ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនប្រគល់ម៉ាស៊ីនត្រួតពិនិត្យគុណភាព និងអគារមន្ទីរពិសោធន៍ចំនួន ៤ ទីតាំងដល់រដ្ឋបាលខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តក្រចេះ និងខេត្តព្រះសីហនុ ដើម្បីបង្កើនគុណភាពនៃការត្រួតពិនិត្យការស្ថាបនាផ្លូវថ្នល់ ក្រោយពីរដ្ឋមន្ត្រីសាធារណការ ចុះត្រួតពិនិត្យស្ពានព្រែកតាមាក់ តាមបច្ចេកទេសថែទាំស្ពានទំនើប ដែលមានតែ ១ គត់នៅកម្ពុជា។
គណៈប្រតិភូចុះត្រួតពិនិត្យស្ពានព្រែកតាមាក់ និងបច្ចេកទេសថែទាំស្ពាននេះ ដឹកនាំដោយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី ២ វិច្ឆិកា បន្ទាប់ពីលោកបានចូលរួមពិធីប្រគល់ទទួលម៉ាស៊ីនត្រួតពិនិត្យគុណភាព និងអគារមន្ទីរពិសោធន៍ទាំង ៤ ទីតាំង ដល់ថ្នាក់ដឹកនាំខេត្ត-ក្រុង ដែលបានចូលរួមទាំង ២៥ ។
ក្រសួងសាធារណការឱ្យដឹងថា ក្រៅពីផ្តល់អគារមន្ទីរពិសោធន៍ចំនួន ៤ ទៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តក្រចេះ និងខេត្តព្រះសីហនុ ក្រសួងក៏បានប្រគល់សម្ភារត្រួតពិនិត្យគុណភាពផ្លូវដល់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ ខេត្ត-ក្រុងផងដែរ។
ក្រោយពីត្រួតពិនិត្យស្ពានព្រែកតាមាក់រួច លោក ស៊ុន ចាន់ថុល ប្រាប់អ្នកកាសែត ថា៖ «យើងមកពិនិត្យគុណភាពស្ពាន តាមរយៈរថយន្ត ១ ដែលយើងមិនធ្លាប់មានពីមុនមក។ យើងបានទិញរថយន្តនេះ ដើម្បីយើងអាចចុះទៅត្រួតពិនិត្យមើលគុណភាពស្ពានថា ស្ពានវាមានប្រេះ ឬរហែក ឬយ៉ាងណា?»
លោកបន្ថែមថា៖ «ពីដើមយើងអត់មានរថយន្តនេះទេ ពេលយើងចង់ចុះមើលបាតស្ពាន យើងចុះតោងខ្សែពួរយោងចុះយោងឡើង វាមិនកើតទេ។ នៅពេលយើងមានម៉ាស៊ីននេះ (មានឡាននេះ) យើងអាចចុះម្តងបាន ៨ នាក់ ហើយអាចទៅមុខថយក្រោយ ដើម្បីមើលស្ថានភាពស្ពានបាន ហើយធ្វើការជួសជុល»។
បើតាមលោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បច្ចេកទេសនៅលើរថយន្តត្រួតពិនិត្យស្ពាននេះ គឺត្រូវបានប្រើប្រាស់ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពស្ពានទូទាំងប្រទេស រយៈពេល ២ ឆ្នាំរួចមកហើយ ដែលរថយន្តនេះមានតម្លៃ ៨០ ម៉ឺនដុល្លារក្នុង ១ គ្រឿង ហើយត្រូវបានក្រសួងបញ្ជាទិញយកមកប្រើប្រាស់ ដើម្បីសម្រួលដល់ការស្ថាបនា និងកែលម្អស្ពាននៅកម្ពុជា។
នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ចំពោះការប្រគល់ម៉ាស៊ីនត្រួតពិនិត្យគុណភាព និងអគារមន្ទីរពិសោធន៍ទាំង ៤ ទីតាំងទៅឱ្យស្ថាប័នថ្នាក់ក្រោមជាតិនេះ ដើម្បីឱ្យស្ថាប័នទាំងនោះ អាចធ្វើការត្រួតពិនិត្យគុណភាព ក្នុងការសាងសង់ស្ថាបនាផ្លូវថ្នល់បានដោយខ្លួនឯង។
លោកបញ្ជាក់ថា៖ «មន្ទីរពិសោធន៍ទាំង ៤ នេះ គឺដើម្បីយើងយកដី យកថ្មទៅធ្វើការពិសោធថា វាត្រឹមត្រូវទៅតាមលក្ខណបច្ចេកទេសដែរឬទេ? ដើម្បីយកទៅធ្វើផ្លូវបាន ឬមិនបាន? ពីដើមយើងមិនដែលមានទេ ព្រោះយើងមានមន្ទីរពិសោធន៍តែ ១ គត់នៅភ្នំពេញ»។
លោក ផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់ភ្នំពេញ-ប៉ុស្តិ៍ដែរថា នៅពេលដែលមន្ទីរសាធារណការទាំង ២៥ ខេត្ត-ក្រុង មានសម្ភារ និងឧបករណ៍ពិសោធន៍ដោយខ្លួនឯងនេះ នឹងធ្វើឱ្យការត្រួតពិនិត្យបញ្ជាក់ទៅលើការសាងសង់របស់ខេត្ត-ក្រុងទាំង ២៥ ទៅលើការងារស្ថាបនាផ្លូវថ្នល់ ស្ពាន មានដំណើរការឆាប់រហ័ស រលូន និងងាយស្រួលជាងមុន។
លោកបញ្ជាក់ថា៖ «កន្លងមកនៅតាមបណ្តាខេត្តរបស់យើង មិនដែលមានឧបករណ៍ត្រួតពិនិត្យគុណភាពផ្លូវថ្នល់នេះទេ។ អ៊ីចឹងនៅពេលដែលយើងចង់ត្រួតពិនិត្យគុណភាពសម្ភារសំណង់ យើងត្រូវដឹកជញ្ជូនពីខេត្តទាំងនេះយកទៅធ្វើនៅទីក្រុងភ្នំពេញ។
លោកបានបន្ថែមថា៖ «មន្ទីរសាធារណការខេត្តយើងទៀតសោត ក៏គ្មានឧបករណ៍ទាំងនេះ ដើម្បីធ្វើការស្រាវជ្រាវ រកសម្ភារសំណង់ ដើម្បីធ្វើ។ ការងារដែលកន្លង មន្ទីរពិសោធន៍កណ្តាលរបស់ក្រសួង រវល់មមាញឹក ហើយវាថែមទាំងយឺតដល់ការងារស្ថាបនាផ្លូវថ្នល់របស់យើង»។
បន្ថែមពីនេះ លោកអះអាងថា ការផ្តល់ម៉ាស៊ីនត្រួតពិនិត្យគុណភាព និងអគារមន្ទីរពិសោធន៍របស់ក្រសួងក្នុងពេលនេះ គឺមានបំណងបង្កើនការត្រួតពិនិត្យផ្នែកបច្ចេកទេសរបស់ក្រសួងសាធារណការឱ្យកាន់តែមានភាពសុក្រឹតជាងមុនផងដែរ ខណៈមិនចំណាយពេលវេលា និងថវិកា រួមទាំងមន្ត្រីច្រើន។
លោកបញ្ជាក់ថា៖ «កាលណាយើងមានគ្រប់កន្លែងបែបនេះ មន្ទីរយើង អ្នកត្រួតពិនិត្យរបស់យើងនៅតាមតំបន់នឹងងាយស្រួលក្នុងការត្រួតពិនិត្យ មិនប្រញិបប្រញាប់ទៅពីភ្នំពេញទៅដល់រតនគិរី អស់ ១ ថ្ងៃបាត់ហើយ។ ដល់ត្រួតពិនិត្យអស់ ២ ថ្ងៃ ហើយទម្រាំបន្តទៅត្រួតពិនិត្យនៅខេត្តផ្សេងៗទៀត គឺលំបាកណាស់។ ដូច្នេះ ឧបករណ៍ត្រួតពិនិត្យនេះនឹងធ្វើឱ្យការងារស្ថាបនាផ្លូវថ្នល់របស់យើងកាន់តែមានគុណភាពបន្ថែមទៀត»៕