដល់ការដោះស្រាយបញ្ហាជីវភាពគ្រួសារក្នុងអំឡុងពេលធ្វើការដាំដុះសា្ដរឡើងវិញផងដែរ។
នៅក្នុងកម្មវិធីនោះ កុមារី គង់ ពុំងារ តំណាងបណ្ដាញកុមារ និងយុវជនមកពីសមាគមចលានាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) ថ្លែងថា ទោះជាមានសកម្មភាពមួយចំនួនដែលមានកុមារ និងយុវជនចូលរួមដោយផ្ទាល់ ដូចជាការប្រឹក្សាយោបល់ពីបញ្ហាប្រែប្រួលអាកាសធាតុ ប៉ុន្តែការយល់ដឹង និងការចូលរួមជាទូទៅពីសំណាក់កុមារនិងយុវជននៅក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ។
នាងថ្លែងថា៖ «ខ្ញុំយល់ឃើញថា ការចូលរួមដើម្បីលើកកម្ពស់តុល្យការសកម្មភាពមូលដ្ឋានីយកម្មសម្រាប់ភាពធន់ទៅនឹងគ្រោះមហន្តរាយពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានាឱ្យបាននូវសុខុមាលភាពសង្គម និងដើម្បីឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្តរភាព»។
នាងបានថ្លែងថា ដើម្បីឆ្លើយតបនូវបញ្ហាប្រឈមបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ចំពោះហានិភ័យគ្រោះមហន្តរាយផ្សេងៗដែលបាន និងកំពុងកើតមានក្នុងពេលបច្ចុប្បន្ននិងទៅអនាគត គឺទាមទារឱ្យមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធគ្រប់រូប រួមទាំងកុមារ និងយុវជន ហើយការឆ្លើយតបនេះត្រូវមាននៅគ្រប់កម្រិតទាំងអស់ រួមទាំងនៅកម្រិតសហគមន៍ផងដែរ៕