ភ្នំពេញៈ បច្ចុប្បន្ន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន (ASEAN) ជា​អង្គការ​តំបន់ ដែល​គ្របដណ្តប់​ភាគ​អាគ្នេយ៍​នៃ​ទ្វីបអាស៊ី មាន​សមាជិក​នៃ​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ចំនួន ១០ ប្រទេស​ហើយ​ក្លាយជា អង្គការ​តំបន់​ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច និង​ឈាន​ទៅ​មាន​សក្តានុពល​នយោបាយ​នាពេល​ខាងមុខ។​

​អាស៊ាន​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ ១៩៦៧ ដែល​គ្រានោះ​មាន​ប្រទេស​ជា​សមាជិក​ប្រមាណ​តែ ៥ ប៉ុណ្ណោះ រួមមាន សិង្ហបុរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។

​តំណាង​នៃ​ប្រទេស​ទាំង​៥ នេះ ជួបប្រជុំគ្នា​នៅ​សាល​ធំ​ក្នុង​អគារ​ក្រសួង​ការបរទេស នាទី​ក្រុង​បាងកក ប្រទេស​ថៃ ហើយ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​។ តាមរយៈ​ឯកសារ​នោះ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ត្រូវបាន​បង្កើតឡើង​។ ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខា​ត្រូវបាន គេ​ហៅថា សេចក្តី​ប្រកាស​អាស៊ាន ដែលជា​ឯកសារ​ខ្លី​ប្រើពាក្យ​ជាធម្មតា​មានតែ ៥ មាត្រា​ប៉ុណ្ណោះ​។ ប្រកាស​បង្កើត​សមាគម ១ សម្រាប់​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​គេ​ហៅថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន) និង​បាន​ដាក់​ចេញ​នូវ​គោលដៅ និង​គោល​បំណង​របស់​សមាគម​នោះ​យ៉ាង​ច្បាស់លាស់។​

​ជា​ប្រវត្តិសាស្ត្រ អង្គការ​តំបន់​មួយ​នេះ បង្កើតឡើង​ក្នុង​គោលដៅ និង​គោលបំណង​រួម ដើម្បី​ជំរុញ​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព កំណើន​សេដ្ឋកិច្ច រួមទាំង​កិច្ច​អភិវឌ្ឍន៍​សង្គម​វប្បធម៌ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​តាមរយៈ​ការគោរព​យុត្តិធម៌ និង​នីតិរដ្ឋ​រួមទាំង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហ​ប្រជាជាតិ នៅ​គ្រា​សម័យ​សង្គ្រាម​ត្រជាក់​នោះ​។ បើ​និយាយ​ឱ្យ​ស្រួល​ស្តាប់​ដំបូង​ឡើយ​អាស៊ាន​បង្កើត​ឡើង​ដើម្បី​ទប់ទល់​ការ​កើនឡើង​នៃ​ឥទ្ធិពល​កុម្មុយនីស្ត ប៉ុណ្ណោះ។​

​ក្រោយមកទៀត រាប់​ចាប់ពី​ឆ្នាំ​ ១៩៨៤ មក បណ្តា​ប្រទេស ៥ ផ្សេងទៀត​ក្នុង​តំបន់​បាន​សម្លឹង​ឃើញ​ពី​ការរួម​បញ្ចូល​គ្នា​ជាមួយ​អាស៊ាន រួមមាន ប្រ៊ុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និង​កម្ពុជា ជា​សមាជិក​កូនពៅ​ចុងក្រោយ​គេ។​

​ជុំវិញ​ដំណើរការ​នៃ​ការបង្កើត​និង​ដំណើរការ​របស់​អង្គការ​អា​ស៊ាន លោក​គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បញ្ជាក់ថា ដើមឡើយ​អង្គការ​តំបន់​នេះ​បង្កើត​ឡើង​ក្នុង​គោលដៅ​ទប់ទល់​ឥទ្ធិពល​កុម្មុយនីស្ត​នៅ​អាស៊ីអាគ្នេយ៍​ប៉ុណ្ណោះ​ដែល​ប្រទេស​៥ ជា​ស្ថាបនិក​អាស៊ាន​នោះ សុទ្ធសឹង​ជា​ប្រទេស​មិន​ប្រកាន់​លទ្ធិ​កុម្មុយនីស្ត ក្នុង​គ្រា​មាន​ការ​ប្រជែង​ឥទ្ធិពល​មនោគមន៍វិជ្ជា​របស់​លោក​សេរី និង​កុម្មុយនីស្ត ដ៏​ខ្លាំងក្លា​នៅ​អាស៊ីអាគ្នេយ៍។​

​ប៉ុន្តែ​ជារួម ការបង្កើត​អាស៊ាន​គឺ​ក្នុង​គោលដៅ​ដើម្បី​សន្តិសុខ ស្ថិរភាព និង​វិបុលភាព នៅ​ក្នុង​តំបន់​។ លោក​គិន ភា សង្កត់ធ្ងន់​ថា តំបន់​នេះ មាន​បញ្ហា​ផ្ទៃក្នុង​ជាច្រើន​ដែលមាន​ដូចជា អាស៊ាន​មាន​គម្លាត​លើ​វិស័យ​សេដ្ឋកិច្ច​និង​វិស័យ​អប់រំ ជា​កង្វះខាត​មួយ​របស់​អាស៊ាន​ដែល​ធនធាន​សេដ្ឋកិច្ច និង​ធនធាន​មនុស្ស​មិន​ស្មើភាព​គ្នា កង្វះខាត​នៃ​ការផ្លាស់​ប្តូរ​ព័ត៌មាន និង​សន្តិសុខ​ដល់​គ្នា​ទៅវិញ​ទៅមក​ពី​សំណាក់​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដែលមាន​និន្នាការ​និយម​ចិន និង​និយម​សហរដ្ឋ​អាមេរិក ហើយ​អាស៊ាន​មាន​ប្រព័ន្ធ​នយោបាយ​ដឹកនាំ​ប្រទេស​ខុសៗ​គ្នាច្រើន និង​ចុងក្រោយ រដ្ឋ​ជា​សមាជិក​ភាគច្រើន នៅមាន​ជម្លោះ​ដែន​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​នឹង​គ្នា ពោលគឺ​ជម្លោះ​ព្រំដែន​កើត​ឡើង​ឥត​ស្រាកស្រាន្ត។​

​លោក​បញ្ជាក់ថា​៖ «​សម្រាប់​បញ្ហា​ធំៗ ដែល​បន្ត​ប្រទាំង​ប្រទើស​អាស៊ាន​នោះ រួមមាន​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​គឺ​ចិន និង​សហរដ្ឋ​អាមេរិក​។ បញ្ហា​អស់ទាំង​នេះហើយ​ដែល​បង្ក​ឱ្យ​អាស៊ាន​មានការ​លំបាក ជួប​បញ្ហា​ប្រឈម​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​មជ្ឈភាព និង​សាមគ្គីភាព​របស់​អាស៊ាន​ផងដែរ»។​

​អ្នកជំនាញ​ទំនាក់ទំនង​អន្តរ​ជាតិ​រូបនេះ បញ្ជាក់ថា អង្គការ​អាស៊ាន​ជា​ច្រក​ការទូត​ដ៏​សំខាន់​សម្រាប់​បណ្តា​រដ្ឋ​ជា​សមាជិក មិន​ថា រដ្ឋ​តូច ឬ​ធំ​ឡើយ ដែល​ញ៉ាំងឱ្យ​សមាជិក​ទាំង ១០ មាន​សិទ្ធិ​ស្មើភាព​គ្នា​ក្នុងការ​សម្រេច​កិច្ចការ​ក្នុង​តំបន់ និង​ពិភពលោក​ក្នុងនាម​ជា​អង្គការ​តំបន់​។ លើសពី​នេះ អាស៊ាន​ក្នុងពេល​ថ្មីៗ​នេះ បាន​ក្លាយជា​ច្រក​សេដ្ឋកិច្ច​ដ៏​សំខាន់​សម្រាប់​រដ្ឋ​ជា​សមាជិក​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នានា ជាពិសេស​កិច្ច​ព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​និង​តំបន់ (RCEP) ដ៏​ធំ​ចុងក្រោយ​គេ​នេះ​។ បន្ថែម​ពីនេះ​អង្គការ​តំបន់​មួយ​នេះ មាន​យន្ត​ការជជែក និង​សន្ទនា​ជាច្រើន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក ដើម្បី​ធានា​ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់ និង​សកល​។

លោក​ គិន ភា សង្កត់ធ្ងន់​ថា​៖ «​តាមរយៈ​យន្តការ និង​ការរៀបចំ​របស់​អង្គការ​អាស៊ាន​នេះ វា​បានធ្វើ​ឱ្យ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​សារៈសំខាន់​នៅក្នុង​ក្រសែភ្នែក​ប្រទេស​មហាអំណាច ដែល​នៅពេល​ដែល​គេ​និយាយ​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ពី​ឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ាន ឬ​អាស៊ីអាគ្នេយ៍​របស់​យើង វា​ក្លាយ​ទៅជា​មជ្ឈមណ្ឌល​ដ៏សំខាន់​ដែល​គេ​មិនអាច​មើល​រំលង​បាន»។​

​ជាមួយគ្នានេះ លោក​យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់ថា ដំណើរការ​នៃ​ការ​បង្កើត​អង្គការ តំបន់​អាស៊ាន​នេះ ឆ្លងកាត់​ដំណាក់​កាល​ចំនួន​២ គឺ​ទី ១ ដំណាក់កាល​សង្គ្រាម​ត្រជាក់ និង​ទី ២ គឺ​ដំណាក់កាល​សកល​ភាវូបនីកម្ម។

​នៅ​ដំណាក់កាល​ទី​១ អាស៊ាន​មានតែ ៥ ប្រទេស​ហើយ​ដែល​នៅមាន​និន្នាការ​រើសអើង​ប្រទេស​ដទៃ ដែល​មាន​របប​នយោបាយ​ផ្ទុយ​ពី​ខ្លួន ខណៈ​ស្ថានការណ៍​ប្រកួត​ប្រជែង​រវាង​លោក​សេរី និង​លោក​កុម្មុយនីស្ត ទោះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ដូចគ្នា​ក្តី​។ នៅ​ដំណាក់កាល​ទី​២ វិញ ក្នុង​លម្ហ​សកល​ភាវូបនីយនីស្ត អាស៊ាន​បើកចំហ​ទទួល​យក​ប្រទេស​ក្នុងភូមិ​សាស្ត្រ​ដូចគ្នា​ជា​សមាជិក​ដែល​ក្លាយជា​សមាជិក​ចំនួន​១០ ក្នុង​ឆ្នាំ ១៩៩៩​។ សម្រាប់​លោក​យង់ ពៅ ដែលជា​អ្នក​ជំនាញ​ភូមិសាស្ត្រ​នយោបាយ បញ្ជាក់​ថា ទោះបីជា​អាស៊ាន​រង​នូវ​វិបត្តិ​ប្រឈម​នានា​ក្តី អង្គការ​តំបន់​នេះ​បាន​ដោះស្រាយ​បញ្ហា​ទាំងនោះ​ស្របតាម​ធម្មនុញ្ញ​អាស៊ាន ដែល​យក​ការ​ឯកភាព​គ្នា ឬ​កុងសង់ស៊ីស​ជាសំខាន់។​

​លោក​បញ្ជាក់ថា​៖ «​វា​មាន​ភាព​-​ចាំបាច់​ណាស់​ដែល​កម្ពុជា​ចូលរួម​ក្នុង​អង្គការ​តំបន់​អាស៊ាន​ដើម្បី​ធ្វើ​សមាហរណកម្ម​ខ្លួនឯង ក្នុង​តំបន់ និង​ពិភពលោក ដែល​យើង​មិនអាច​រស់នៅ​តែឯង​បានទេ​។ វា​បានផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ទាំង​ក្នុង​ទិដ្ឋភាព​នយោបាយ និង​ទិដ្ឋភាព​សេដ្ឋកិច្ច ទោះបី​អង្គការ​តំបន់​នេះ នៅមាន​បញ្ហា ប្រឈម​ខ្លះៗ​ក្តី ប៉ុន្តែ​វា​បានផ្តល់​ផល​ប្រយោជន៍​ច្រើន​ជាង​គុណវិបត្តិ»។​

​បច្ចុប្បន្ននេះ​អាស៊ាន​បាន​គ្រប​ដណ្តប់​លើ​ផ្ទៃដី​សរុប ៤ ៤៧៩២១០,៥ គីឡូម៉ែត្រ​ក្រឡា ដែល​មាន​ប្រជាជន​ប្រមា​ណង ៦៨០ លាន​នាក់ (​ស្ថិតិ​ឆ្នាំ​២០២២) មាន​សមាជិកភាព ១០ ប្រទេស​នេះ តែង​ផ្លាស់ប្តូរ​វេន​គ្នា​ធ្វើជា​ប្រធាន​ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​វិលជុំ ក្នុង​រយៈពេល ១ ឆ្នាំ​ម្តង​។ អាស៊ាន​បានក្លាយ​បន្តិច​ម្ដងៗ​ទៅជា​ដៃគូ​ពិភាក្សា​ជាប្រចាំ ជាមួយ​មហា​អំណាច​នានា​លើ​លោក រាប់ទាំង​បងធំ​ទី ១ អាមេរិក បងធំ​ទី២ ​​ចិន បង​ទី៣ រុស្ស៊ី អឺរ៉ុប ជប៉ុន កូរ៉េ អូស្ត្រាលី និង​ឥណ្ឌា ជាដើម​។ ទៅ​ថ្ងៃមុខ​អាស៊ាន​ក៏​ទំនងជា​នឹង​ក្លាយ​ជាទី​ចាប់​អារម្មណ៍​សម្រាប់​ប្រទេស​ផ្សេងទៀត តួយ៉ាង​ដូចជា​បណ្តា​ប្រទេស​នៅ​តំបន់​អហ្រ្វិក​ឬ​អាមេរិក​ឡាទីន​ផង​ក៏​អាច​ថា​បាន​។ ទោះយ៉ាង​ណា យន្តការ​អាស៊ាន ជា​យន្ត​ការដែល​ជជែក​គ្នា​រហូត មិនសូវ​ជា​បាន​ផល​ជា​ផ្លែផ្កា​ដុំកំភួន លើ​ដំណោះស្រាយ​នានា​ឡើយ៕