ភ្នំពេញៈ សហរដ្ឋអាមេរិក បានប្រគល់រូបចម្លាក់ «ដងខ្លួនព្រះនារាយណ៍ ដែលមានព្រះហស្ត ៤» ធ្វើពីថ្មភក់ លំនាំរចនាប័ទ្មសម័យមុនអង្គរមួយទៀត ជូនដល់ប្រជាជនកម្ពុជាវិញ ហើយត្រូវបានគេរំពឹងថា នឹងត្រូវធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ នៅចុងឆ្នាំ ២០២២ នេះ ជាមួយនឹងរូបសំណាកប្រមាណ ៣០ ដុំទៀត ដែលត្រូវបានប្រគល់ត្រឡប់មកវិញដោយសហរដ្ឋអាមេរិក។
លោក ហួត សំណាង ប្រធាននាយកដ្ឋានបុរាណវត្ថុ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ទទួលរូបចម្លាក់វត្ថុបុរាណខ្មែរដ៏មានវ័យចំណាស់ «ដងខ្លួនព្រះនារាយណ៍ ដែលមានព្រះហស្ត៤» នោះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូវយ៉ក ដោយមានលោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Thomas Acocella ជាតំណាងរដ្ឋអាជ្ញាក្រុងញូវយ៉ក។
លោក សំណាង ថ្លែងថា៖«នៅពេលនេះ ក្រុមការងារយើង កំពុងរៀបរយឯកសារ ដើម្បីធ្វើមាតុភូមិនីវត្តន៍នូវរូបចម្លាក់នេះមកកម្ពុជា នៅក្នុងចុងឆ្នាំនេះ ឬយ៉ាងយូរនៅដើមឆ្នាំក្រោយ [ឆ្នាំ២០២៣] ជាមួយនឹងរូបចម្លាក់បុរាណវត្ថុប្រមាណ៣០ដុំ ដែលរដ្ឋាភិបាលអាមេរិកបានប្រគល់មកឱ្យយើងកាលពីប៉ុន្មានខែមុននេះ»។
បើតាមលោក សំណាង ការចំណាយលើថ្លៃដឹកជញ្ជូនសម្រាប់ការធ្វើមាតុភូមិនិវត្តន៍នូវរូបចម្លាក់វត្ថុបុរាណទាំងនោះត្រឡប់មកកម្ពុជាវិញ គឺជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា។
បំណែកនៃរូបចម្លាក់ «ដងខ្លួនព្រះនារាយណ៍ ដែលមានព្រះហស្ត៤» ត្រូវបានគេលួចពីប្រាសាទមួយនៅភាគខាងកើតនៃប្រទេសកម្ពុជានាដើមទសវត្សរិ៍ឆ្នាំ១៩៩០ តាមទិសដៅរបស់ DORIS WIENER ដែលជាអ្នកជួញដូរវត្ថុបុរាណដ៏ល្បីល្បាញ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋអាជ្ញាស្រុក Manhattan នៃក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២។
តាមរយៈសេចក្ដីប្រកាសនោះ បំណែកនៃរូបចម្លាក់ខាងលើនេះ ត្រូវបាន WIENER និងអ្នករួមគំនិតផ្សេងទៀត រៀបចំផ្គុំស្ដារឡើងវិញ ហើយនៅទីបំផុតត្រូវបានរត់ពន្ធចូលទៅក្នុងស្រុក Manhattan ក្នុងឆ្នាំ១៩៩៥ តាមរយៈប្រទេសថៃ។ បន្ទាប់ពីរូបចម្លាក់នោះបានមកដល់ Manhattan, WEINER បានលក់វា ទៅឱ្យអ្នកប្រមូលឯកជន។
មេធាវីស្រុក Manhattan គឺលោក Alvin L. Bragg, Jr. ត្រូវបានដកស្រង់មកចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា៖«វត្ថុបុរាណនេះត្រូវបានរុះរើ ចេញពីប្រាសាទបុរាណ ដូច្នេះវាអាចត្រូវបានលក់ដើម្បីរកប្រាក់ចំណេញ។បន្ទាប់ពីវាត្រូវបានចរាចរដោយខុសច្បាប់នៅលើទីផ្សារសិល្បៈ និងការប្រមូលឯកជនជាច្រើនឆ្នាំមក អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណរបស់យើង សហការជាមួយដៃគូអនុវត្តច្បាប់របស់យើង ទីបំផុតបានប្រគល់វត្ថុនេះទៅផ្ទះវិញ»។
ចំណែក លោក កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក៏ត្រូវបានដកស្រង់សម្ដីមកចុះផ្សាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះផងដែរ ដោយលោកបានលើកឡើងថា៖«រដ្ឋាភិបាលរបស់ខ្ញុំមានអំណរគុណចំពោះភាពជាដៃគូដ៏ល្អដែលយើងបានបង្កើតជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រគល់វត្ថុបុរាណដែលមិនអាចកាត់ថ្លៃបានដល់ប្រជាជនកម្ពុជា»។
ជាមួយគ្នានេះ លោកបានសម្ដែងការសរសើរជាពិសេសដល់ការិយាល័យមេធាវីស្រុក Manhattan និងនាយកដ្ឋានសន្តិសុខ សម្រាប់ការឧស្សាហ៍ព្យាយាម និងការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ និងធ្វើអ្វីដែលត្រឹមត្រូវ។
លោកបានបញ្ជាក់បន្ថែមថា៖ «វត្ថុបុរាណដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលនេះ និងវត្ថុផ្សេងៗទៀតដែលខ្ញុំប្រាកដថានឹងត្រូវធ្វើមាតុភូមិនិវត្តន៍នៅពេលអនាគត គឺជាផ្នែកមួយដ៏សំខាន់នៃកេរដំណែលវប្បធម៌របស់យើង និងអារម្មណ៍នៃជាតិសាសន៍របស់យើង។ ពួកគេត្រូវបានគេលួចពីកន្លែងដែលពួកគេមានសន្តិភាពរាប់សតវត្សរ៍មកហើយ ហើយពួកគេស្ថិតនៅក្នុងប្រទេសកម្ពុជា»។
ប្រធានទីភ្នាក់ងារស៊ើបអង្កេតពិសេសនៃនាយកដ្ឋានស៊ើបសន្តិសុខក្រុងញូវយ៉ក លោក Ivan J. Arvelo បានថ្លែងថា៖«ថ្ងៃនេះ យើងមានមោទនៈភាពក្នុងការប្រគល់ព្រះវិស្ណុថ្មភក់ដែលគង់នៅគង់វង្ស ទៅកាន់លំនៅដ៏ត្រឹមត្រូវរបស់ខ្លួន ដោយធានាថា ប្រវត្តិសាស្ត្រវប្បធម៌នៃប្រទេសកម្ពុជា លែងត្រូវបានបំផ្លិចបំផ្លាញដោយនិទ្ទណ្ឌភាពទៀតហើយ។ ដុំនេះត្រូវបានគេលួចពីប្រទេសកម្ពុជា ហើយរត់ពន្ធចូលក្រុងញូវយ៉ក ដើម្បីរកប្រាក់ចំណេញដោយឈ្មួញដែលស្គាល់ម្នាក់។ អាជ្ញាធរស៊ើបអង្កេតពិសេសរបស់យើង និងធ្វើការរួមគ្នាជាមួយដៃគូរបស់យើងនៅការិយាល័យមេធាវីស្រុក Manhattan ដើម្បីតាមដានបំណែកដែលបានបាត់បង់ដូចនេះ និងធានាឱ្យពួកគេត្រឡប់ទៅម្ចាស់ស្របច្បាប់របស់ពួកគេវិញ គឺប្រជាជនកម្ពុជា»។
បើតាមសេចក្ដីប្រកាសព័ត៌មានដដែលនោះ ចាប់ផ្តើមនៅទសវត្សរ៍ឆ្នាំ១៩៩០ WIENER បានដោះស្រាយ និងជួញដូរវត្ថុបុរាណអាស៊ីអាគ្នេយ៍ ដែលគាត់បានលក់តាមរយៈវិចិត្រសាលរបស់គាត់នៅក្នុង ក្រុងញូវយ៉ក។ WIENER ក៏បានលក់វត្ថុបុរាណជាមួយកូនស្រីរបស់គាត់ឈ្មោះ NANCY WIENER រហូតដល់មរណភាពរបស់ Doris ក្នុងឆ្នាំ ២០១១ ។ នៅឆ្នាំ ២០១៦ ការិយាល័យមេធាវីស្រុក Manhattan បានចាប់ខ្លួន NANCY WIENER ដែលចុងក្រោយត្រូវបានកាត់ទោសនៅឆ្នាំ ២០២១។
ជំនួយការមេធាវីស្រុក Matthew Bogdanos ប្រធានអង្គភាពជួញដូរវត្ថុបុរាណ និងជាចៅក្រមជំនុំជម្រះជាន់ខ្ពស់បានត្រួតពិនិត្យការស៊ើបអង្កេតនេះ ដែលធ្វើឡើងដោយអ្នកវិភាគស៊ើបអង្កេតជាន់ខ្ពស់ អប្សរាអ៊ីយេ (Apsara Iyer) អ្នកវិភាគស៊ើបអង្កេត Hilary Chassé និងភ្នាក់ងារពិសេសស៊ើបអង្កេតសន្តិសុខមាតុភូមិ Megan Buckley ៕