ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ការធានានូវសុខុមាលភាព និងការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ។
នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អុិត សំហេង ក្នុងពិធីបើកសិក្ខាសាលាអាស៊ាន ស្តីពី «ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់បុគ្គលស្វ័យនិយោជន៍»កាលពីថ្ងៃទី៣ ខែវិច្ឆិកា នៅក្នុងខេត្តសៀមរាប។
យោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធរវាងបណ្តារដ្ឋសមាជិកអាស៊ាន ដែលអាចរៀនសូត្របានពីគ្នាទៅវិញទៅមក នូវភាពជោគជ័យ បញ្ហាប្រឈម ដំណោះស្រាយ និងបទពិសោធនានា នៃការអនុវត្តរបបសន្តិសុខសង្គមរៀងៗខ្លួន។
លោក អុិត សំហេង បានថ្លែងថា ៖ «របបសន្តិសុខសង្គមដែលរដ្ឋាភិបាលដាក់ដំណើរការទាំងនេះ គឺដើម្បីផ្តល់ការគាំពារផ្នែកហិរញ្ញវត្ថុនៅពេលចាស់ជរា ជូនពលរដ្ឋដែលធ្វើការក្នុងវិស័យឯកជន ក៏ដូចជាមន្ត្រីសាធារណៈ និង ដើម្បីពង្រីកការគាំពារទៅដល់ពលរដ្ឋរស់នៅក្បែរបន្ទាត់នៃភាពក្រីក្រ និងក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម»។
លោកបានបន្តថា ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ នៃប្រទេសនីមួយៗ។ ជាក់ស្តែងយោងតាមស្ថិតិរបស់អង្គការអន្តរជាតិខាងការងារបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលភាគច្រើនជាសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអត្រាភាគរយច្រើនបំផុតនៅក្នុងបណ្តាប្រទេសទូទាំងពិភពលោក។
លោកបានបន្តថា ជាក់ស្តែងនៅក្នុងតំបន់អាស៊ាន សហគ្រាសធុនតូច និងមធ្យម មានចំនួនប្រហែល ៩៧% នៃសហគ្រាសសរុបក្នុងតំបន់ និងបានប្រើប្រាស់ប្រមាណ ៦០% នៃកម្លាំងពលកម្មសរុប ដែលនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា សហគ្រាសទាំងនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជាប្រភពនៃការផ្តល់ការងារដល់កម្លាំងពលកម្មនៃបណ្តារដ្ឋជាសមាជិកអាស៊ាន។
នាឱកាសនោះ ផងដែរ រដ្ឋមន្ត្រីក្រសួងការងារ ក៏បានសម្តែងនូវការអបអរសាទរ និងប្រាប់អង្គពិធីថា «សេចក្តីថ្លែងការណ៍អាស៊ានស្តីពីចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន» ដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងនេះ ក្នុងអាណត្តិកម្ពុជាជាប្រធានអាស៊ាន ២០២២ ទើបតែទទួលបានការឯកភាពដោយកិច្ចប្រជុំក្រុមប្រឹក្សាសង្គម-វប្បធម៌អាស៊ាន កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ថ្មីៗនេះ។
លោកថា សេចក្តីថ្លែងការណ៍នេះត្រូវបានដាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដើម្បីអនុម័ត និងប្រកាសនៅក្នុងខែវិច្ឆិកា ខាងមុខនេះផងដែរ។
សូមបញ្ជាក់ផងដែរថា របបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បានចាប់ផ្តើមអនុវត្តនៅខែតុលាកន្លងមកនេះ ដែលប្រាក់ត្រូវបង់វិភាគទានមានចំនួន ៤ ភាគរយ នឹងត្រូវកាត់ចូល បសស នៅដើមខែបន្ទាប់ បន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាសបិទយុទ្ធនាការផ្សព្វផ្សាយ ៩០ថ្ងៃ។
អគ្គនាយករងនៃបេឡាជាតិរបបសន្តិសុខសង្គមលោក ហេង សុផាន់ណារិទ្ធ ធ្លាប់បានប្រាប់ឱ្យដឹងថា គិតត្រឹមដើមខែតុលាកន្លងទៅ កម្មករនិយោជិតចំនួន ១ ៤៦៦ ៧២៥ នាក់ នៅក្នុងសហគ្រាសជាង ១៣ ៣០០ សហគ្រាស ដែលមាននៅក្នុងប្រព័ន្ធ បសស ស្រាប់ ត្រូវមានកាតព្វកិច្ចបង់ភាគទាននេះដោយស្វ័យប្រវត្តិ។
កាលពីឆ្នាំ ២០០៨ ក្រសួងការងារ បានដាក់ឱ្យអនុវត្តផ្នែកហានិភ័យការងារ ហើយកាលពីឆ្នាំ ២០២១ ផ្នែកនេះបានដំណើរការសម្រាប់មន្ត្រីសាធារណៈ។ ចំណែកឆ្នាំ ២០១៦ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព សម្រាប់កម្មករនិយោជិតវិស័យឯកជន ហើយឆ្នាំ ២០១៨ បានដំណើរការសម្រាប់មន្ត្រីសាធារណៈ ដោយធ្វើការធានារ៉ាប់រងសុខភាព ២៤ ម៉ោងលើ ២៤ ម៉ោង។ ជារួមមិនថា កម្មករនិយោជិត ឬមន្ត្រីសាធារណៈ សុទ្ធតែមានការធានារ៉ាប់រងសន្តិសុខសង្គមដូចគ្នា៕