ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបដិសេធចំពោះខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជារបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ខេមបូចា និងមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការសង្គមស៊ីវិលចំនួន ៣២ ផ្សេងទៀត។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថាខ្លឹមសារ និងទិន្នន័យដែលមានក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជានោះ មិនទាន់បានធ្វើបច្ចុប្បន្នភាព និងគ្មានអង្គហេតុច្បាស់លាស់គ្មានប្រភពគ្រប់ជ្រុងជ្រោយ។
លោកអះអាងថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរណាស់ បើធៀបនឹងបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកដែលមានករណីសម្លាប់អ្នកកាសែត។
លោកបញ្ជាក់ថា៖ «ទី១ វាជាការសន្និដ្ឋានមួយដែលពុំឈរលើអង្គហេតុ និងអង្គច្បាប់នៃករណីនីមួយៗនោះទេ។ ទី១ ការវាយតម្លៃមុនមានសេចក្តីសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ចរបស់តុលាការថា ករណីហ្នឹងវាពាក់ព័ន្ធនឹងករណីអ្វីខ្លះ តួយ៉ាងវាជាការរាយការណ៍ពាក់ព័ន្ធនឹងរឿងរសើប រឿងក្តីអីនោះ ខ្ញុំគិតថា វាជាការវាយតម្លៃដែលប្រាសចាកសីលធម៌ក្នុងនាមជាអ្នកអនុវត្តវិជ្ជាជីវៈសារព័ត៌មាន»។
នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ នៃទិវាអន្តរជាតិដើម្បីបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានក្រុមសមាគមកាសែត និងអង្គការសង្គមស៊ីវិលបានចេញសេចក្តីថ្លែងការណ៍រួមពាក់ព័ន្ធការបញ្ចប់និទ្ទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នេះក៏អំពាវនាវឱ្យអាជ្ញាធរកម្ពុជាផ្តន្ទាទោសឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន និងបញ្ឈប់ការយាយីលើអ្នកសារព័ត៌មាន និងជំរុញឱ្យមានវិធានការជាបន្ទាន់ ដើម្បីធានាការស៊ើបអង្កេតប្រកបប្រសិទ្ធភាព ឯករាជភាព និងតម្លាភាព លើបទឧក្រិដ្ឋប្រឆាំងអ្នកសារព័ត៌មានដែលរងអយុត្តិធម៌។
ប្រភពដដែលបានបញ្ជាក់ពីការធ្លាក់ចុះនូវស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ខណៈមានការបន្តធ្វើទុក្ខបុកម្នេញដល់អ្នកប្រកបកិច្ចការក្នុងវិស័យសារព័ត៌មានដោយបានបញ្ជាក់ថា អ្នកកាសែតយ៉ាងហោចណាស់ ១៥ នាក់ ត្រូវបានសម្លាប់នៅកម្ពុជាតាំងពីឆ្នាំ ១៩៩៤ មក ខណៈ ១២ នាក់ត្រូវបានសម្លាប់ដោយសារពួកគេរាយការណ៍ពីបញ្ហារសើប ហើយគ្មានជនល្មើសណាត្រូវបាននាំមកផ្តន្ទាទោសឡើយ។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) បញ្ជាក់ពីបច្ចុប្បន្នភាពក្នុងសេចក្តីថ្លែងការណ៍រួមនោះថា «អ្នកសារព័ត៌មានចំនួន ៥៧ នាក់ ត្រូវបានយាយីក្នុងរយៈពេល ១០ ខែ ចុងក្រោយនេះ (ពីខែមករាដល់ខែតុលា ឆ្នាំ ២០២២) ។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង ៥៧ នាក់នេះមាន ២៣ នាក់ ទទួលរងអំពើហិង្សា និងការគំរាមកំហែង ១២ នាក់ត្រូវបានចាប់ខ្លួន ១២ នាក់ប្រឈមនឹងការយាយីតាមផ្លូវតុលាការ ៦ នាក់ ត្រូវបានឃុំខ្លួនដើម្បីសាកសួរ និងអាជ្ញាប័ណ្ណសារព័ត៌មានចំនួន ៤ ត្រូវបានដកហូត»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) អះអាងថា ទិន្នន័យ និងព័ត៌មានក្នុងសេចក្តីថ្លែងការណ៍រួមនេះ ជាការកត់ត្រាយ៉ាងត្រឹមត្រូវដែលដកស្រង់ចេញពីការស្ទង់មតិថ្មីៗពីការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សផង។ ជាមួយគ្នានោះក៏បានពិនិត្យរបាយការណ៍របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជាលោក វិទិត មុនតាប៊ន (VititMuntarbhorn) ដែលបារម្ភពីបញ្ហានិទ្ទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មាននេះផងដែរ។
លោក ណុប វី ថា៖ «ជារួមការទទួលយក ឬមិនទទួលយក ឬការលើកឡើងរបស់ក្រសួងព័ត៌មានជាសេរីភាពជាសិទ្ធិនៃការលើកឡើងរបស់ពួកគាត់។
យើងគ្រាន់តែបានបង្ហាញការព្រួយបារម្ភរបស់យើងជុំវិញការកើតមាននូវបទឧក្រិដ្ឋប្រឆាំងនឹងអ្នកសារព័ត៌មាននៅកម្ពុជាកន្លងមក ដែលយើងបានបង្ហាញទៅសាធារណជន រដ្ឋាភិបាលនូវអ្វីដែលជាករណីជាក់ស្តែងដែលមានការកើតឡើងកន្លងមក»។
ទោះជាយ៉ាងណា លោក មាស សុភ័ណ្ឌ តបថា ចាប់តាំងពីកម្ពុជាទទួលមានសន្តិភាពពេញលេញមក គ្មានឡើយករណីសម្លាប់អ្នកកាសែតអំឡុងចុះបំពេញភារកិច្ច ហើយលោកចាត់ទុករបាយការណ៍របស់សង្គមស៊ីវិលជាទិន្នន័យមិនបានធ្វើបច្ចុប្បន្នភាព។ លោកថា ក្រសួងព័ត៌មានបានកត់សម្គាល់ថា ករណីខ្លះ ជាករណីគ្រោះថ្នាក់ចរាចរណ៍ ឬជាទំនាស់រវាងបុគ្គល និងបុគ្គល ឬទំនាស់ផលប្រយោជន៍ តែប៉ុណ្ណោះមិនពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាននោះទេ និងករណីខ្លះនៅពុំទាន់បញ្ចប់សំណុំរឿងឡើយ។ លោកថា៖ «របាយការណ៍របស់ខេមបូចា គឺមិនបានសិក្សាស៊ីជម្រៅ និងគ្មានប្រភពគ្រប់ជ្រុង»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា ដែលជាស្ថាប័នមួយបានគាំទ្រលើសេចក្តីថ្លែងការណ៍នេះផងនោះ បានលើកឡើងថា កន្លងមកអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារសើបតួយ៉ាងការរំលោភសិទ្ធិមនុស្ស ជម្លោះដីធ្លី បញ្ហាធនធានធម្មជាតិ ជាដើមតែងរងការធ្វើទុក្ខបុកម្នេញ។ លោកឧទាហរណ៍ជាក់ស្តែង ករណីរារាំងរឹតត្បិតអ្នកកាសែតនៅភ្នំតាម៉ៅដែលមានកម្លាំងយោធាបានទះកំផ្លៀងអ្នកកាសែត។
លោកថា៖ «ករណីខ្លះមានការឃាត់ខ្លួន និងដកហូតសម្ភារផ្សាយដែលលោកចាត់ទុកជាសកម្មភាពរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់វិជ្ជាជីវៈអ្នកសារព័ត៌មាន។ ករណីទាំងនេះ គួរមានកិច្ចអន្តរាគមន៍ជួយអ្នកសារព័ត៌មានជាជាងស្តីបន្ទោសដល់ពួកគេថា ខុសវិជ្ជាជីវៈ»៕