ភ្នំពេញៈ ប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានរៀបចំវេទិកាព័ត៌មានវិទ្យាអាស៊ាន ក្នុងការប្ដេជ្ញារួមគ្នាដើម្បីការពារកុមារ ពីការកេងប្រវ័ញ្ចនិងជួញដូរកុមារលើបណ្ដាញអ៊ីនធឺណិត។ តាមរយៈវេទិកាព័ត៌មានវិទ្យាអាស៊ានស្តីអំពីការការពារកុមារលើប្រព័ន្ធអនឡាញនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការគាំទ្រពីអង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ យុវជន និងវិស័យឯកជន ដែលជាអ្នកដើរតួដ៏សំខាន់ក្នុងការធ្វើឱ្យប្រព័ន្ធអនឡាញជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ។
នៅក្នុងវេទិកាដដែល អង្គការយូនីសេហ្វសង្ឃឹមថា៖ «កុមារគ្រប់រូបមានសិទ្ធិរស់នៅក្នុងពិភពលោកដែលមានសន្តិភាព គ្មានអំពើហិង្សា រួមទាំងគ្មានការកេងប្រវ័ញ្ច និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ»។
លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គម បានប្រាប់ថា គោលបំណងនៃការរៀបចំវេទិកានេះ ប្រទេសអាស៊ានទាំងមូលបានឯកភាពគ្នាប្ដេជ្ញារួមគ្នាដើម្បីលុបបំបាត់ការជួញដូរកុមារតាមរយៈប្រព័ន្ធអនឡាញ។ លោកបញ្ជាក់ថា ការជួញដូរនេះ វាកំពុងពេញនិយម និងជាបញ្ហាប្រឈម ដែលត្រូវសហការពីដៃគូពាក់ព័ន្ធ ដើម្បីការពារកុមារ។
លោក តូច ចាន់នីបន្តថា៖ «អាស៊ានទាំងមូលមានការប្ដេជ្ញារួមគ្នា ដើម្បីទប់ស្កាត់ប្រឆាំងការជួញដូរតាមរយៈអនឡាញ ចំពោះកុមារ យុវជន នេះជាគោលបំណងសំខាន់របស់វេទិកា» ។ ក្រោយពីបញ្ចប់វេទិកានេះ ក្នុងបណ្ដាប្រទេសអាស៊ាននឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ អំពីសកម្មភាពផ្សេងៗនៃការរួមគ្នាត្រូវធ្វើអ្វីខ្លះ។
លោកចាន់នីថា អាស៊ាននឹងទាក់ទងទៅកាន់ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនតេលេក្រាម បណ្ដាញសង្គមផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនឡាញដើម្បីឱ្យពួកគេចូលរួម និងរាយការណ៍ពីករណីប៉ុនប៉ងជួញដូរឬបៀតបៀនកុមារនៅលើអនឡាញនេះ។ លោកថា៖ «អ៊ីចឹងក្រុមហ៊ុនទាំងនោះ ត្រូវចូលរួមយ៉ាងម៉េច? បានន័យថា យើងនឹងឱ្យគាត់ចូលរួមទប់ស្កាត់សកម្មភាពណាមិនប្រក្រតី នៅលើប្រព័ន្ធទូរស័ព្ទ»។
ចំណែកឯលោកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ដ្រី និងកុមារនៃសមាគមអាដហុក បានប្រាប់ថា រូបភាពនៃការរៀបចំវេទិកានេះ គឺវាជារឿងល្អ ពីព្រោះរូបភាពការជួញដូរ និងការកេងប្រវ័ញ្ចលើកុមារតាមរយៈប្រព័ន្ធអនឡាញនៅតែបន្តកើតមាន ហើយរូបភាពនេះ បានបង្ហាញពីសកម្មភាពថ្មីៗ និងប្លែកៗលើកុមារ។
លោកស្រី មាស សាអ៊ីមថ្លែងថា៖ «ខ្ញុំគិតថា សកម្មភាពនេះមិនអាចលុបបំបាត់ទាំងស្រុងឡើយ ពីព្រោះរូបភាពជួញដូរ និងការកេងប្រវ័ញ្ចលើកុមារ នៅតែបន្តរូបភាពថ្មីៗរហូត។ អ៊ីចឹងវាគ្រាន់តែជាសកម្មភាពមួយដើម្បីផ្លាស់ប្ដូរផែនការ យុទ្ធសាស្ត្រ រួបរួមគ្នាក្នុងការទប់ស្កាត់ និងកាត់បន្ថយ ឬផ្ដន្ទាទោសដល់ជនប្រព្រឹត្តលើបញ្ហានេះផងដែរ»។
លោកស្រីបន្ថែមថា មួយវិញទៀត ក្រុមហ៊ុនឯកជន ដែលធ្វើការលើប្រព័ន្ធចល័ត ត្រូវរាយការណ៍ដោយពេញលេញនូវអ្វីដែលបានមើលឃើញពីប្រព័ន្ធអនឡាញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញពីការផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវ ស្ដីពីការបញ្ឈប់គ្រោះថ្នាក់ដល់កុមារនៅកម្ពុជា ដោយបង្ហាញភ័ស្តុតាងអំពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមរយៈអនឡាញ។ ជាមួយគ្នានោះ ១៦% នៃកុមារត្រូវបានទទួលរងការបញ្ចេញមតិទាក់ទងនឹងផ្លូវភេទរបស់ពួកគេ ដែលកើតឡើងជាចម្បង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ១៦%ទៀតនៃកុមារត្រូវបានផ្ញើសាររូបភាពអាសអាភាស និង ៩% នៃកុមារទទួលបានការស្នើសុំចែករំលែករូបភាពអាក្រាតរបស់កុមារទាំងនោះ៕