ភ្នំពេញៈ កាលពីដើមឆ្នាំ ២០២១ ក្រុមហ៊ុនប្រមូលសំរាមចំនួន ៣ មានក្រុមហ៊ុន មីហ្ស៊ុដា សានីថេសិន ខេមបូឌា ឯ.ក ក្រុមហ៊ុនស៊ីនទ្រី ខេមបូឌា និងក្រុមហ៊ុន៨០០ស៊ូភើ-ហ្គា.អ៊ី.យ៉ា បានចេញប្រតិបត្តិការទៅតាមទីតាំងដែលបានកំណត់ ក្រោយពីទទួលបានសិទ្ធិ និងធ្វើកិច្ចសន្យាពីសាលារាជធានីភ្នំពេញ។ គិតត្រឹមខែតុលា ឆ្នាំនេះ ក្រុមហ៊ុនទាំង៣ បានបំពេញការងារក្នុងការប្រមូលសំរាមក្នុងខណ្ឌទាំង ១៤ អស់រយៈពេលជិត២ឆ្នាំមកហើយ។
ក្រុមហ៊ុន 800 ស៊ូភើ (800 SUPER) បានបម្រើសេវាក្នុងតំបន់ទី១ ដែលមាន ៥ ខណ្ឌ គឺខណ្ឌទួលគោក ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ។ ចំណែកក្រុមហ៊ុនមីហ្ស៊ដា ទទួលបានសិទ្ធិបម្រើសេវាក្នុងតំបន់ទី២ ដែលមាន ៥ ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ ៧ មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ខណៈក្រុមហ៊ុនស៊ីនទ្រី ទទួលបានសិទ្ធិបម្រើសេវាក្នុងតំបន់ទី៣ ដែលមាន ៤ ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។
ជាមួយនឹងការផ្លាស់ប្តូរនេះ ពលរដ្ឋមួយចំនួនដែល ភ្នំពេញ ប៉ុស្តិ៍ បានជួបសម្ភាស បានបង្ហាញការពេញចិត្តការផ្លាស់ប្តូរឥរិយាបថក្នុងការផ្តល់សេវាប្រមូលសំរាមពីក្រុមហ៊ុនទាំង ៣ នេះ ដែលកន្លងមក ធ្លាប់មានតែក្រុមហ៊ុន ១ផ្តាច់មុខ។ ទោះយ៉ាងណា ប្រជាពលរដ្ឋ បានអះអាងថា បើទោះជាការបម្រើសេវាបានល្អប្រសើរជាងមុនក្តី ក៏ពួកគេស្នើ និងទាមទារឱ្យមានការកែតម្រូវ និងពង្រឹងសេវាបន្ថែមទៀតដែរ។
អ្នកស្រី ហៀក ច័ន្ទសុភាព អាយុ ៤២ ឆ្នាំ ជាអ្នកលក់ដូរនៅមុខផ្ទះ រស់នៅភូមស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ និយាយថា ដំបូងៗក្រុមហ៊ុនថ្មី បានប្រមូលសំរាមញឹកញាប់ ក្នុង ១ ថ្ងៃ ឃើញមកប្រមូល ២ ដង។ បើនិយាយទៅដំបូងៗ គឺល្អ។ បច្ចុប្បន្ន ការប្រមូលសំរាមរបស់ក្រុមហ៊ុនថ្មីនេះ គឺមកប្រមូល ១ ថ្ងៃម្តងវិញ ហើយការប្រមូលសំរាមរបស់គាត់ ក៏នៅតែស្អាតជាងក្រុមហ៊ុនស៊ីនទ្រីពីមុនដែរ។
អ្នកស្រីបញ្ជាក់ថា៖ «បើនិយាយពីពេលមុន កាលក្រុមហ៊ុនតែ ១ កម្មករហ្នឹង គាត់ប្រមូលមិនស្អាតទេ យើងចងដាក់ថង់ប៉ុន្មាន កម្មករគាត់យកទៅប៉ុណ្ណឹង។ តែក្រុមហ៊ុនក្រោយនេះ ប្រមូលបានស្អាតបាត មើលតែកន្លែងទុកដាក់សំរាមរបស់ខ្ញុំ ដែលជាកន្លែងលក់ដូរ គឺប្រមូលអស់ៗជារៀងរាល់ថ្ងៃ»។
អ្នកស្រីសំណូមពរថា៖ «សម្រាប់ការសំណូមពរខ្ញុំ សុំឱ្យក្រុមហ៊ុនបន្តការប្រមូលសំរាមឱ្យបានស្អាតរហូតទៅ។ ខ្ញុំសុំកុំឱ្យមានការយឺតយ៉ាវក្នុងការប្រមូលសំរាម។ ការប្រមូលរាល់ថ្ងៃនេះ គឺល្អ»។
លោក លី មករា ជាអាជីវករលក់ហ្គាស និងអង្ករ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ បាននិយាយថា លោកទទួលសេវាកម្មពីក្រុមហ៊ុន មីហ្ស៊ុដា ក្នុងពេលសព្វថ្ងៃ។ តាំងពីក្រុមហ៊ុនថ្មីនេះ ចាប់ផ្តើមប្រមូលសំរាមមក ឃើញថា ការប្រមូលសំរាមរបស់ពួកគាត់ មើលទៅបានលឿន បានស្អាត ហើយរហ័ស។ លោកក៏កោតសរសើរដល់ក្រុមហ៊ុន ដោយសារប្រមូលបានលឿន បានស្អាត ហើយទៀងទាត់។
លោកមករាបន្ថែមថា៖ «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋ ក៏មានសំណូពរខ្លះពីការប្រមូលសំរាមដែរ មានន័យថា សុំឱ្យបុគ្គលិកអ្នកប្រមូលសំរាមហ្នឹង នៅតែបន្តសកម្មភាពល្អៗ ពាក់ព័ន្ធនឹងការមកប្រមូលសំរាមបានទៀងទាត់»។
លោកនិយាយថា៖ «បានអ៊ីចឹងរហូតឱ្យប្រជាពលរដ្ឋដែលអាស្រ័យផល និងទទួលសេវាមានការពេញចិត្ត ដោយសារមុខផ្ទះគាត់ស្អាតបាត។ មួយទៀត សុំឱ្យបុគ្គលិកហ្នឹង គាត់ដាក់ធុងសំរាមឱ្យបានត្រឹមត្រូវវិញ នៅពេលប្រមូលសំរាមពីផ្ទះពួកខ្ញុំហើយ»។
រីឯអ្នកស្រី មួយ គា ដែលជាម្ចាស់ផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បាននិយាយដែរថា តំបន់អ្នកស្រី គឺមានក្រុមហ៊ុនស៊ីនទ្រី ជាអ្នកបម្រើសេវាប្រមូលសំរាមដដែល។ អ្នកស្រីបន្តថា ពីមុន និងពេលនេះ គឺមិនខុសគ្នាទេ ចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុនមួយនេះ គឺក្រុមហ៊ុននៅតែមកយកសំរាមតាមការកំណត់របស់ខ្លួនដូចពេលកន្លងទៅដដែល។
អ្នកស្រីថា៖ «មិនមានអ្វីខុសគ្នា គឺឡាន និងមនុស្សដដែល មកយកសំរាមពីមុខផ្ទះខ្ញុំ។ មិនមានអ្វីផ្លាស់ប្តូរច្រើនទេ។ គាត់ប្រមូលសំរាមអស់ៗពីមុខផ្ទះដូចតែពីមុន។ ខ្ញុំគ្រាន់តែសង្ឃឹមថា កុំឱ្យជួបបញ្ហាដូចមុនទៀត នៅពេលកម្មករគាត់ធ្វើបាតុកម្ម កម្មករ អត់មកយកសំរាមតែមួយរយៈ ស្អុយពេញហ្នឹង»។
ចំពោះអ្នកស្រីវី ដា ដែលជាម្ចាស់សាឡន និងកែសម្ផស្សនៅខណ្ឌមានជ័យ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា អ្នកស្រីពេញចិត្តចំពោះការផ្តល់សេវាក្នុងពេលបច្ចុប្បន្ន។ បើប្រៀបធៀបនឹងពីមុន គឺខុសគ្នាឆ្ងាយ ដោយសារតែការប្រមូលសំរាមបានធ្វើឡើងជាទៀងទាត់ និងរាល់ថ្ងៃ ហើយការប្រមូលសំរាមរបស់ភ្នាក់ងារ ក៏បានស្អាតផងដែរ។
ប៉ុន្តែអ្នកស្រីនៅមានការមិនពេញចិត្ត ១ ចំណុច ដោយថា៖«ខ្ញុំមិនពេញចិត្តតែ ១ ទេ ព្រោះរាល់ថ្ងៃនេះ ពេលគាត់មកយកសំរាមនៅមុខផ្ទះរបស់ខ្ញុំម្តងៗ គឺតែងមានស្រក់ទឹកសំរាមចេញពីឡានរបស់គាត់ពេញមុខផ្ទះខ្ញុំ។ ទឹកនេះ គឺស្អុយណាស់ ពេលស្រក់ចេញមកម្តងៗ បើមិនបាញ់ទឹកលាងទេ គឺស្អុយមិនបាត់ទេ។ ខ្ញុំមិនដឹងថា គាត់មានដំណោះស្រាយរឿងហ្នឹងអត់ ព្រោះរឿងហ្នឹង កើតមានយូរមកហើយ»។
មិនឆ្ងាយពីខណ្ឌមានជ័យ ងាកមកនិយាយពីពលរដ្ឋដែលទទួលបានសេវាប្រមូលសំរាមនៅខណ្ឌដង្កោវិញម្តង អ្នកស្រីជិន ច័ន្ទចរិយា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា ចាប់តាំងពីផ្លាស់ប្តូរក្រុមហ៊ុនប្រមូលសំរាម និងមានក្រុមហ៊ុនបម្រើសេវាច្រើនមក ការប្រមូលសំរាមនៅតំបន់អ្នកស្រី គឺល្អ។ ការសរសើរថា ល្អនេះ ដោយអ្នកស្រីមើលឃើញថា ក្រុមហ៊ុនថ្មី បានមកប្រមូលសំរាមពីមុខផ្ទះអ្នកស្រីស្ទើររាល់ថ្ងៃ ហើយស្ទើរតែគ្មានសំរាមឱ្យប្រមូល។
ជាអាជីវករប្រកបរបរបោកអ៊ុត និងលក់ដូរនៅផ្ទះបន្តិចបន្តួច អ្នកស្រីបានបន្តថា៖«មកប្រមូលរាល់ថ្ងៃ ហើយគាត់ប្រមូលសំរាមអស់ៗ គ្មានសល់ទេ។ ឡានប្រមូលសំរាម ក៏ថ្មី អ្នកប្រមូលសំរាមក៏ល្អជាងមុន។ ខ្ញុំគ្មានអ្វីថា មិនពេញចិត្តទេ។ សុំឱ្យតែពួកគាត់ ធ្វើល្អបែបនេះរហូតទៅ»។
បើទោះជាអះអាងបែបនេះក្តី អ្នកស្រី ច័ន្ទចរិយា បានលើកពីបញ្ហាប្រឈមរបស់ខ្លួនថា ក្នុងពេលបច្ចុប្បន្ន អ្នកស្រី ពិបាកក្នុងការញែកសំរាមប្លាស្ទិក និងសំរាមសរីរាង្គឱ្យដាច់ពីគ្នាណាស់។ ការលើកឡើងបែបនេះ ព្រោះតែអ្នកស្រី ចង់ញែកសំរាមទាំងនេះឱ្យបានត្រឹមត្រូវ តែបញ្ហាទាស់ត្រង់ថា កន្លែងដាក់សំរាម និងការមកប្រមូលសំរាមរបស់ក្រុមហ៊ុន បើទោះជាល្អ ក៏ពិបាកឱ្យធ្វើបែបនេះដែរ។
អ្នកស្រីបញ្ជាក់ថា៖«យើងញែកសំរាមយ៉ាងម៉េច បើក្រុមហ៊ុនគាត់ប្រមូលសំរាមតែ១ ហើយគ្មានឡានដឹកសំរាមផ្សេងគ្នាទេ។ ពេលយើងដាក់ថង់ផ្សេងគ្នា ក៏ឡានសំរាមគាត់ប្រមូលចូលក្នុងឡានតែ១ដដែល។ យើងចង់ឱ្យមានការញែកសំរាមពីពលរដ្ឋ តែគ្មានការប្រមូលសំរាមដាច់ដោយឡែក អ៊ីចឹងពិបាកបន្តិច ក្នុងការឱ្យពលរដ្ឋញែកសំរាមនេះ»។
ក្នុងឆ្នាំ ២០២២ នេះ សំរាមនៅប្រទេសកម្ពុជា មានប្រមាណជាង៤លានតោន ហើយក្នុង ១ ថ្ងៃៗ កម្ពុជាមានសំរាមជាង១ម៉ឺនតោន ហើយកម្រិតនៃការកើនឡើងសំណល់រឹងសំរាម នៅប្រទេសកម្ពុជា គឺមានចន្លោះ ពី ១០ ទៅ ១៥ ភាគរយ ក្នុង ១ ឆ្នាំ។ នេះបើតាមការអះអាងរបស់លោកនេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោកភក្រ្តាអះអាងថា សំរាមដែលបានប្រើប្រាស់រួចនោះ គឺមានសំរាម ៦៤ ភាគរយ បានចាក់នៅទីលានចាក់សំរាមត្រឹមត្រូវ និង ៣៦ ភាគរយទៀត គឺបានបោះរាយប៉ាយនៅទីតាំងផ្សេងៗ។ លោកថា ការគ្រប់គ្រងទៅលើសំណល់រឹងសំរាមនៅតាមទីសាធារណៈនៅតែជាបញ្ហាប្រឈម ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីធានាឱ្យមានការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។
លោកថ្លែងថា៖«ក្នុងចំណោមសំរាម ១០០ ភាគរយ គឺមានតែសំរាម ៦៤ ភាគរយប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅលើទីលាន ក្រៅពីនោះ សំរាម ៣៦ ភាគរយទៀត គឺរាយប៉ាយតាមទីតាំងផ្សេង ឬនៅប្រភពទឹក ឬនៅតាមសាធារណៈដែលនេះជាកិច្ចការងារបន្ត»។
លោកបញ្ជាក់ថា៖ «ក្នុងនាមក្រសួងបរិស្ថាន បានរៀបចំនូវគោលនយោបាយ និងជំរុញបន្ថែម សហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលទទួលភារកិច្ចក្នុងការគ្រប់គ្រងសំណល់រឹងសំរាម ធ្វើម៉េចឱ្យមានការរៀបចំទីលានចាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៀត»។
លោក នេត្រ ភក្ត្រា បានអះអាងថា សំរាមដែលបង្កើតនៅកម្ពុជារាល់ថ្ងៃ គឺពី ៦៥ ទៅ ៦៨ ភាគរយ ជាសំណល់សរីរាង្គ និងជាង ២០ ភាគរយ ជាសំណល់ប្លាស្ទិក និង ១០ ភាគរយជាសំណល់រឹង៕