ភ្នំពេញៈ Sala ដែលជាប្រព័ន្ធប្រតិបត្តិការរបស់សាលាបែបទំនើប បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ស្តីពីគម្រោង «Go-Digital for Education» ដោយមានការគាំទ្រពីដៃគូសាកលវិទ្យាល័យទាំងរដ្ឋ និងឯកជនចំនួន ១៨ ថែមទៀត។
អនុស្សរណៈនេះធ្វើឡើងនៅក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដែលមានលោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ និងលោក សុខ លាភ នាយកប្រតិបត្តិ និងជាស្ថាបនិក Sala ក្នុងគោលបំណងលើកស្ទួយចំណេះដឹងផ្នែកឌីជីថលចំពោះវិស័យអប់រំ។
លោក សុខ លាភ បានឱ្យដឹងថា Sala បានចាប់ផ្តើមជាមួយនឹងចក្ខុវិស័យ ដើម្បីបង្កើនការធ្វើដំណើររបស់សិស្ស និងកសាងកន្លែង ដែលសិស្សអាចស្វែងរក និងស្វែងយល់ពីឱកាសសិក្សារបស់ពួកគេ។
លោកនិយាយថា៖ «យើងជឿជាក់ថា ការទទួលបានព័ត៌មាន ដំបូន្មាន និងការគាំទ្រ អាចជួយយុវជនធ្វើការសម្រេចចិត្តកាន់តែប្រសើរ និងទទួលបានជោគជ័យជាងមុន»។
ប្រព័ន្ធប្រតិបត្តិការរបស់សាលាទំនើប ដែលបានដាក់ដំណើរការគេហទំព័រ Sala និង Sala App ត្រូវបានបង្កើតឡើងដើម្បីក្លាយជាវេទិកាបរិយាប័ន្ន សម្រាប់យុវជនយ៉ាងពិតប្រាកដ និងផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ ដែលមានគុណភាពខ្ពស់ និងជំនាញសិក្សាដើម្បីធ្វើឱ្យពួកគេទទួលបានជោគជ័យក្នុងទីផ្សារការងារ។
លោក សុខ លាភ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «កិច្ចសហការ រវាងក្រសួងអប់រំ និង Sala បានជួយដល់សិស្សានុសិស្ស ដែលបានបញ្ចប់ថ្នាក់វិទ្យាល័យចំនួន ៥ ម៉ឺននាក់ ក្នុង ១ ឆ្នាំៗ ដើម្បីធ្វើការសម្រេចចិត្តបានល្អប្រសើរ និងមានការយល់ដឹងក្នុងការជ្រើសរើសសញ្ញាបត្រសាកលវិទ្យាល័យរបស់ពួកគេ»។
លោក លាភ ដែលបានរកឃើញថា សិស្សនៅតែពិបាកក្នុងការជ្រើសរើសមុខវិជ្ជា និងសាកលវិទ្យាល័យ ដែលខ្លួនចូលចិត្ត ប៉ុន្តែហាក់ដូចជាស្ទាក់ស្ទើរ បន្ទាប់ពីពួកគេឈានដល់ថ្នាក់ទី១២ បានពន្យល់ពីគោលបំណងសំខាន់ ដែលលោកកំពុងធ្វើការជាមួយក្រសួង។
លោក លាភ បាននិយាយថា សិស្សានុសិស្ស គួរតែយកចិត្តទុកដាក់លើអនាគតរបស់ពួកគេ ហើយការជ្រើសរើសមុខវិជ្ជាសិក្សា គឺជាផ្នែកសំខាន់នៃរឿងនេះ។
បើតាមលោក សុខ លាភ លោកចង់ធ្វើឱ្យប្រាកដថា ពួកគេជឿជាក់លើខ្លួនឯង ហើយមិនធ្វើតាមបំណងប្រាថ្នារបស់ឪពុកម្ដាយនោះទេ។ ជាក់ស្តែងឪពុកម្តាយចង់បានអ្វី ដែលល្អបំផុត សម្រាប់កូន ប៉ុន្តែថា តើបុគ្គលិកលក្ខណៈរបស់កូនសមនឹងអ្វីដែលឪពុកម្តាយចង់បានឬទេ? នោះគឺជាសំណួរ។
លោកបានឱ្យដឹងថា Sala ជួយ និងគាំទ្រសាលារៀននានា ក្នុងការធ្វើទំនើបកម្មការអប់រំ និងការគ្រប់គ្រងដោយប្រព័ន្ធគ្រប់គ្រងសាលា។ បច្ចុប្បន្នមានសាលារដ្ឋចំនួន ១៣ ៥៩៧ ក្នុងប្រទេសកម្ពុជាដែលត្រូវដោះស្រាយ។ វាលើកកម្ពស់ និងបង្កើនការយល់ដឹងអំពីអាជីព និងជម្រើសអាជីពដល់សិស្សានុសិស្ស ដែលនាំឱ្យមានការកើនឡើងនៃចំនួនសិស្សបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក៏ដូចជាការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។
លោកបន្ដថា៖ «គម្រោងនេះលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបោះបង់ការសិក្សា និងលើកកម្ពស់ការអប់រំឧត្តមសិក្សានិងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ វាបង្កើតការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យអប់រំនិងបង្កើនឱកាសការងារព្រមទាំងធនធានមនុស្ស»។
លោក សុខ ថា បានថ្លែងអំឡុងពេលចុះអនុស្សរណៈនៃការយោគយល់គ្នាថា ចំពោះសារៈសំខាន់ នៃ «Go-Digital for Education» វាអាចជួយសិស្សានុសិស្សសម្រួចលើជម្រើសនៃមុខវិជ្ជាសិក្សា និងអាជីពរបស់ពួកគេ។
លោកថ្លែងថា៖ «តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងអាចនឹងជំរុញប្រព័ន្ធគ្រប់គ្រងសាលារៀនបានលឿនជាងមុនហើយក៏អាចនឹងផ្ដល់ព័ត៌មានពីគ្រឹះស្ថានសិក្សា ក៏ដូចជាជម្រើសនៃការសិក្សារបស់សិស្សបានទូលំទូលាយជាងមុន»។
ជាលទ្ធផលជោគជ័យនៃគំនិតផ្តួចផ្តើមនេះ លោក សុខ លាភ និយាយថា ការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គឺការអប់រំជាក់ស្តែងសម្រាប់យុវជននៅទូទាំង២៥ ខេត្ត-រាជធានី ដែលមានតិចតួចក្នុងការរៀនជំនាញ ដើម្បីធ្វើឱ្យពួកគេទទួលបានជោគជ័យនៅលើទីផ្សារការងារ។
លោកលើកឡើងថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលមានឱកាសចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡានិងដៃគូសាកលវិទ្យាល័យរបស់យើង។ សំណាងណាស់ដែលយើងបានធ្វើការលើអ្វី ១ ដែលឆ្លុះបញ្ចាំង និងអភិវឌ្ឍលើបេសកកម្មរបស់យើងសម្រាប់សិស្ស-និស្សិតកម្ពុជាឱ្យកាន់តែប្រសើរ»៕